ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ពេជ្រ ស្រស់​៖ បេក្ខជន​ឃុំ​-​សង្កាត់ បក្ស​យុវជន​កម្ពុជា មានចិត្ត​ដូច​ផែនដី និង​ស្មោះត្រង់​
15, May 2017 , 7:19 pm        
រូបភាព
ដោយ:
គណបក្ស​យុវជន​កម្ពុជា បាន​បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន ១៩ ក្នុងចំណោម​ឃុំ​-​សង្កាត់​នៅ​ទូទាំងប្រទេស​ចំនួន ១៦៤៦ ។ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​ថ្លែងថា គណបក្ស​លោក បានកំណត់​លក្ខខណ្ឌ​បេក្ខជន​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ គឺ​ត្រូវ​មានចិត្ត​ដូចជា​ផែនដី និង​មានចិត្ត​ស្មោះត្រង់​ជួយ​ដល់​ប្រជាជន និង​ប្រទេសជាតិ​។



​សូម​អាន​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ពេជ្រ ស្រស់​ខាងក្រោម​៖

​លោក ជា ធី​រិ​ទ្ធ​៖ គណបក្ស​លោក បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ ចំនួន ១៩ ឃុំ​-​សង្កាត់​។ តើ​គណបក្ស​លោក បានកំណត់​នូវ​លក្ខណៈសម្បត្តិ​អ្វីខ្លះ ដើម្បី​សម្រេច​ជ្រើសរើស​បេក្ខជន​ទាំងនោះ​ឲ្យ​ឈរឈ្មោះ​? ហើយ​ហេតុអ្វី​គណបក្ស​យុវជន​កម្ពុជា មាន​បេក្ខជន​ឈរឈ្មោះ​តិច​?

​លោក ពេជ្រ ស្រស់​៖ ទី ១ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ សង្កាត់​របស់​យើង ត្រូវមាន​ចំណេះដឹង​វិជ្ជមាន គឺមាន​ចំណេះដឹង​ប្រកបដោយ​សមធម៌ មានន័យថា ប្រើ​ចំណេ​ដឹង​របស់ខ្លួន​ដោយ​មិន​ប្រកាន់​បក្សពួកនិយម ព្រមទាំង​មិន​យក​ចំណេះដឹង​របស់ខ្លួន​ទៅ​គាបសង្កត់​ដល់​ជនទន់ខ្សោយ និង​ជន​អវិជ្ជា​។ ទី ២ ត្រូវមាន​ជំនាញ​ពិតប្រាកដ​មួយ បើ​បេក្ខជន​មេឃុំ​នីមួយៗ​មាន​ជំនាញ​ពិតប្រាកដ​ហើយ​នោះ គឺ​ការអភិវឌ្ឍ នៅក្នុង​ឃុំខ្លួន​នឹង​រីកចម្រើន​ដោយ​មិនចាំបាច់​ថ្នាក់លើ​ដាក់​បញ្ជា​។ ទី ៣ ត្រូវមាន​ចិត្តជា​ផែនដី ដោយហេតុ​ផល​ថា នៅពេល​ខ្លួន​ជាប់​ជា​មេឃុំ បុគ្គល​នោះ ត្រូវធ្វើ​ខ្លួន​ជា​អ្នកបម្រើ​ពលរដ្ឋ​គ្រប់​និន្នាការ​ដែល​រស់នៅក្នុង​មូលដ្ឋាន​។ ទី ៤ ត្រូវជា​មនុស្ស​ឈឺឆ្អាល​សុខទុក្ខ​របស់​អ្នកដទៃ ពីព្រោះថា មេឃុំ ជា​អ្នក​សង្គ្រោះ​ដោយផ្ទាល់​ដល់​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​។ ទី ៥ ត្រូវ​មានចិត្ត​ស្មោះត្រង់​ជាមួយ​ជាតិ និង​ពលរដ្ឋ​របស់ខ្លួន​ទើប​ជាតិ​មាន​ភាគ​រីកចម្រើន​និង​ពលរដ្ឋ​មាន​សេចក្តីសុខ​។​

​ចំពោះ​សំណួរ​ទាក់ទង​នឹង​គណបក្ស​យុវជន​កម្ពុ​ជាមាន​បេក្ខជន​ឈរឈ្មោះ​តិច​ឃុំ ដោយហេតុថា បងប្អូន​ពលរដ្ឋ​នៅមាន​ការភ័យខ្លាច​លើ​វិស័យ​នយោបាយ ហើយ​បងប្អូន មួយចំនួនទៀត​ពួកគាត់​ជួប​ផល​លំបាក​រឿង​កិច្ចការ​ប្រកបមុខរប​រ ពីព្រោះ ពួកគាត់​ខ្លាច​ការរើសអើង​ពី​អាជ្ញាធរ ហើយ​មាន​ផលប៉ះពាល់​ដល់​មុខរបរ​របស់​ពួកគាត់ ដូច្នេះហើយ​ទើប​គណបក្ស​យុវជន​កម្ពុ​ជាមាន​បេក្ខជន​ឈរ ឈ្មោះ​ក្រុមប្រឹក្សាឃុំ​បាន​តិច​ដូច្នេះ​។​

​លោក ជា ធី​រិ​ទ្ធ៖ តើ​គណបក្ស​លោក​មាន​លក្ខណៈពិសេស​ខុសពី​បក្ស​ដទៃ​ដូចម្តេច​?

​លោក ពេជ្រ ស្រស់​៖ គណបក្ស​យុវជន​កម្ពុ​ជាមាន​ភាព​ខុសប្លែក​ពី​គណបក្ស​ដទៃ គឺមាន​បី​ចំនុច​៖ ទី​១ គណបក្ស​យើង​មិន​សន្យា​ជាមួយ​ម្ចាស់ឆ្នោត ប៉ុន្តែ​ធ្វើ​ការងារ​សង្គ្រោះ​ម្ចាស់ឆ្នោត​ច្រើនជាង​ការសន្យា​ខ្យល់​។ ចំនុច​ទី​២ គណបក្ស​យុ​វន​កម្ពុ​ជាមាន​គោលការណ៍​សង្គ្រោះ​ម្ចាស់ឆ្នោត​គ្រប់​និន្នាការ​នយោបាយ ដោយ​មិន​ប្រកាន់​បក្ខពួកនិយម​។ ទី​៣ ចាត់ទុក​គ្រប់​បញ្ហា​របស់​ម្ចាស់ឆ្នោត គឺជា​ទុក្ខ​កង្វល់​របស់​ក្រុមការងារ​គណបក្ស​យុវជន​កម្ពុជា ហើយ​ចូលរួម​ដោះស្រាយ​គ្រប់​កាលៈទេសៈ​ជូន​ម្ចាស់ឆ្នោត​។​

​លោក ជា ធី​រិ​ទ្ធ​៖ តើ​បញ្ហា​ធំ​បំផុត​អ្វីខ្លះ (​អាច​ចំនួន ៣ ឬ​៤) ដែល​គណបក្ស​លោក​នឹង​ដោះស្រាយ​មុនគេ បន្ទាប់ពី​បេក្ខជន​របស់​បក្ស​លោក​ជាប់ឆ្នោត​ជា​មេឃុំ​ឬ​ចៅសង្កាត់​?

លោក ពេជ្រ ស្រស់​៖​បញ្ហា​ធំៗ ដែល​គណបក្ស​យុវជន​កម្ពុជា​នឹង​ដោះស្រាយ​មុនគេ​ក្រោយ​គណបក្ស​ជាប់ឆ្នោត​ជា​មេឃុំ គឺ​យើងខ្ញុំ​នឹង​ដោះស្រាយ​បញ្ហា ៣ ចំណុច​មុនគេ​។ ទី​១ សម្រួល​ការងារ​ដាំ​ដុះ​ផលិតផល​កសិកម្ម​ខ្នាតតូច និង​មធ្យម ហើយ​រក​ទីផ្សារ​ជូន​ពួកគាត់​។ ទី​២ គឺ​ធ្វើ​ការងារ​ស្តា​ប្រព័ន្ធធារាសាស្ត្រ​ឡើងវិញ ដើម្បី​ឲ្យ​បងប្អូន​កសិករ​មានឱកាស​ធ្វើស្រែ​យ៉ាងហោចណាស់​២​ដង ក្នុង​មួយឆ្នាំ​។ ទី​៣ មេឃុំ​របស់​គណបក្ស​យុវជន​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ជួបជុំ​ជា មួយ​ពលរដ្ឋ​រៀងរាល់​១​ខែម្តង ដើម្បី​ផ្សព្វផ្សាយ​ពី​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង គោលបំណង​បញ្ចប់​ភាព​រើសអើង​គ្នា​លើ​វិស័យ​នយោបាយ​៕


Tag:
 ពេជ្រ ស្រស់​
  បក្ស​យុវជន​កម្ពុជា​
  បោះឆ្នោត​ឃុំ​-​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com