ជាតិ
សេដ្ឋកិច្ច
កម្ពុជា​រក្សា​កំណើនសេដ្ឋកិច្ច ៧​ភាគរយ នៅក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨
15, May 2017 , 9:59 pm        
រូបភាព
លោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ រូបថត AKP
លោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ រូបថត AKP
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​អាចនឹងទទួល​បាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP)  ៧ ភាគរយ នៅក្នុង​ឆ្នាំ ២០១៧ និង​ឆ្នាំ​២០១៨ ដែលជា​កំណើន​រឹងមាំ​ដូច​បណ្ដា​ឆ្នាំមុនៗ​ដែរ​។ នេះ​បើតាម​របាយការណ៍​ម៉ាក្រូសេដ្ឋកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន​។​



​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ព្យាករ​ពី​វិស័យ​ធំៗ​ទាំងបី ដែលជា​មូលដ្ឋាន​សម្រាប់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ​។ បើតាម​របាយការណ៍រ​បស់​ក្រសួង​សេដ្ឋកិច្ច វិស័យ​កសិកម្ម​អាច​នឹង​សម្រេចបាន​កំណើន​ប្រមាណ ១,៩៦ ភាគរយ​នៅ​ឆ្នាំ​២០១៧ និង ១,៩៩ ភាគរយ​នៅ​ឆ្នាំ​២០១៨  ដោយសារ​កត្តា​អាកាសធាតុ​អំណោយផល និង​ការបង្កើន​ចំណាយ​របស់​រដ្ឋាភិបាល​លើ​វិស័យនេះ​។

​របាយការណ៍​ដដែល​ប​ន្ត​ទៀតថា វិស័យ​ឧស្សាហកម្ម​អាច​នឹងមាន​កំណើន​ប្រមាណ ១០,៦៦​ភាគរយ​នៅ​ឆ្នាំ​២០១៧ និង​ថមថយ​បន្តិច​មក​នៅត្រឹម ១០,១១ ភាគរយ ដោយសារតែ​ព្រឹត្តិការណ៍​បោះឆ្នោត​សកល​ដែល​ធ្វើ​ឲ្យ​ស្ទាក់ស្ទើរ​ក្នុងការ​វិនិយោគ និង​ការ​ថមថយ​នៃ​សេដ្ឋកិច្ច​ប្រទេស​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ប៉ុន្តែ​នឹងត្រូវ​ជួយ​បំពេញបន្ថែម​ដោយ​កំណើន​ផលិតកម្ម​ក្នុងស្រុក​។ វិស័យ​កាត់ដេរ និង​វិស័យ​សំណង់​មាន​កំណើន​ថមថយ​បន្តិច តែ​បំពេញបន្ថែម​ដោយ​វិស័យ​មិនមែន​កាត់ដេរ ដូច​ម្ហូបអាហារ និង​ភេសជ្ជៈ​, គ្រឿង​បង្គុំ​អេ​ឡិច​ត្រូវ​និ​ច គ្រឿងបន្លាស់ និង គ្រឿង​សង្ហា​រឹម​ជាដើម​។​

​ចំពោះ​វិស័យ​សេវាកម្ម​អាច​នឹងមាន​កំណើន​ប្រមាណ ៦,៥៣ ភាគរយ​នៅ​ឆ្នាំនេះ និង ៦,៦៦​ភាគរយ​នៅ​ឆ្នាំក្រោយ ដោយសារ​កំណើន​នៃ​វិស័យ​ទូរគមនាគមន៍ និង​លក់ដុំ​និង​លក់រាយ ទោះបី​វិស័យ​អចលនទ្រព្យ និង​វិស័យ​ទេសចរណ៍​ថមថយ​ក្ដី​។​

​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា ក្របខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា នៅ​បន្ត​មាន​ស្ថិរភាព និង​កាន់តែ​រឹងមាំ​។ លោក​បន្តថា​៖«​ជាក់ស្ដែង យើង​បាន​គ្រប់គ្រង​អត្រា​អតិផរណា​ឲ្យ​ស្ថិតក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ពោលគឺ​ប្រមាណ ៣,៥ ភាគរយ​ក្នុង​ឆ្នាំ​២០១៧ នេះ និង​ប្រមាណ ៣,៨ នៅក្នុង​ឆ្នាំ​២០១៨ ទោះបី​ថ្លៃ​ប្រេង និង​ម្ហូបអាហារ​មានការ​កើនឡើង​បន្តិច​ក្ដី​»​។

​របាយការណ៍​ខាងលើ​បានលើកឡើង​ទៀតថា សេដ្ឋកិច្ចកម្ពុជា​ក៏​ប្រឈម​ហានិភ័យ​ចម្បងៗ​ពី​ក្រៅប្រទេស​ដូចជា ការ​រឹតបន្តឹង​គោលនយោបាយ​រូប​បិ​យ​វត្ថុ​របស់​សហរដ្ឋអាមេរិក​។ ភាពមិនប្រាកដប្រជា​នៃ​គោលនយោបាយ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​អាមេរិក​។ ការចាកចេញ​របស់​អង់គ្លេស និង​ភាពមិនច្បាស់លាស់​នៃ​តំបន់​អឺរ៉ុប​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា​។ ការ​ថមថយ​សេដ្ឋកិច្ច​ចិន​។ ការ​ងើបឡើង​នៃ​តម្លៃ​ប្រេង​។ និង​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ភេ​វក​ម្ម និង​បញ្ហា​សន្តិសុខ​សកល​៕


Tag:
 GDP
  កំណើនសេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com