ជាតិ
ក្រោយ​ឯកឧត្តម កឹម សុខា មក​កម្ពុជា​វិញ បក្សប្រឆាំង នឹង​រើស​អនុប្រធាន​ម្តងទៀត​
15, May 2017 , 5:46 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់មាន​អនុប្រធាន ដែល​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ នោះទេ​។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ ចាំបាច់​ត្រូវតែ​ជ្រើសរើស​អនុប្រធាន​សាជាថ្មី នៅពេល​ឯកឧត្តម កឹម សុខា វិល​មកពី​បរទេស​វិញ​។



​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​កិច្ចប្រជុំ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ដើម្បី​ជ្រើសរើស​អនុប្រធាន​គណបក្ស​សាជាថ្មី​។ ការបើក​កិច្ចប្រជុំ​ក្នុង​គណៈកម្មាធិការ​នាយ​ក គឺធ្វើឡើង​ក្រោយពី​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ចប់​បេសកកម្ម​នៅឯ​សហរដ្ឋអាមេរិក ហើយ​ត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧​។ នេះ​បើតាម​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។

​លោក យឹម សុវណ្ណ បញ្ជាក់ថា លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ដែល​បច្ចុប្បន្ន ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តែ​មិនទាន់​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ នឹង​ឈរឈ្មោះ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​។ លោក អះអាងថា ក្រៅពី​អ្នក​ទាំងបី​ខាងលើ គឺ​ពុំមាន​ឥស្សរជន​នយោបាយ​ណា​ផ្សេង ចង់​ឈរឈ្មោះ​ជា​បេក្ខជន​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។

​លោក យឹម សុវណ្ណ បាន​សរសើរ​គណបក្ស​របស់ខ្លួន​ដូច្នេះ​ថា​៖«​យើង ឥតមាន​ចង់​ដណ្តើម​តំណែង​គ្នា​ទេ​។ អ្នកណា មាន​តួនាទី​អ្វី គឺ​បំពេញ​តួ​នា​តី​នោះ​។ យើង ស្រុះស្រួល​គ្នា​ណាស់​»​។​

​មូលហេតុ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចាំបាច់​ត្រូវ​ជ្រើសរើស​អនុប្រធាន​សាជាថ្មី គឺ​ដោយសារតែ​ក្រសួងមហាផ្ទៃ មិន​ព្រម​ទទួលស្គាល់​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្រសួងមហាផ្ទៃ លើក​ហេតុផល​ថា គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ខុស​នឹង​លក្ខន្តិកៈ​គណបក្ស​ខ្លួនឯង ក្នុងការ​ជ្រើសរើស​អនុប្រធាន​ទាំងបី​រូប​ខាងលើ​។ 

​ដើម្បី​បញ្ចៀស​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​សម្រេច​រៀបចំ​សមាជ​វិសាមញ្ញ ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​លក្ខន្តិកៈ​គណបក្ស​។ នៅ​ទីបំផុត ក្រសួងមហាផ្ទៃ ក៏​ទទួលស្គាល់​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ការ ដែល​ក្រសួងមហាផ្ទៃ ទទួលស្គាល់​នូវ​លក្ខន្តិកៈ​ថ្មី​នេះ គឺជា​ការបើកផ្លូវ​ឲ្យ​អ្នក​ទាំងបី​រូប​ខាងលើ ក្លាយជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ពេញលក្ខណៈ​៕


Tag:
 CNRP
  រើស​អនុប្រធាន​
© រក្សាសិទ្ធិដោយ thmeythmey.com