ជាតិ
បក្សប្រឆាំង ស្នើសុំ​ឲ្យ​បើកផ្លូវ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ហែ​ក្បួន​ឃោសនាបោះឆ្នោត​
16, May 2017 , 2:24 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧​នេះ ជុំវិញ​ការហាមឃាត់​មិន​ឲ្យ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត លើ​កំណាត់​ផ្លូវ​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ​។



​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ថា គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​គ​.​ជ​.​ប ពិភាក្សា​ជាមួយនឹង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​លុបចោល​វិញ ចំពោះ​បម្រាម ដែល​មិន​ឲ្យ​មានការ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត លើ​កំណាត់​ផ្លូវ​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ឃើញថា ប្រជាពលរដ្ឋ​នៅតាម​បណ្តោយ​ផ្លូវ​ហ្នឹង​ច្រើន ហើយ​ពួកគាត់ ក៏មាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ពី​គណបក្សនយោបាយ​ដែរ​។ អ៊ីចឹង​គួរតែ​បើក​ឲ្យ​ទូលាយ​។ យើង សង្ឃឹមថា (​នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន​)  ព្រោះ​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ អត់​មាន​ភាព​ហួសហេតុ​ទេ​។ វា គឺជា​គំនិត​និង​ការ​ផ្តល់យោបល់ ក្នុង​គោលបំណង​ជៀសវាង​ការ​ប្រឈម​ដាក់គ្នា ឬ​ការប៉ះទង្គិច​គ្នា នៅពេល​ឃោសនាបោះឆ្នោត​»​។​

​បើតាម​លោក យឹម សុវណ្ណ ជំនួប​រវាង​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​គ​.​ជ​.​ប គឺ​គ្រប់គ្រាន់​ហើយ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ចាំបាច់​ទៅ​ពិភាក្សា​ពី​បញ្ហា​នេះ បន្ថែមទៀត ជាមួយនឹង​សាលា​រាជធានី​ភ្នំពេញ នោះទេ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ស្នើសុំ​ឲ្យ​គណបក្ស​នានា អាច​ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ ដើម្បី​បញ្ជូន​សារ​នយោបាយ និង​គោលនយោបាយ ទៅដល់​ប្រជាពលរដ្ឋ នៅតាម​ផ្សារ ឬ​ទីប្រជុំជន​។ ចំពោះ​សំណើ​នេះ គ​.​ជ​.​ប មិន​ជំទាស់​នោះទេ​។ ទាំងនេះ គឺជា​ការអះអាង​របស់​លោក យឹម សុវណ្ណ ដដែល​។

​ចំណែកឯ សំណើ ដែល​សុំ​កុំ​ឲ្យ​ហាមឃាត់ ក្នុងការ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត លើ​កំណាត់​ផ្លូវ​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ គ​.​ជ​.​ប មិនទាន់​ផ្តល់​ចម្លើយ​ភ្លាមៗ នោះទេ​។ លោក សោម សូ​រី​ដា អគ្គលេខាធិការរង​នៃ​គ​.​ជ​.​ប ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ដែរនោះ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​យ៉ាងខ្លី​ថា សំណើ​នេះ គ​.​ជ​.​ប សម្រេច​យកទៅ​ពិចារណា​ហើយ ហើយនឹង​ផ្តល់​ចម្លើយ​នៅពេល​ក្រោយ​។

​ថ្មីៗ​នេះ សាលា​រាជធានី​ភ្នំពេញ បានដាក់​សំណើ​ទៅកាន់ «​គណៈកម្មការ​រាជធានី​ភ្នំពេញ រៀបចំ​ការបោះឆ្នោត​» ដើម្បី​សុំ​ឲ្យ​ហាមឃាត់​ក្នុងការ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត លើ​កំណាត់​ផ្លូវ​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ ដូចជា កំណាត់​ផ្លូវ នរោត្តម កំណាត់​ផ្លូវ ម៉ៅ សេទុង និង​កំណាត់​ផ្លូវ កម្ពុជា​ក្រោម ជាដើម​។ ចំណែកឯ ផ្លូវ​សហព័ន្ធរុស្ស៊ី គឺ​សាលា​រាជធានី​ភ្នំពេញ សុំ​មិន​ឲ្យ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត ទាំងស្រុង​តែម្តង​។

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ធ្លាប់​លើកឡើងថា ការហាមឃាត់​នេះ គឺ​ដើម្បី​ធានា​សណ្តាប់​ធ្នាប់ និង​សម្រួល​ចរាចរ ក្នុងអំឡុង​នៃ​ការ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​។

​សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោត នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២0 ខែឧសភា ដល់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២0១៧៕


Tag:
 បោះឆ្នោត​
  ឃោសនាបោះឆ្នោត​
  CNRP
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com