កីឡាជាតិ
ជាតិ
កីឡា​ទាញព្រ័ត្រ​រៀបចំ​ជើងឯក​ជាតិ​ដើម្បី​បង្ហាញ​សក្តានុពល មុន​ដាក់សំណើរ​ធំៗ​៣​ទៅ​ក្រសួង​អប់រំ​
16, May 2017 , 7:19 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​នឹង​រៀបចំ​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧ ជា​លើកដំបូង ដើម្បី​បង្ហាញ​ពី​សក្តានុពល​របស់​សហ​ព័ន្ធ មុន​ដាក់សំណើរ​ធំៗ​ចំនួន​៣​ទៅកាន់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២២ ខែឧសភា ដោយមាន​ក្លិប​-​សមាគម​ប្រមាណ​ជា​២០​មកពី​៨​រាជធានី​-​ខេត្ត​ចូលរួម​។



​កីឡា​ទាញព្រ័ត្រ​ក្រោយ​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ជើងឯក​ជាតិ​ប្រចាំឆ្នាំ​២០១៧ ដើម្បី​បង្ហាញ​សក្តានុពល​ថា ខ្លួន​មាន​ធនធាន និង​បច្ចេកទេស​គ្រប់គ្រាន់​។ ការធ្វើ​បែបនេះ ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស​របស់​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​របស់​សហព័ន្ធ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​។​
 
​ម្យ៉ាងទៀត ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​បានឃើញ​ពី​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​ដែល​មកពី​តាម​បណ្តា​ក្លិប​-​សមាគម​របស់​រាជធានី ខេត្ត​ដែល​ចំណុះ​សហព័ន្ធ​។ ការបង្ហាញ​នេះ ព្រោះ​សហព័ន្ធ​គ្រោង​ដាក់សំណើរ​ទៅកាន់​ក្រសួង​អប់រំ យុវជន និង​កីឡា​សុំ​បញ្ចូល​កីឡា​ទាញព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​, សុំ​ការប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ និង​រៀបចំ​ជើងឯក​អាស៊ីអាគ្នេយ៍​។ នេះ​បើតាម​ការអះអាង​របស់​លោក មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​។



​លោក​បាន​បន្តថា ប្រសិនបើ​ក្រសួង​អប់រំ យុវជន និង​កីឡា​យល់ព្រម​នូវ​សំណើរ​នេះ កីឡា​ទាញព្រ័ត្រ​នឹងមាន​ការរីកចម្រើន​កាន់តែខ្លាំង​ទាំង​ផ្នែក​បច្ចេកទេស និង​ធនធានមនុស្ស​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ «​ខ្ញុំ​គិតថា សំណើ​ទាំងនេះ ពិតជា​ផ្តល់​ផលចំណេញ​ច្រើន​ដល់​សហព័ន្ធ​យើង ក្នុងការ​ពង្រីក​សមត្ថ​ភាព បច្ចេកទេស និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ឲ្យ​កាន់តែ​រី​កច​ម្រើ​សម្រាប់​ឈាន​ឆ្ពោះទៅ​ជោគជ័យ​នា​ឆ្នាំ​២០២៣»​។ នេះ​ជា​អះអាង​របស់លោក មាស សារិន​។​

​គួរ​បញ្ជាក់ថា ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០១៧ មាន​ក្លិប​-​សមាគមន​ចំនួន​២០​មកពី ខេត្តកំពត​, កណ្តាល​, សៀមរាប​, ព្រៃវែង​, ស្ទឹងត្រែង​, ស្វាយរៀង​, កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ​ចូលរួម​។ ការប្រកួត​បែងចែក​ចេញ​ជា​៤៧​ក្រុម មាន​កីឡាករ​កីឡាការិនី​សរុប​៤៧០​នាក់ ដោយ​អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួត​លើ​៥​វិញ្ញាសា គឺ​បុរស​-​នារី​អាយុ​ក្រោម​២៣​ឆ្នាំ​, បុរស​-​នារី​អាយ​លើ​២៣ និង​ចម្រុះ​បុរស​នារី​អាយុ​លើ​២៣​ឆ្នាំ​។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧៕

Tag:
 ទាញព្រ័ត្រ​
  មាស សារិន​
  ជើង​ថ្នាក់ជាតិ​ឆ្នាំ​២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com