កីឡាជាតិ
ជាតិ
គុន​ល្បុក្កតោ​ត្រូវបាន​ដាក់បញ្ចូល​ក្នុងកម្ម​វិធី​សិក្សាអប់រំ​កាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​
17, May 2017 , 1:44 pm        
រូបភាព
ដោយ:
​កីឡា​វប្បធម៌​ប្រពៃណី​ដែលជា​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ គុន​ល្បុក្កតោ​ត្រូវបាន​ដាក់​ប​ញ្ជូ​ល​ក្នុង​កម្មវិធី​សិក្សាអប់រំ​កាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្រិត​អនុវិទ្យាល័យ​(​ទី​៧, ទី​៨ និង​ទី​៩)​។ នេះ​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។



​ដើម្បី​អភិវឌ្ឍន៍ និង​អភិរក្ស​កីឡា​គុន​ល្បុក្កតោ ដែលជា​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ​ឲ្យ​មានការ​រីកចម្រើន និង​ស្ថិតស្ថេរ​គង់វង្ស​ជា​និរន្ត​ន៍ ក្រសួង​អប់រំ យុវជន និង​កីឡា​បានសម្រេច​ដាក់​កីឡា​វប្បធម៌​ប្រពៃណី​មួយ​នេះ ក្នុង​កម្មវិធី​សិក្សាអប់រំ​កាយ​កម្រិត​អនុវិទ្យាល័យ​នៅតាម​សាលា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​។​

​តែ​យ៉ាងណា លោក មិនទាន់​ដឹង​ពី​ពេលវេលា​ជាក់លាក់​ក្នុងការ​ដាក់​ឲ្យ​អនុវត្តន៍​នៅឡើយ​ទេ គ្រាន់តែ​អះអាងថា នឹងដាក់​ឲ្យ​អនុវត្តន៍​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​សង្កត់ធ្ងន់ថា កត្តា​សំខាន់ គឺ​ត្រូវ​បណ្តុះបណ្តាល​ជំនាញ​គុន​ល​ល្បុក្កតោ​ដល់​គ្រូ​ទៅតាម​សាលា​ទាំង​២៥​ខេត្ត​-​ក្រុង​ឲ្យ​ចេះ​ជាមុនសិន ទើប​ដាក់​ឲ្យ​អនុវត្តន៍​បាន​។  



«​កម្មវិធី​នឹង​គឺ​អាស្រ័យ​លើ​ការ​មាន​គ្រូ​គ្រប់គ្រាន់ នៅពេលណា​ដែល​យើង​មាន​គ្រូបង្ហាត់​នៅតាម​សាលា​អប់រំ​កាយ​គ្រប់គ្រាន់ និង​ចេះ​បង្ហាត់​ត្រឹមត្រូវ​ហើយ​បាន​យើង​ចាប់ផ្តើម តាម​ការកំណត់​របស់​ក្រសួង​អប់រំ អ៊ីចឹង​យើង​រង់ចាំ​តាម​ការកំណត់​របស់​ក្រសួង​អប់រំ​ថា ឆ្នាំក្រោយ ឬ​ឆ្នាំក្រោយ​ទៀត​។ ប៉ុន្តែ​អ្វី​សំខាន់​ជាងគេ​គឺ​យើង​បណ្តុះបណ្តាល​គ្រូ​សិន ដូច្នេះ​យើង​មិនទាន់​ដឹង​ច្បាស់លាស់​ចាប់ផ្តើម​នៅពេលណា តែ​វា​ជាការ​ដាក់​វិធានការ​តាមផ្លូវ​ច្បាប់ ដែល​យើង​អាច​អនុវត្តន៍​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក វ៉ា​ត់ ចំរើន​៕ 


Tag:
 ល្បុក្កតោ​
  វ៉ា​ត់ ចំរើន​
  កម្មវិធីសិក្សា​អប់រំ​កាយ
© រក្សាសិទ្ធិដោយ thmeythmey.com