កីឡាជាតិ
ជាតិ
ទោះបី​ប៉ូលិស​ចាញ់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ២-១ ក្នុង​ជើង​ទី​២ ប៉ុន្តែ​ក្រុម​នេះ​ឡើងទៅ​កាន់​ដំណាក់កាល​បន្ត​
18, May 2017 , 1:48 pm        
រូបភាព
ដោយ:
​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​បាន​យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) ២-១ នា​ជំនួប​ជើង​ទី​២​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ នៅលើ​ទឹកដី​របស់ខ្លួន​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​លទ្ធផល​នេះ​បាន​ត្រឹម​បន្សល់​ភាព​សោកស្តាយ​សម្រាប់​ក្រុម​វេ​ស្ទើ​ន​តែប៉ុណ្ណោះ ព្រោះ​ក្រុមប៉ូលិស​ជា​អ្នក​ឡើងទៅ​កាន់​ដំណាក់កាល​ទី​៤​ក្នុង​លទ្ធផល​ឯកច្ឆន្ទ​ទាំងពីរ​ជើង ៣-២​។ ចំណែក​ក្រុម​អគ្គិសនី​បាន​លត់​ក្រុម​សៀមរាប​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ១៥-០ ខណៈ​ស្វាយរៀង​យកឈ្នះ​ព្រៃវែង ៩-៧ ដើម្បី​ឡើងទៅ​កាន់​ដំណាក់កាល​បន្ត​ផងដែរ​។



​ទោះបី​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​បាន​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​យកឈ្នះ​ក្រុមប៉ូលិស ២-១ ក្នុង​ជើង​ទី​២​កាលពី​ម្សិលមិញ​ក៏ដោយ ប៉ុន្តែ​ក្រុម​នេះ​មិនអាច​បន្ត​ឱកាស​ក្នុងដំណាក់កាល​បន្ត​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ នោះឡើយ​។ ក្រោយ​ចាញ់​ក្រុមប៉ូលិស ២-០ ក្នុង​ជើង​ទី​១​បានធ្វើ​ឲ្យ​វេ​ស្ទើ​ន​ភ្នំពេញ​ធ្លាក់​ចេញពី​ការប្រកួត​ត្រឹម​ដំណាក់កាល​ទី​៣​នេះ​តែម្តង ខណៈ​ក្រុមប៉ូលិស​ឡើងទៅ​កាន់​ដំណាក់កាល​ទី​៤​ជាមួយ​ពិន្ទុ​ឯកច្ឆន្ទ​ទាំងពីរ​ជើង ៣-២​។​



​ចំណែក ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​ក្រុម​អគ្គិសនី​កម្ពុជា​បាន​បន្ត​យកឈ្នះ​ក្រុម​សៀមរាប​ក្នុង​លទ្ធផល ៧-០ នា​ជំនួប​ជើង​ទី​២​កាលពី​ម្សិលមិញ ដូច្នេះ​តាមរយៈ​ការ​ឈ្នះ​កាលពី​ជើង​ទី​១​នៅលើ​ទឹកដី​របស់ខ្លួន ៨-០ បាន​ជួយ​ឲ្យ​ក្រុម​នេះ​ឡើងទៅ​កាន់​ដំណាក់កាល​បន្ត​ជាមួយ​ជ័យជម្នះ ១៥-០​។​

​ដោយឡែក ក្រុម​ព្រៃវែង​ទោះបី​អាច​ប្រើ​ភាពជា​ម្ចាស់ផ្ទះ​យក​ស្មើ ៤-៤ ជាមួយ​ក្រុម​ស្វាយរៀង​ក្នុង​ជើង​ទី​២​កាលពី​ម្សិលមិញ​ក៏ដោយ ប៉ុន្តែ​តាមរយៈ​ការបរាជ័យ ៥-៣ កាលពី​ជើង​ទី​១​ធ្វើ​ឲ្យ​ក្រុម​នេះ​បាត់បង់​ឱកាស​ប្រជែង​ក្នុងដំណាក់កាល​បន្ត​។ ដូច្នេះ​ក្រុម​ស្វាយរៀង​ត្រូវ​ឡើងទៅ​ដំណាក់កាល​ទី​៤​ជាមួយ​ជ័យជម្នះ​សរុប​ទាំងពីរ​ជើង ៩-៧៕  


Tag:
 Hun Sen Cup 2017
  ប៉ូលិស​
  វេ​ស្ទើ​ន​ភ្នំពេញ​
  អគ្គិសនី​កម្ពុជា​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com