កីឡាអន្តរជាតិ
អន្តរជាតិ
AFC Asian Cup៖ AFC លើក​ពេល​ប្រកួត​រវាង​កូរ៉េខាងជើង និង​ម៉ាឡេស៊ី​លើក​ទី​២
18, May 2017 , 4:11 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC) បានប្រកាស​លើក​ពេល​ប្រកួត​រវាង​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងជើង និង​ក្រុម​ម៉ាឡេស៊ី​នៅ​រដ្ឋធានី​ព្យុងយ៉ាង​ជា​លើក​ទី​២ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​ពានរង្វាន់​ប្រចាំ​ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ​២០១៩​។​



​មូលហេតុ​នៃ​ការសម្រេច​លើក​ពេលនេះ ដោយ​សារភាព​តានតឹង​ខាង​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​កំពុងតែ​ឡើង​កំដៅ​ខ្លាំង​។ មួយវិញទៀត សមាគម​កីឡាបាល់ទាត់​ម៉ាឡេស៊ី (FAM) ក៏បាន​សម្តែង​ការមិន​ពេញចិត្ត និង​បាន​ប្តឹង​ទៅនឹង​ការសម្រេច​របស់ AFC ដែល​ធ្លាប់​បានសម្រេច​ឲ្យ​ក្រុម​ទាំងពីរ​នេះ​ធ្វើការ​ប្រកួត​វគ្គ​ជម្រុះ​ពាន AFC Asian Cup ឆ្នាំ​២០១៩ នា​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​រដ្ឋធានី​ព្យូ​ង​យ៉ាងនា​ពេលកន្លងមក​ផងដែរ​។​

​បើតាម​គេហទំព័រ​ផ្លូវការ​របស់ AFC បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៧ ខែឧសភា ការប្រកួត​នេះ​នឹងត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែតុលា ឆ្នាំ​២០១៧​វិញ ដោយមាន​ការសម្រេច​ពី FIFA ថែម​ទៀតផង​។​

​នេះ​ជា​លើក​ទី​២​ហើយ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​បានសម្រេច​លើក​ពេល​ប្រកួត​រវាង​ក្រុម​ម៉ាឡេស៊ី និង​កូរ៉េខាងជើង​។ តាមពិតទៅ​ក្រុម​ទាំងពីរ​ត្រូវ​ប្រកួត​គ្នា​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣​ពានរង្វាន់ AFC Asian Cup នេះ​តាំងពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧​មក​ម្លេះ​។ ប៉ុន្តែ​ដោយសារ​ព្រួយបារម្ភ​អំពី​សុ​ន្តិ​សុខ​របស់​កីឡាករ​ខ្លួន​សមាគមន៍​កីឡាបាល់ទាត់​ម៉ាឡេស៊ី លើកឡើងថា​ការប្រកួត​រវាង​កូរ៉េខាងជើង និង​ម៉ាឡេស៊ី​គួរតែ​ធ្វើឡើង​នៅក្នុង​ទឹកដី​កណ្តាល​ល្អជា​ជាង​ធ្វើ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​។​

​ការព្រួយបារម្ភ​របស់ FAM នេះ​ដោយសារ​កន្លងមក​ម៉ាឡេស៊ី​ធ្លាប់មាន​បញ្ហា​ការទូត​ជាមួយ​កូរ៉េខាងជើង​ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​គីម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​លោក គីម ជុង​អ៊ុន​។​

​ជុំវិញ​ឃាតកម្ម​លើ​លោក​គីម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន កាលពី​ខែកុម្ភៈ​កន្លងទៅ បាន​បង្កឱ្យមាន​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំងពីរ ដោយមាន​ការហាម​ប្រាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើដំណើរ​ចាក​ចេញពី​ប្រទេស ហើយ​ថែមទាំង​មាន​ការដក​ឯកអគ្គរ​ដ្ឋ​ទូត​ចេញ​រៀងៗ​ខ្លួន​ទៀតផង​។​

​សូមបញ្ជាក់ថា ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​នេះ ដើម្បី​បាន​កៅអី​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត​។ ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​នេះ​ចែកចេញជា​៦​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម ដោយ​កូរ៉េខាងជើង និង​ម៉ាឡេស៊ី​ស្ថិ​ន​នៅ​ពូ​ល​B ត្រូវ​ជួប លី​បង់ និង​ហុងកុង​៕


Tag:
 បាល់ទាត់​
  AFC Asian Cup
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com