ជាតិ
អាដហុក ហាក់​លំបាក​ក្នុង​ការសុំ​ចូលជួប​មន្ត្រី​ខ្លួន ដែល​កំពុង​ជាប់ឃុំ ក្នុង​រឿងស្រី​មុំ​
18, May 2017 , 9:39 pm        
រូបភាព
លោក សំ ច័ន្ទគា អ្នកនាំពាក្យសមាគមអាដហុក
លោក សំ ច័ន្ទគា អ្នកនាំពាក្យសមាគមអាដហុក
​ភ្នំពេញ​៖ អស់​រយៈពេល​ជាង​កន្លះ​ខែ​ហើយ សមាគម​អាដហុក បានដាក់​សំណើ​ទៅកាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ចូលជួប​មន្ត្រី​របស់ខ្លួន​ទាំង​៤​រូប រួមទាំង​មន្ត្រី​គ​.​ជ​.​ប ១​រូប​ទៀត ដែល​កំពុង​ជាប់ឃុំ នៅក្នុង​ពន្ធនាគារ​។ ប៉ុន្តែ រហូតមកដល់​ពេលនេះ ចៅក្រម​ស៊ើបសួរ មិនទាន់​ឆ្លើយតប​នឹង​សំណើ​របស់​សមាគម​អាដហុក នោះទេ​។



​មន្ត្រី​សមាគម​អាដហុក បាន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ ដើម្បី​សួរ​ព័ត៌មាន ជុំវិញ​សំណើសុំ​ចូលជួប​មន្ត្រី​សមាគម​អាដហុក​ទាំង​៤​រូប រួមទាំង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ១​រូប ដែល​កំពុង​ជាប់ឃុំ ក្នុង​ព​ន្ធា​នាគារ ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ​។ លោក សំ ច័ន្ទ​គា អ្នកនាំពាក្យ​សមាគម​អាដហុក បាន​ប្រាប់​សារ​ព័ត​មាន​ថ្មីៗ យ៉ាង​ដូច្នេះ តាម​ប្រព័ន្ធ​ទូរ​សព្ទ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២0១៧​នេះ​។

​ពេល​ទៅ​សួរ មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​យ៉ាងខ្លី​ថា សំណើ​របស់​សមាគម​អាដហុក ដែល​សុំ​ចូលជួប​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប ពី​ថ្នាក់លើ​នោះទេ​។ មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​បញ្ជាក់​នោះទេ ថា​មូល​ហេតុអ្វី បានជា​ថ្នាក់លើ នៅតែ​មិនទាន់​ឆ្លើយតប​នឹង​សំណើ​របស់​សមាគម​អាដហុក​។ ទាំងនេះ គឺជា​ការលើកឡើង​រប​ស់លោក សំ ច័ន្ទ​គា ដដែល​។

​អ្នកនាំពាក្យ​សមាគម​អាដហុក​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ទៅ​សួរ​គេ គេ​ប្រាប់ថា​ថ្នាក់លើ​មិនទាន់​ឲ្យ​សញ្ញា​។ គេ​ប្រាប់​តែ​ប៉ុណ្ណឹង គេ​អត់​ប្រាប់​ហេតុផល​អ្វី​ផ្សេង​ទេ​។ មិនដឹងថា​ថ្នាក់លើ​ហ្នឹង គេ​ចង់​សំដៅលើ​ចៅក្រម​ស៊ើបសួរ ឬក៏​អ្នកនយោបាយ​ណា​ទេ​»​។

​លោក សំ ច័​ន្ធ​គា លើកឡើងថា ការ​ទៅ​សួរ​នេះ គឺ​ដោយសារតែ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​មិន​ឆ្លើយតប​នឹង​សំណើ​របស់​សមាគម​អាដហុក  ដែល​បានដាក់ តាំងពីដើម​ខែឧសភា ឆ្នាំ​២0១៧​មក​។​

​លោក ធ្លាប់​លើកឡើងថា វា ជាការ​បំពាន​សិទ្ធិ​របស់​ពិរុទ្ធជន ឬ​ជន​ត្រូវ​ចោទ ប្រសិនបើ​មិន​ឲ្យ​ពួកគេ ជួប​ក្រុមគ្រួសារ សាច់ញាតិ ឬក៏​មិត្តភក្តិ​។  លោក ធ្លាប់​អះអាង​ទៀតថា តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ពន្ធនាគារ រួមទាំង​ស​ទ្ធិ​សញ្ញា​អន្តរជាតិ​នានា ពិរុទ្ធជន ឬ​ជន​ត្រូវ​ចោទ មាន​សិទ្ធិ​ជួប​ក្រុមគ្រួសារ សាច់ញាតិ ឬក៏​មិត្តភក្តិ​របស់ខ្លួន​។

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់​ឆ្លើយតប​នោះទេ ចំពោះ​បញ្ហា​ខាងលើ ដោយ​លោក ប្រាប់ថា កំពុងតែ​ស្ថិត​នៅឯ​បរទេស​។

​សូម​រម្លឹកថា មន្ត្រី​សមាគម​អាដហុក​៤​រូប រួមមាន​លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការរង គ​.​ជ​.​ប លោក នី ចរិយា បាន​ជាប់ឃុំ​អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​។ មន្ត្រី​សមាគម​អាដហុក រង​ពីបទ​ចោទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប រង​ពីបទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ អ្នក​ទាំងនេះ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​ស្រីមុំ តាំងពី​ឆ្នាំ​២0១៦ មកម្ល៉េះ​៕


Tag:
 អាដហុក​
  គជប​
  ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com