ជាតិ
បទយកការណ៍ / បទសម្ភាសន៍
 ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា ទទូច​ចង់​រៀបការ​ស្របច្បាប់
20, May 2017 , 5:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា បានស្នើ​ឲ្យ​ក្រសួងយុត្តិធម៌ ជួយ​កែសម្រួល​ច្បាប់​អាពាហ៍ពិពាហ៍ ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​រៀបការ​ជាមួយគ្នា​បាន​ដោយ​ស្របច្បាប់​។ ឯ​តំណាង​ក្រសួង​យុត្ត​ធម៌ បាន​អះអាងថា មុននឹង​ចេញ​ច្បាប់​នេះ គឺ​ត្រូវមាន​ការសិក្សា​ឲ្យ​បាន​លម្អិត​ជាមុនសិន ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​ចំពោះ​ពលរដ្ឋ​ទូទៅ ដែល​អាច​កើតឡើង​ពី​ការកែប្រែ​ច្បាប់​នេះ​។

 


​កាលពី​ថ្ងៃទី​១៧ ខែឧសភា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា រួមមាន​៖​បុរស​ស្រឡាញ់​បុរស នារី​ស្រឡាញ់​នារី បានមក​ជួបជុំគ្នា ដើម្បី​ចូលរួម​កិច្ចពិភាក្សា​ស្វែងរក​ការគាំទ្រ​សប្តាហ៍​មោទនភាព និង​ទិវា​អន្តរជាតិ​ប្រឆាំង​ការរើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ក្នុង​រាជធានី​ភ្នំពេញ​។  

​ទន្ទឹមនឹង​ចំនួន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា បាន​កើនឡើង​រហូត​ជាង​៦​ពាន់​គូ​នៅ​កម្ពុជា ពួកគេ​ក៏បាន​ចងក្រង​គ្នា ដើម្បី​ធ្វើ​យុទ្ធនាការ ឬ​តស៊ូ​មតិ​គ្រប់​រូបភាព ដើម្បី​ទាមទារ​សិទ្ធិ​របស់ខ្លួន និង​កែប្រែ​ផ្នត់គំនិត​ពលរដ្ឋ​នៅ​កម្ពុជា កុំ​ឲ្យ​មានការ​រើសអើង​ពួកគេ​បន្តទៀត​។ លើសពីនេះ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ក៏​ស្នើ​ឲ្យ​ក្រសួងយុត្តិធម៌ ជួយ​ធ្វើ​វិសោធនកម្ម​ច្បាប់​អាពាហ៍ពិពាហ៍ ដើម្បី​ឲ្យ​ពួកគេ​អាច​រៀបការ​ជាមួយគ្នា​បាន​ផងដែរ​។



​លោក ឈុំ វី ជនបង្គោលបណ្ដាញចតុមុខBC បាន​និយាយថា បច្ចុប្បន្ន ការរើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា ត្រូវបាន​កាត់បន្ថយ​បាន​ខ្លះ​ដែរ ប៉ុន្តែ សិទ្ធិ​មួយចំនួនទៀត លោក និង​មិត្តភក្តិ មិនទាន់​ទទួលបាន​នៅឡើយ​ទេ​។​

​លោក វី ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដែរនោះ និយាយ​បែបនេះ​ថា​៖«​ខ្ញុំ​ខំ​ទាមទារ​ឲ្យ​មានច្បាប់​រៀបការ ពីព្រោះ ពួកគេ រួមទាំង​ខ្ញុំ​ផង ក៏​ជាម​នុស្ស​ដែរ​។ បើ​មនុស្ស​ស្រី​ប្រុស​គេ​អាច​រៀបការ​បាន ចុះ​ហេតុអ្វី​ច្បាប់​ព្រងើយកន្តើយ​ជាមួយ​ពួក​ខ្ញុំ​»​។

​ដៃ​ម្ខាង​ស្ពាយ​ការ​បូ​ប និង​មាន​សក់វែង​ផង​នោះ អ្នក​ខេត្តព្រៃវែង​រូបនេះ បាន​ត្អួ​ញ​ត្អែ​រថា បច្ចុប្បន្ន​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មិនអាច​រស់នៅ​ជាមួយគ្នា​ដោយ​ស្របច្បាប់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មាន​ផល​លំបាក​ជាច្រើន​។ លោក ឈុំ វី បញ្ជាក់​យ៉ាង​ដូច្នេះ​ទៀតថា​៖«​បើ​ប្រុស​ស្រី​ធម្មតា គេ​អាចមាន​កូនចិញ្ចឹម​ពេល​ខ្លួន​ចាស់ តែ​ពួក​ខ្ញុំ​ពេល​ចាស់​ទៅ គ្មាន​កូនចិញ្ចឹម​នោះទេ ព្រោះ ពួក​ខ្ញុំ​មាន​ភេទ​ដូចគ្នា​មិនអាច​បង្កើតកូន​បានទេ ប៉ុន្តែ​បើ​ច្បាប់​ទទួលស្គាល់​ឲ្យ​យើង​អាច​រៀបការ​បាន យើង​នឹងមាន​សិទ្ធិ​សុំ​កូនកំព្រា​ដទៃ មក​ចិញ្ចឹម​បាន​»​។      

​ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ ដែល​ចូល​ជា​ធរមាន​កាលពី ឆ្នាំ ១៩៨៩ ត្រង់​ជំពូក​ទី​២ មាត្រា ៣ បាន​ចែងថា​៖«​អាពាហ៍ពិពាហ៍ គឺជា​កិច្ចសន្យា​ដ៏​ឱឡារិក​មួយ ធ្វើឡើង​ដោយ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ដែល​ប្តេជ្ញា​ថា ខ្លួន​និង​រួម​សមគ្គសង្វាស​ជាមួយគ្នា​តាម​បញ្ញត្តិ​ច្បាប់ ហើយ​ដែល​មិនអាច​រំលាយ​ទៅវិញ​បាន​តាម​ទំនើងចិត្ត​របស់ខ្លួន​»​។ 

​លោក ស្រ៊ុន ស្រ៊ន ប្រធាន​អង្គការ​អនាគត​យុវជន​អាស៊ាន ដែល​ធ្វើ​ការងារ​លើកកម្ពស់​សិ​ទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជាង​១២​ឆ្នាំ​មកហើយ​នោះ បាន​ថ្លែងថា បច្ចុប្បន្ន អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុ​ជាមាន​ជាង​៦​ពាន់​គូ​។ តាម​ការស្រាវជ្រាវ​រប​ស់​អង្គការ​មួយ​នេះ ដែល​កំណត់​យក អ្នក​ដែល​រស់នៅ​ជាមួយគ្នា​អស់​រយៈ​១០ ឆ្នាំ​ឡើងទៅ បាន​រកឃើញថា ជាទូទៅ ពួកគេ​មិន​ត្រូវបាន​ឪពុកម្តាយ​ទទួលស្គាល់​ឡើយ ព្រមទាំង​រង​គំនាប​ពី​គ្រួសារ ដោយ​គ្រួសារ​ខ្លះ បាន​ចាប់ចង ស្រោច​ទឹក និង​បញ្ចូល​ទៅ​ព្យាបាល​នៅ​វៀតណាម​ជាដើម ដោយ​យល់ថា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា គឺជា​មនុស្ស​ឆ្កួត​។ «​ឪពុកម្តាយ​ក៏​មិន​ទទួលស្គាល់ ច្បាប់​ក៏​មិន​ការពារ ដូច្នេះ បើ​នៅតែ​រង់ចាំ​រដ្ឋធម្មនុញ្ញ​ដូរ តើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ទាំង​៦​ពាន់​គូ រស់នៅ​យ៉ាងម៉េច​? ពួកគេ​មានការ​លំបាក​ខ្លាំងណាស់ ដែល​រស់នៅ​ក្នុងសង្គម​មួយ​ដែល​គ្មាន​ច្បាប់​ការពារ​»​។ 

​លោក តេង សុ​ម៉ា​រិ​ទ្ធ តំណាង​ក្រសួងយុត្តិធម៌ ដែល​មក​ចូលរួម​ក្នុង​កម្មវិធី​ខាងលើនេះ បាន​ថ្លែងថា នៅក្នុង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ លិខិតឆ្លងដែន សៀវភៅ​គ្រួសារ និង​សំបុត្រកំណើត  គឺមាន​តែ​ភេទ​ប្រុស​និង​ភេទ​ស្រី​។ លោក​បន្ថែមថា ច្បាប់​អាពាហ៍ពិពាហ៍ ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អាច​រៀបការ​បានដែរ​។  លោក​ពន្យល់ថា ច្បាប់​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​រៀបការ​បាន គឺជា​ឧបសគ្គ​នៃ​ការសុំ​កូន​ទៅ​ចិញ្ចឹម  និង​ការចែក​ទ្រព្យសម្បត្តិ​គ្នា​ផងដែរ​។  លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បើសិនជា​ចង់​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នៅ​កម្ពុជា​អាច​ទៅមុខ​រួច ទាល់តែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ជាច្រើន​»​។  

​សូម​ស្តាប់​ការពន្យល់​របស់លោក តេង សុ​ម៉ា​រិ​ទ្ធ ខាងក្រោម​នេះ​៖  




​ទាក់ទង​នឹង​បញ្ហា​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងថា ការកែប្រែ​ច្បាប់​នេះ គឺ​មិនមែនជា​ការងាយស្រួល​ឡើយ ពីព្រោះ ត្រូវ​កែ​រដ្ឋធម្មនុញ្ញ​មុន រួច​កែ​ច្បាប់​ផ្សេងៗ​ទៀត​។ លោក​រដ្ឋមន្ត្រី បន្តថា ដ្បិត​មិនទាន់​មានច្បាប់​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​អាច​រៀបការ​បាន ប៉ុន្តែ រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ការពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជាច្រើន​ឆ្នាំ​មកហើយ​។

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កន្លងមក ក្រសួង​ព័ត៌មាន​ធ្វើ​សេចក្តីណែនាំ​មួយ​ដល់​ស្ថានីយទូរទស្សន៍ និង​វិទ្យុ​ទាំងអស់ កុំ​ឲ្យ​ពិធីករ ឬ​ពិធីការនី និយាយ​ចំអក​ឡកឡាយ​ដល់​ភេទ​ទី​៣​។ ក្នុងនោះ ក្រសួង​ក៏បាន​បង្កើត​គណៈកម្មកា​រ​មួយ​សម្រាប់​ពិនិត្យ និង​ទទួល​ពាក្យបណ្តឹង ពីព្រោះ បើ​ពលរដ្ឋ​ស្តាប់ឮ​ពិធីករ​ណាមួយ បង្អាប់​ចំអក​ឲ្យ​ភេទ​ទី​៣ គណៈកម្មការ​នេះ នឹង​ទទួលដំណឹង​របស់​ពួកគាត់ ដើម្បី​ណែនាំ អប់រំ ឬ​ហាម​មិន​ឲ្យ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ទៀត​»៕   



Tag:
 អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​
 ​ ច្បាប់​អា​ពិពាហ៍​ពិពាហ៍​
© រក្សាសិទ្ធិដោយ thmeythmey.com