ជាតិ
សុវត្តិភាព ចរាចរណ៍
ភាពខុសគ្នា​រវាង ផ្លូវថ្នល់ ផ្លូវ​ជនបទ ផ្លូវ​ខេត្ត និង​ផ្លូវជាតិ
22, May 2017 , 7:19 pm         14115
រូបភាព
​ប្រជាជន​ខ្មែរ​មួយចំនួន ដែល​កំពុងតែ​ធ្វើ​ចរាចរណ៍​ឬ​ធ្វើដំណើរ​នៅលើ​ដង​វិថី និង​ផ្លូវ​គ្រប់​ប្រភេទ​នៅ​ទីសាធារណៈ ក្នុង​ទីក្រុង ទីប្រជុំជន តាម​ខេត្ត និង​ជនបទ មិនទាន់​បានដឹង​និយមន័យ​ច្បាស់​ទេ​ថា ផ្លូវថ្នល់ ផ្លូវ​ជនបទ ផ្លូវ​ខេត្ត និង​ផ្លូវជាតិ ខុសគ្នា​យ៉ាងដូចម្តេច​?


​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក មាត្រា​៤ ឆ្នាំ​២០១៥ បាន​ឲ្យ​និយមន័យ ផ្លូវ​ទាំងនោះ ដូចខាងក្រោម​៖

​ផ្លូវថ្នល់ គឺ​សំដៅ​ដល់​ទំហំ​ទាំងមូល​រួមមាន តួ​ផ្លូវ ទ្រូងផ្លូវ ជាយ​ផ្លូវ ឫ​ចិញ្ចឹម​ផ្លូវ ស្ពាន ស្ពាន​អាកាស ស្ពាន​រំលង ផ្លូវ​រូង និង​កំពង់ចម្លង​ត​ភ្ជាប់​ផ្លូវថ្នល់​។​

​ផ្លូវជាតិ សំដៅ​ដល់​ផ្លូវ​ដែល​ចរាចរណ៍​ច្រើន ពោលគឺ​ទី ១ ផ្លូវ​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​នីមួយៗ​នៅ​ទូទាំងប្រទេស​។ ទី ២ ផ្លូវ​ភ្ជាប់​ចេញពី​ទីក្រុង​នៃ​ខេត្ត​មួយ ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​មួយទៀត​។ ទី ៣ ផ្លូវ​ភ្ជាប់​ពី​ចេញពី​ផ្លូវជាតិ ឆ្ពោះទៅកាន់​ផ្លូវជាតិ​។ ទី ៤ ផ្លូវ​បែងចែក​ពី​ផ្លូវជាតិ ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​មួយ​។ ទី ៥ ផ្លូវបែក​ពី​ផ្លូវជាតិ ឬ​ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះទៅកាន់​តំបន់​សំខាន់ៗ ដូចជា កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណី​ដ្ឋា​ន​ទេសចរណ៍ ច្រកទ្វារព្រំដែន តំបន់​មាន​សក្ដានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ផ្សេងៗ​ទៀត​។​

​ផ្លូវ​ខេត្ត សំដៅ​ដល់​ផ្លូវ​ដែលមាន​ចរាចរណ៍​មធ្យម ដូចជា ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ ឆ្ពោះទៅកាន់​ទីរួមស្រុក ខណ្ឌ ផ្លូវបែក​ចេញពី​ផ្លូវជាតិ ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត​ឬ​ក្រុង​ឆ្ពោះទៅកាន់​ទីរួមស្រុក ខណ្ឌ ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​ខេត្ត​មួយ ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត និង​ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ក្រុង ឬ​ផ្លូវ​ប្រជុំជន​នានា​ក្នុង​ខេត្ត​ទៅកាន់​តំបន់​សំខាន់ៗ​ដូចជា កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន​ទេសចរណ៍ ច្រកព្រំដែន​ទ្វេភាគី តំបន់​មាន​សក្ដានុពល​សេដ្ឋកិច្ច​មធ្យម​ផ្សេងទៀត​។​

​ផ្លូវ​ជនបទ សំដៅ​ដល់​ផ្លូវ​ដូចតទៅ ទី ១  ផ្លូវ​ដែល​ភ្ជាប់​ពី​ផ្លូវជាតិ ផ្លូវ​ខេត្ត ឆ្ពោះទៅកាន់​ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជន​ឃុំ សង្កាត់ និង​ភូមិ ។ ទី ២ ផ្លូវ​ដែល​ភ្ជាប់​ពី​ក្រុង ទីរួមស្រុក ខណ្ឌ ឆ្ពោះទៅកាន់​ក្រុង ទីរួមស្រុក ខណ្ឌ      ទី ៣ ផ្លូវ​ដែល​ភ្ជាប់​ពី​ក្រុង  ទីរួមស្រុក ខណ្ឌ ទីប្រជុំជន​ឃុំ សង្កាត់ ទី ៣ ផ្លូវ​ដែល​ភ្ជាប់​ពី ទីប្រជុំជន​ឃុំ សង្កាត់ ទៅ​សង្កាត់ ទី ៤ ផ្លូវ​ដែល​ភ្ជាប់ ពី​ទីប្រជុំជន​ឃុំ សង្កាត់ ទៅ​ភូមិ និង​ទី ៥ ផ្លូវ​ដែល​ភ្ជាប់ ពី​ភូមិ ទៅ​ភូមិ -​ផ្លូវ​ក្នុងភូមិ​។​

Tag:
 ច្បាប់​-​ចរាចរណ៍​-​ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង