កីឡាអន្តរជាតិ
អន្តរជាតិ
ដើម្បី​គ្រួសារ Big Sam សម្រេច​លាលែង​តំណែង​គ្រូបង្វឹក​ពី Crystal Palace
24, May 2017 , 4:50 pm        
រូបភាព
​លោក Sam Allardyce ហៅ Big Sam បានប្រកាស​លាលែង​ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Crystal Palace បន្ទាប់ពី​ដឹកនាំ​ក្រុម​ក្នុង​ក្របខណ្ឌ Premier League នេះ​អស់​រយៈពេល​៥​ខែ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន  របស់​ក្លិប​កាលពី​ថ្ងៃទី​២៣ ខែឧសភា​។​



Big Sam បាន​ចូលរួម​ជាមួយ Crystal Palace ដោយ​ចុះកិច្ចសន្យា​២​ឆ្នាំកន្លះ ដើម្បី​ជំនួស​តំណែង Alan Pardew កាលពី​ខែធ្នូ​កន្លងមក ខណៈដែល​ក្រុម​នេះ​កំពុងស្ថិត​លើ​ក្រុម​ដែល​ត្រូវ​កាត់ចោល​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​។​

​ក្នុង​វ័យ​៦២​ឆ្នាំ អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បានតែ​មួយ​ប្រកួត​នេះ បាន​ជួយ​ឲ្យ​ក្រុម​ដែលមាន​រហស្សនាម​ឥន្ទ្រី ឈ្នះ​៨​លើក ក្នុងចំណោម​២១​ប្រកួត​ចុងក្រោយ ឈរ​នៅ​ចំណាត់​ទី​១៤​ក្នុង​តារាង​ពិន្ទុ​របស់ Premier League រដូវ​កាល​នេះ​។

​ហេតុផល​ជុំវិញ​ការចាកចេញ​របស់​អ្នកដឹកនាំ​សញ្ជាតិ​អង់គ្លេស​នេះ​បាន​បញ្ជាក់ថា លោក​លែងមាន​មហិច្ឆតា​ដើម្បី​ដឹកនាំ​ក្រុម​ណា​ទៀតហើយ​នៅពេលនេះ​។

Allardyce បន្ថែមទៀតថា​៖«​ខ្ញុំ​ចង់​មាន​ពេល​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន និង​គ្រួសារ នៅពេលដែល​ខ្ញុំ​នៅមាន​សុខភាព​ល្អ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ ដូចជា​ដើរលេង​លំហែកាយ ចំណាយពេល​ជ​មួយក្រុម​គ្រួសារ និង​ចៅៗ​ដោយ​គ្នាន​សម្ពាត​ការងារ​ធ្ងន់ធ្ងរ​ដូចជា​ការងារ​ជា​អ្នកដឹកនាំ​បាល់ទាត់​នេះ​។ នេះ​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ​ចាកចេញ​»​។​

​សូមបញ្ជាក់ថា អតីត​អ្នកចាត់ការ​ក្រុម Bolton និង Blackburn​នេះ ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បានតែ​៦៧​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ចាក​ចេញពី Sunderland​។ ជាមួយនឹង​ការលាលែង​ពី Crystal Palace មានន័យថា Big Sam នៅសល់​កិច្ចសន្យា​រហូតដល់​ទៅ​២​ឆ្នាំ​ទៀត​ឯណោះ​៕


Tag:
 បាល់ទាត់​
  Sam Allardyce
  Crystal Palace
© រក្សាសិទ្ធិដោយ thmeythmey.com