អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យ៉ាង​​ហោច​​​​ម្នាក់​​ស្លាប់ និង​​ច្រើ​​ននា​​ក់រ​​បួ​​​​សក្នុង​​ក​​រណីបំផ្ទុះ​​គ្រាប់បែ​​កនៅរដ្ឋ​​​ធានី​​ហ្សា​​ការតា
24, May 2017 , 11:15 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ: ថ្មីៗ
 យ៉ាង​ហោចណាស់​មនុស្សម្នាក់​ស្លាប់ ​និង​មនុស្ស​ជាច្រើ​ននាក់ផ្សេងទៀត​រងរបួស ក្នុងករណីផ្ទុះគ្រាប់​បែកពីរ​គ្រាប់​ផ្ទួនៗ​នៅ​ស្ថានីយ៍រថយន្ត​មួយ​នៅភាគខាងកើតរដ្ឋធានីហ្សាការតា​នៅយប់​ម៉ោង ៩ ថ្ងៃពុធទី ២៤​ ឧសភានេះ។  បើតាម​​ទីភ្នាក់ងារព័ត៌មាន Reuters អ្នកស្លាប់មានប៉ូលិសម្នាក់ ហើយ​ម្នាក់ទៀតដែល​ស្លាប់​ដែរនោះ​ជា​ជនសង្ស័យ​ដែលជាអ្នកបំផ្ទុះគ្រាប់បែក​អត្តឃាត។


ប៉ូលិសឥណ្ឌូណេស៊ី បានបញ្ជាក់នៅយប់​ថ្ងៃទី ២៤  ឧសភាថា ជនសង្ស័យជា​អ្នក​បំផ្ទុះ​គ្រាប់​បែកអត្ថឃាត និងមន្ត្រីប៉ូលិសម្នាក់ងារ​បាន​ស្លាប់​ក្នុងករណី​បំផ្ទុះគ្រាប់នៅ​ស្ថានីយ៍រថយន្តនៅភា​គខាងកើត​រដ្ឋ​ធានីហ្សាការ​តា​។

បើតាមទីភ្នាក់ងារ​ព័ត៌មាន Reuters ដដែល ក្រៅពី​អ្នកស្លាប់ មនុស្សជាច្រើន​នាក់ផ្សេងទៀត​ក៏បានរង​របួស​ដោយសារករណីបំផ្ទុះគ្រាប់​នេះផងដែរ។ ជនរងគ្រោះទាំងអស់នោះត្រូវបាន​គេ​​នាំ​យកទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​រួច​រាល់ហើយ​បន្ទាប់ពីមាន​ឧបទ្ទវហេតុនេះកើតឡើង។

ករណីបំផ្ទុះគ្រាប់បែក​នៅកណ្តាលរដ្ឋ​ធានីហ្សាការតា​នេះ កើតឡើង​មួយថ្ងៃក្រោយពេលដែល​ក្រុមភេរវជន Maute ជាក្រុមប្រកាស​ភក្តី​ភាព​ចំពោះក្រុម​ភេរវជនដែស្ហ (Desh) ឬក្រុមភេរវជន​រដ្ឋឥស្លាម​នៅក្រុង Marawi នៅកោះ​មិនដាណាវ​ប្រទេសហ្វីលីពីន បើក​ការប្រយុទ្ធគ្នា​ជាមួយកងកម្លាំង​រដ្ឋាភិបាល​។ យ៉ាងប៉ូលិសម្នាក់និងទាហានពីរនាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នានេះ។

ដោយឡែក​ ប្រទេស​ម៉ូូស្លីមធំបំផុត​លើពិភពលោក​នេះខ្វល់ខ្វាយខ្លាំងពី​ចលនា​ភេរវកម្មនិងការ​កើនឡើងនៃចលនា​ជ្រុលនិយម​ដែល​ជាប់ពាក់ព័ន្ធក្រុម​ភេរវជន​រដ្ឋឥស្លាមឬក្រុម​ដែស្ហ។ ហើយអ្វីដែលគួរឲ្យ​កត់សម្គាល់នោះ ការ​វាយប្រហារភេរវកម្មម្នាក់ៗបែបនេះ​កើតឡើង​ញឹកញាប់បំផុត​នៅឥណ្ឌូណេស៊ី ចាប់ពីឆ្នាំ ​២០១៦មក។ ខែមករាឆ្នាំ ២០១៦ ក្រុមប្រដាប់អាវុធបួននាក់ដែល​ប្រកាសភក្តីភាព​ចំពោះក្រុមភេរវជនដែស្ហបានអុកឡុកទីក្រុងហ្សាការតាដោយប្រើប្រាស់​កាំភ្លើងនិង​គ្រាប់បែក​ដើម្បីធ្វើសកម្មភាព​។ ការវាយប្រហារ​នេះបាន​ធ្វើឲ្យមនុស្ស ប្រាំបីនាក់ស្លាប់រួមទាំងក្រុមភេរវជនទាំង​បួននាក់ផងដែរ៕ 


© រក្សាសិទ្ធិដោយ thmeythmey.com