អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង បន្ថយ​ការចំណាយ​ផ្ទាល់ខ្លួន ដើម្បី​ទុក​លុយ​ជួយ​ពលរដ្ឋ​ក្រីក្រ​
25, May 2017 , 8:19 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (រូបភាព Xinhua)
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (រូបភាព Xinhua)
​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទើប​ចូលកាន់​តំណែង លោក មូ​ន ចេ​អ៊ី​ន បាន​បង្គាប់​ឲ្យ​ខុទ្ទកាល័យ​របស់លោក កាត់បន្ថយ​កញ្ចប់​ទឹកប្រាក់​សម្រាប់​ការចំណាយ​របស់​ក្រុមគ្រួសារ​ប្រធានាធិបតី​។ មន្ត្រី​ខុទ្ទកាល័យ​លោក មូ​ន ចេ​អ៊ី​ន និយាយថា លុយ​ទាំងនោះ​បង្វែរ​ទៅជា​ការឧបត្ថម្ភ​ក្នុងការ​បង្កើត​ការងារ និង​ជួយ​គាំទ្រ​ប្រជាជន​ដែល​ត្រូវ​បោះបង់​វិញ​។ ការបង្កើត​ការងារ គឺជា​គោលនយោបាយ​សំខាន់​របស់លោក មូ​ន ចេ​អ៊ី​ន តាំងពី​ពេល​ឃោសនា​មក​។​



​លេខា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទទួលបន្ទុក​កិច្ចការ​ទូទៅ លោក Lee Joung-do និយាយថា លោក មូ​ន ចេ​អ៊ី​ន នឹង​ឈប់​ចំណាយលុយ​រដ្ឋ​សម្រាប់​ការប្រើប្រាស់​ក្នុង​ក្រុមគ្រួសារ​របស់​ទៀតហើយ ដោយ​យកលុយ​ទាំងនោះ​ទៅ​បង្កើត​ការងារ​វិញ​។ មន្ត្រី​ដដែល​នេះ​និយាយទៀតថា ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​ចំណាយលុយ​ផ្ទាល់ខ្លួន​សម្រាប់​អាហារ​ក្នុង​ក្រុមគ្រួសារ​, ការទិញ​ទំនិញ និង​កម្មវិធី​ឯកជន​ផ្សេងទៀត ប៉ុន្តែ​សម្រាប់​ការងារ​ផ្លូវការ ការចំណាយ​នឹង​ប្រើប្រាស់​លុយ​រដ្ឋាភិបាល​ដ​ដែល​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Lee Joung-do បញ្ជាក់ថា នេះ​ជាការ​តាំងចិត្ត​របស់លោក​ប្រធានាធិបតី​ដើម្បី​បែង​ចែង​ឲ្យ​ដាច់​រវាង​សកម្មភាព​ដែល​អាច​ទូទាត់​ដោយ​លុយ​ប្រជាជន និង​សកម្មភាព​ដែល​មិនអាច​។ លោក​បន្តថា ចាប់ពីពេលនេះ​តទៅ វិមាន​ប្រធានាធិបតី Cheong Wa Dae នឹងមិន​ផ្ដល់​លុយ​ទៅ​ឲ្យ​ក្រុមគ្រួសារ​លោក មូ​ន ចេ​អ៊ី​ន ទៀតឡើយ​។​

​ប្រភពព័ត៌មាន​ខាងលើ​ផ្សាយ​ដែរ​ថា ថវិកា​សម្រាប់​សម្មភាព​ពិសេស​របស់​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៧ នេះ មាន​ចំនួន ១៦.១​ពាន់​លាន​វ៉ុ​ន ស្មើនឹង ១៤.៤​លាន​ដុល្លារ​។ បើ​គិត​នៅត្រឹម​ខែឧសភា ថវិកា​នេះ​នៅសល់​ចំនួន ១២.៦​ពាន់​លាន​វ៉ុ​ន ស្មើនឹង ១១.២​លាន​ដុល្លារ​។ វិមាន​ប្រធានាធិបតី​នឹង​ចំណាយលុយ​ចំនួន​៥៨​ភាគរយ​នៃ​លុយ​ដែល​នៅសល់ ខណៈដែល​លុយ​ចំនួន ៤២​ភាគរយ​ទៀត​នឹង​បង្វែរ​ទៅជា​ការបង្កើត​ការងារ​សម្រាប់​យុវជន​ជំនាន់​ក្រោយ និង​ទុក​ជួយ​ប្រជាជន​ក្រីក្រ​។​

​ជាមួយគ្នានេះ វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Cheong Wa Dae ក៏​គ្រោង​កាត់បន្ថយ​ថវិកា​សម្រាប់ ការចំណាយ​ក្នុង​ឆ្នាំ​២០១៨ ដែរ​។ បើតាម​គម្រោង ចំនួន​ថវិកា​សម្រាប់​ចំណាយ​នឹង​បន្ថយ​ដល់​ទៅ ៣១​ភាគរយ​ឯណោះ​។ ទន្ទឹមគ្នានេះ លោក មូ​ន ចេ​អ៊ី​ន ថែមទាំង​ពិចារណា​រើ​កន្លែងធ្វើការ​ពី​វិមាន​ប្រធានាធិបតី មកកាន់​ការិយាល័យ​សាធារណៈ​ផងដែរ ព្រោះ​លោក​យល់ថា ការធ្វើការ​ក្នុង​វិមាន Cheong Wa Dae ធ្វើ​ឲ្យ​លោក​នៅ​ដាច់ដោយឡែក​ពី​ប្រជាជន​។​

​តាមពិតទៅ ការកាត់បន្ថយ​ថវិកា​ចំណាយ​សម្រាប់​គ្រួសារ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់លោក មូ​ន ចេ​អ៊ី​ន សំដៅ​លើកកម្ពស់​ជីវភាព​s​នៅ​របស់​ប្រជាជន​។ កាលពីពេល​ស្បថ​ចូលកាន់​តំណែង លោក មូ​ន ចេ​អ៊ី​ន ដែលមាន​ជំហរ​នយោបាយ​ទន់ភ្លន់​បាន​សន្យាថា​នឹង​ធ្វើជា​ប្រធានាធិបតី​ដ៏​កក់ក្ដៅ​សម្រាប់​ប្រជាជន​ទាំងអស់ និង​ធ្វើជា​មិត្ត​នៅ​គ្រា​លំបាក​។ លោក ក៏​ប្រកាស​ដោះស្រាយ​បញ្ហា​ពុករលួយ​ក្នុងស្រុក ដែល​ក្រុមហ៊ុន​ធំៗ​មាន​ឥទ្ធិពល​ខ្លាំង​លើ​អ្នកនយោបាយ​៕


Tag:
 ​កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com