អន្តរជាតិ
ភ្នាក់ងារ​សន្តិសុខ​៖ បណ្តាញ​ក្រុម​ភេរវជន​IS នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ហ្សា​ការ​តា​
26, May 2017 , 9:44 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម Jammah Ansharut (JAD) ដែលជា​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh)  ឬ​ក្រុម​រដ្ឋ​ឥស្លាម​ស៊ី​រី​និង​អ៊ីរ៉ាក់ អាចជា​ក្រុម​ដែល​នៅ​ពីក្រោយ​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​យប់​ថ្ងៃ​ពុធ​ទី ២៤ ឧសភា​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា ដែល​ឆក់យក​ជីវិត​ប៉ូលិស​បីនាក់​។  នេះ​បើតាម​ការបញ្ជាក់​របស់​ស្ថាប័ន​សន្តិសុខ​ឥណ្ឌូណេស៊ី​ដែលមាន​ភារកិច្ច​ស៊ើបអង្កេត​ករណីនេះ​។​


 
​ស្ថាប័ន​សន្តិសុខ​ឥណ្ឌូណេស៊ី​បានដាក់​បន្ទុក​លើ​ក្រុម ក្រុម Jammah Ansharut (JAD) ដែលជា​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh)  ឬ​ក្រុម​រដ្ឋ​ឥស្លាម ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត​នៅ​យប់​ថ្ងៃ​ពុធ​នៅ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា​។

​សារព័ត៌មាន​សិង្ហ​បុរី​បាន​ស្រង់​សម្តី​មន្ត្រី​សន្តិសុខ​ឥណ្ឌូណេស៊ី​ដែល​បង្ហាញ​អត្តសញ្ញាណ​ថា ជន​បំផ្ទុះ​គ្រាប់បែក​ទាំងពីរ​នាក់​ដែល​ស្លាប់​នោះ​សុទ្ធតែជា​សមាជិក​ក្រុម JAD​។ 

​តាមពិតទៅ​ក្រុម​ប្រដាប់អាវុធ JAD ដែលជា​បណ្តា​ក្រុម​ដែ​ស្ហ​នេះ​ត្រូវបាន​សហរដ្ឋអាមេរិក​ដាក់​ចំណាត់ថ្នាក់​ជា​ក្រុម​ភេរវជន​កាលពី​ខែមករា​ឆ្នាំ ២០១៧​នេះ ហើយ​ក្រុម​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៥ និង​មាន​ទីស្នាក់ការ​នៅ​ឥណ្ឌូណេស៊ី​នេះ​តែម្តង​។ ក្នុងចំណោម​សមាជិក​ក្រុម​នេះ មាន​ក្រុម​ប្រដាប់អាវុធ​ប្រហែល ២០​នាក់​ទៅហើយ​ដែល​បានប្រកាស​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ ដែលមាន​ជន​ជ្រុលនិយម Abu Bakr al-Baghdadi ជា​មេខ្លោង​នោះ​។​

​យោងតាម​ប្រភព​ខាងលើ​ដដែល ក្រុម JAD នេះ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់មេ​ដឹកនាំ​សាសនា​ឥស្លាម Aman Abdurrahman ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ដោយសារ​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​ការវាយប្រហារ​ភេរវកម្ម​កាលពី​ខែមករា​ឆ្នាំ ២០១៦ នៅ​ភាគ​កណ្តាល​ក្រុង​ហ្សា​ការ​តា​ផង​។​

​ពាក់ព័ន្ធ​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​យប់​ថ្ងៃ​ពុធ​ទី ២៤​ឧសភា​នេះដែរ ប្រភព​ភ្នាក់ងារ​សន្តិសុខ​ឥណ្ឌូណេស៊ី​បាន​បង្ហើប​ថា គេ​អាច​កំណត់​អត្ត​សញ្ញា​ជនបង្ក​ទាំងពីរ​នាក់​ហើយ​។ ជនបង្ក​ទីមួយ Ichwan Nurul Salam  ជា​សមាជិក​ក្រុម​ភេរវជន JAD និង​ទី​ពីរ​មាន​ឈ្មោះថា Ahmad Sukri alias Abu Hasan ជា​សមាជិក​ក្រុម​ភេរវជន JAD ប្រចាំ​ក្រុង​បាន​ឌុ​ង​។​

​តាមពិតទៅ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា​នេះ កើតឡើង​មួយថ្ងៃ​ក្រោយ​ពេលដែល​ក្រុម​ភេរវជន Maute ជា​ក្រុម​ប្រកាស​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ (Desh) ឬ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ក្រុង Marawi នៅ​កោះ​មិន​ដា​ណាវ​ប្រទេស​ហ្វីលីពីន បើក​ការប្រយុទ្ធ​គ្នា​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​។ យ៉ាងហោចណាស់​ប៉ូលិស​ម្នាក់​និង​ទាហាន​ពីរ​នាក់​បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​នេះ​។​

 ឥណ្ឌូណេស៊ី​ប្រឈមមុខ​ការអុកឡុក​ពី​សំណាក់​ក្រុម​ប្រដាប់អាវុធ​ឥស្លាម​ជ្រុលនិយម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​ឥណ្ឌូណេស៊ី​រឹតតែ​បារម្ភ​ខ្លាំង​ពី​ចលនា​ភេរវកម្ម​និង​ការកើនឡើង​នៃ​ចលនា​ជ្រុលនិយម​ដែល​ជាប់​ពាក់ព័ន្ធ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​។ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការវាយប្រហារ​ភេរវកម្ម​ម្នាក់ៗ​បែបនេះ​កើតឡើង​ញឹកញាប់​បំផុត​នៅ​ឥណ្ឌូណេស៊ី ចាប់ពី​ឆ្នាំ ២០១៦​មក​។

​ខែមករា​ឆ្នាំ ២០១៦ ក្រុម​ប្រដាប់អាវុធ​បួន​នាក់​ដែល​ប្រកាស​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហបាន​អុកឡុក​ទីក្រុង​ហ្សា​ការ​តា​ដោយ​ប្រើប្រាស់​កាំភ្លើង​និង​គ្រាប់បែក​ដើម្បី​ធ្វើ​សកម្មភាព​។ ការវាយប្រហារ​នេះ​បានធ្វើ​ឲ្យ​មនុស្ស ប្រាំ​បីនាក់​ស្លាប់​រួមទាំង​ក្រុម​ភេរវជន​ទាំង​បួន​នាក់​ផងដែរ​។​

​សូមបញ្ជាក់​បន្តិច​ថា ប្រជាជន​ឥណ្ឌូណេស៊ី​ច្រើនជាង ៥០០​នាក់​បាន​រត់​ចាក​ចេញពី​ប្រទេស​ដើម្បី​ទៅ​ចូលរួម​ក្នុង​សង្គ្រាម​ជី​ហាត​នៅ​ស៊ី​រី​ដោយ​ចូលរួម​ជាមួយ​ក្រុម​ភេរវជន​ដែ​ស្ហ​។ ហើយ​ក្រុម​ប្រដាប់អាវុធ​ជាច្រើន​ដែល​បន្ត​ប្រតិបត្តិការ​នៅ​ឥណ្ឌូណេស៊ី​សុទ្ធសឹងតែ​ជា​ក្រុម​ដែល​បានប្រកាស​បង្ហាញ​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​រួចទៅហើយ​៕



Tag:
 Jammah Ansharut
  ហ្សា​ការ​តា​
  ដែ​ស្ហ​
© រក្សាសិទ្ធិដោយ thmeythmey.com