ជាតិ
ពលរដ្ឋ​ខ្មែរ ៨​នាក់ ត្រូវបាន​បញ្ជូនមក​ក​ម្ពុ​ជា​វិញ ក្រោយ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ​
27, May 2017 , 11:48 am        
រូបភាព
ភ្នំពេញ​៖ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ប្រទេស​ថៃ បាន​អន្តរាគមន៍​សម្របសម្រួល​ឲ្យ​មានការ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ចំនួន ៨​នាក់ ដែល​ត្រូវបាន​ទាហាន​ឈុត​ខ្មែរ​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​លួច​ឆ្លងដែន​ខុសច្បាប់​។ នេះ​បើតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​



ពលរដ្ឋ​ខ្មែរ​ចំនួន ៨​នាក់ ត្រូវបាន​ទាហាន​ឈុត​ខ្មែរ​ថៃ​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​បាន​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ  តាម​ច្រករបៀង​ក្បែរ​ផ្សារ​រោង​ក្លឿ  ដើម្បី​ទៅធ្វើ​ការ​នៅ​ខេត្ត​ឈុន​បុរី កាលពី​ថ្ងៃទី​២៥ ឧសភា​។ ក្រោយពី​ទទួលដំណឹង​ខាងលើ មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ក៏បាន​ជួប​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​ទាហាន​ឈុតខ្មៅ ដើម្បី​សុំ​ការដោះលែង​។​

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​សម្របសម្រួល​ជាមួយ​ទាហាន​ឈុតខ្មៅ​ថៃ ដោយ​ភាគី​ថៃ បាន​យល់ព្រម​ដោះលែង​ពលរដ្ឋ​ខ្មែរ​ទាំង ៨​នាក់ នឹង​បានប្រគល់​ទូរ​សព្ទ​ដៃ និង​ប័ណ្ណ​ស៊ី​ជម្ពូ​ឲ្យ​ទៅ​ពួកគេ​វិញ​។ បន្ទាប់ពី​ទាហាន​ឈុតខ្មៅ​ថៃ យល់ព្រម​ដោះលែង មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល បាន​អំពាវនាវ និង​ណែនាំ​ដល់​ពលរដ្ឋ​ទាំងនោះ ជៀសវាង​ការឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ប្រទេស​ថៃ ដែល​អាច​ប្រឈម​ការចាប់ខ្លួន ឬ​ដាក់ពន្ធនាគារ​។​

គួរ​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ទាំង ៨​នាក់​នោះ បាន​បញ្ជូនមក​ដល់ក​ម្ពុ​ជា​វិញ ដោយ​សុវត្ថិភាព នៅ​យប់​ថ្ងៃទី​២៥ ឧសភា​។ នេះ​បើតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដដែល​៕

© រក្សាសិទ្ធិដោយ thmeythmey.com