អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង​រកមុខ​អ្នក​បើកដៃ​ឲ្យ​អាមេរិក​នាំចូល​ឧបករណ៍​បាញ់​រ៉ុក្កែត​ស្ងាត់ៗ​
30, May 2017 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន (Moon Jae-in) ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​មានការ​ពង្រាយ​ឧបករណ៍​បាញ់​គ្រាប់​រ៉ុក្កែត​ដោយ​លួចលាក់​។ អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​និយាយថា លោក មូ​ន ចេ​អ៊ី​ន មិនបាន​ដឹង​សោះ​ថា​មានការ​ពង្រាយ​ឧបករណ៍​បាញ់​រ៉ុក្កែត​ដល់​ទៅ​បួន​គ្រឿង​ដែលជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ការពារ THAAD បន្ថែមទៀត​។ ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បាន​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ករណីនេះ​។​



​ឧបករណ៍​បាញ់​រ៉ុក្កែត​ចំនួន​បួន​គ្រឿង ត្រូវបាន​នាំចូល​ទៅកាន់​កូរ៉េខាងត្បូង​ដោយ​សម្ងាត់ ដែល​សូម្បីតែ​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ក៏​មិន​បានដឹង​រឿងនេះ​ដែរ​។ លោក មូ​ន ចេ​អ៊ី​ន ទើបតែ​ដឹង​រឿង​នាំចូល​ឧបករណ៍​បាញ់​រ៉ុក្កែត​នេះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រធានការិយាល័យ​សន្តិសុខ​ជាតិ លោក Chung Eui-yong​។ លោក មូ​ន ចេ​អ៊ី​ន ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​នឹង​ព័ត៌មាន​នេះ ព្រោះ​ឧបករណ៍​បាញ់​រ៉ុក្កែត​នេះ ត្រូវបាន​នាំចូល​ដោយ​មិនបាន​ប្រាប់​រដ្ឋាភិបាល​ឡើយ​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​លោក Yoon Young-chan បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក មូ​ន ចេ​អ៊ី​ន ក៏បាន​ទូរ​សព្ទ​ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ ហាន មីន​គូ (Han Min-koo) ដើម្បី​សួរនាំ​ឲ្យ​បាន​ច្បាស់ ហើយ​លោក ហាន មីន​គូ ក៏បាន​រៀបរាប់​ព័ត៌មាន​នេះ​ទៅ​ឲ្យ​ប្រធានាធិបតី ដ្បិត​លោក​ក៏បាន​ដឹង​ពី​រឿងនេះ​ជាមុន​ដែរ​។ ចំណែក​មន្ត្រី​វិមាន​ប្រធានាធិបតី Choeng Wa Dae និយាយ​ដែរ​ថា​ឧបករណ៍​បាញ់   រ៉ុក្កែត​នេះ​ត្រូវបាន​នាំចូល​បន្ថែម​ពីលើ​ឧបករណ៍​បាញ់​ចំនួន​ពីរ​ដែល​បាន​ពង្រាយ​រួចស្រេច​ហើយ​នោះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​ទំនងជា​កំពុង​អន់ចិត្ត​ខ្លាំង ក៏បាន​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​មួយ​លើ​ករណីនេះ​។ នៅ​ថ្ងៃទី​៣០ ខែឧសភា លោក បាន​បញ្ជា​ឲ្យ​លេខា​ទទួលបន្ទុក​កិច្ចការ​ស៊ីវិល និង​ប្រធានការិយាល័យ​សន្តិសុខ​ជាតិ ស្វែងរក​ការពិត​នៅ​ពីក្រោយ​ការ​នាំចូល​ស្ងាត់ៗ​នេះ និង​រកមុខ​អ្នក​ដែល​បើក​សិទ្ធិ​ឲ្យ​នាំចូល​អាវុធ​របស់​អាមេរិក​តែម្ដង​។ លោក​ក៏​ចង់ដឹង​ពី​មូលហេតុ​ដែល​អាវុធ​អាមេរិក​ត្រូវ​នាំចូល​កូរ៉េខាងត្បូង​ដោយ​មិនបាន​ប្រកាស​បែបនេះ​។​

​តាមពិតទៅ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ មិន​ពេញចិត្ត​វត្តមាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក​លើទឹក​ដី​របស់លោក​ឡើយ​។ អំឡុងពេល​ឃោសនា​រក​សំឡេងឆ្នោត លោក​ក៏បាន​ប្រកាស​ពិនិត្យឡើងវិញ​កិច្ចព្រមព្រៀង​រវាង​កូរ៉េខាងត្បូង និង​អាមេរិក ដែល​អនុញ្ញាត​ឲ្យ​មានការ​ពង្រាយ​ប្រព័ន្ធ​ការពារ THAAD នេះ​ទៀតផង​។ លោក មូ​ន ចេ​អ៊ី​ន ថែមទាំង​លើកឡើងថា រដ្ឋាភិបាល​មុន គួរ​សុំ​ការយល់ព្រម​ពីស​ភា​សិន​មុននឹង​ឯកភាព​ជាមួយ​អាមេរិក​នោះ​។

​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក ត្រូវបាន​ពង្រាយ​នៅ​កូរ៉េខាងត្បូង ចំ​ពេលដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​តានតឹង​ខ្លាំង​។ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ត្រូវបាន​បញ្ជូន​ទៅកាន់​ទីតាំង​ពង្រាយ​ក្នុង​តំបន់ Seongju ខេត្ត Gyeongsang ខាងជើង​យ៉ាង​ប្រញាប់ប្រញាល់​នៅ​យប់​ថ្ងៃទី​២៥ ខែមេសា ទោះជា​មានការ​តវ៉ា​ពី​សំណាក់​ប្រជាជន​កូរ៉េខាងត្បូង​ក្ដី​។ ប៉ុន្តែ​គេ​មិនដឹង​ដែរ​ថា ហេតុអ្វី​បាន​នៅ​លើក​នេះ មានការ​លាក់បាំង​ការនាំ​ចូល​ឧ​បក​បរ​ណ៍​បាញ់​រ៉ុក្កែត​ដល់​ទៅ​បួន​គ្រឿង​បែបនេះ​៕

Tag:
 ​កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
  អាមេរិក​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com