អន្តរជាតិ
ប្រមុខ UN ព្រមាន​អាមេរិក​ថា បើ​ឈប់​ធ្វើ​បងធំ​ពិភពលោក ចិន​និង​រុស្ស៊ី​ធ្វើ​ជំនួស​មិន​ខាន​
31, May 2017 , 10:46 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងក្នុងកម្មវិធីមួយនៅសាកលវិទ្យាល័យ New York (រូបភាព UN)
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងក្នុងកម្មវិធីមួយនៅសាកលវិទ្យាល័យ New York (រូបភាព UN)
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) និយាយថា លោក​កំពុង​បញ្ចុះបញ្ចូល​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឲ្យ​បន្ត​ផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​ជំនួយ​អន្តរជាតិ និង​វិស័យ​ការទូត​។ ប្រមុខ​អង្គការសហប្រជាជាតិ​ថ្លែង​បែបនេះ ចំពេល​ដែល​លោក ត្រាំ បានប្រកាស​កាត់បន្ថយ​ការផ្ដល់​ហិរញ្ញវត្ថុ​ទៅ​ក្រៅប្រទេស​លើ​វិស័យ​ជាច្រើន​។ ប្រមុខ​អង្គការ​ពិភពលោក​នេះ​ក៏​ព្រមាន​ទុក​មុន​ដែរ​ថា តំណែង​បងធំ​របស់​អាមេរិក នឹងត្រូវ​ជំនួស​ដោយ​អ្នកផ្សេង​មិន​ខាន​។​



​ប្រឈមមុខ​នឹង​គម្រោង​កាត់បន្ថយ​ថវិកា​របស់​អាមេរិក​ស​ម្រា​ប់​ជំនួយ និង​អង្គការ​អន្តរជាតិ​នានា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស កំពុង​ចរចា​ជាមួយ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​កុំ​មានការ​កាត់បន្ថយ​ថវិកា​ឲ្យ​សោះ​។ លោក ហ្គូ​តេ​រ៉េ​ស បាន​ពន្យល់​អាមេរិក​ពី​សារសំខាន់​នៃ​កា​ររ​រួមចំណែក​របស់​អាមេរិក​ក្នុង​ការជួយ​ទ្រទ្រង់​ដំណើរការ​របស់​ពិភពលោក​ក្នុងតួនាទី​ជា​អ្នក​ដឹកមុខ​គេឯង​ជា​យូរ​មកហើយ​។​

​ដោយ​អនុវត្តតាម​ការសន្យា​ពេល​ឃោសនា ប្រធានាធិបតី ត្រាំ បានស្នើ​កាត់បន្ថយ​ថវិកា​សម្រាប់​វិស័យ​ការទូត និង​ជំនួយ​អន្តរជាតិ​ចំនួន​ប្រហែល​មួយ​ភាគបី ឬ​ស្មើនឹង​ជិត​១៩​ពាន់​លាន​ដុល្លារ​។ ការកាត់បន្ថយ​នេះ រួមបញ្ចូល​ទាំង​ការកាត់បន្ថយ​ចំនួន​ជាង​មួយ​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ទ្រទ្រង់​បេសកកម្ម​រក្សា​សន្តិភាព​អន្តរជាតិ និង​បាន​ប៉ះពាល់​ខ្លាំង​ដល់​អង្គការ​អន្តរជាតិ​ជាច្រើន​ទៀត​ដែល​ធ្លាប់​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​ក្រុង​វ៉ាស៊ីនតោន​។​

​ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​សាកលវិទ្យាល័យ New York នៅ​ថ្ងៃទី​៣០ ខែឧសភា ប្រមុខ UN បញ្ជាក់ថា UN កំពុង​ធ្វើ​គ្រប់យ៉ាង​ក្នុង​កិច្ចសន្ទនា​ជាមួយ​រដ្ឋបាល និង​សភា​អាមេរិក និង​ពន្យល់​ពួកគេ​ថា ការផ្ដល់​ជំនួយ​អភិវឌ្ឍ​ក្ដី ការផ្ដល់​ថវិកា​សម្រាប់​អង្គការ​អន្តរជាតិ​ដូច UN ក្ដី គឺ​តែ​សម្រាប់​ប្រយោជន៍​អាមេរិក​ប៉ុណ្ណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​គួរបញ្ជាក់​បន្តិច​ដែរ​ថា អាមេរិក គឺជា​ម្ចាស់​ឧបត្ថម្ភ​ធំជាងគេ​សម្រាប់​អង្គការសហប្រជាជាតិ ដោយបាន​ផ្ដល់​លុយ​ចំនួន ២០​ភាគរយ ស្មើនឹង ៥,៤​ពាន់​លាន​ដុល្លារ​នៃ​ថវិកា​របស់​អង្គការ​អន្តរជាតិ​នេះ​។ មិនតែប៉ុណ្ណោះ អាមេរិក ក៏​ជា​ប្រទេស​ផ្ដល់​លុយ​ច្រើនជាងគេ​សម្រាប់​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ពិភពលោក ពោលគឺ​ចំនួន​៧,៩​ពាន់​លាន​ដុល្លារ​ឯណោះ​។ ដូច្នេះ​មានន័យថា ការបន្ថយ​ថវិកា​របស់​អាមេរិក ពិតជា​បង្កបញ្ហា​ខ្លាំង​ដល់​អង្គការ​អន្តរជាតិ​មិន​ខាន​។​

​ជាមួយគ្នា​នោះ លោក ហ្គូ​តេ​រ៉េ​ស ក៏​ព្រមាន​ក្រុង​វ៉ាស៊ីនតោន​ដែរ​ថា ការដកខ្លួន​របស់​អា​មេ​រិ​ក នឹង​ក្លាយជា​ឱកាស​សម្រាប់​ប្រទេស​ផ្សេង​ក្នុងការ​អង្គុយ​កៅអី​មេដឹកនាំ​ពិភពលោក​មិនខានឡើយ​។ លោក​និយាយថា មិន​ត្រឹមតែ​រុស្ស៊ី ឬ​ចិន​ទេ​ដែល​នឹង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នោះ សូម្បីតែ​អ៊ីរ៉ង់ អា​រ៉ា​ប៊ី​សា​អូឌីត និង​តួ​ក​គី​ជាដើម ក៏​នឹង​ឆ្លៀតឱកាស​នេះដែរ​។ លោក​សង្កត់ធ្ងន់​ទៀតថា បញ្ហា​នេះ ក៏​អាច​បង្ក​ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​អាមេរិក​ផង​ក៏​ថា​បាន​៕ 


Tag:
 UN
  Antonio Guterres
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com