អន្តរជាតិ
អាមេរិក និង​អាល្លឺម៉ង់ មើលមុខ​មិន​ចំ ដោយសារ​នយោបាយ​លោក ត្រាំ​
31, May 2017 , 5:37 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ជួបជាមួយអធិការបតីអាល្លឺម៉ង់ អែនជេឡា មឺហ្គែល នៅសេតវិមាន (រូបភាព NBC News)
ប្រធានាធិបតី ដូណាល់ ត្រាំ ជួបជាមួយអធិការបតីអាល្លឺម៉ង់ អែនជេឡា មឺហ្គែល នៅសេតវិមាន (រូបភាព NBC News)
​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ថ្នាក់ដឹកនាំ​អាមេរិក និង​អាល្លឺម៉ង់ បាន​ផ្លាស់ប្ដូរ​សារ​នយោបាយ​ជាច្រើន​ក្នុងន័យ​វាយប្រហារ​គ្នា​ទៅវិញទៅមក ដែលជា​សញ្ញា​បង្ហាញ​ការធ្លាក់ចុះ​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​នេះ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​វាយប្រហារ​អាល្លឺម៉ង់​ដែល​មិនទាន់បាន​បង់ថ្លៃ​គ្រប់គ្រាន់​ទៅ​ឲ្យ​ណា​តូ តាម​ការសន្យា​របស់ខ្លួន​នៅឡើយ ហើយ​ថែមទាំង​រិះគន់​ឱនភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ទៀតផង​។ ឯ​អាល្លឺម៉ង់​ក៏​រិះគន់​នយោបាយ​របស់រ​ដ្ឋ​បាល​លោក ត្រាំ វិញ​ដែរ​។​



​ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ក្រុម​ប្រទេស​ប្រាំពីរ (G7) នៅ​អ៊ីតាលី អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្គែ​ល ក៏​ផ្ដើម​វាយប្រហារ​អាមេរិក​ភ្លាម ដោយបាន​និយាយថា ចាប់ពីពេលនេះ​តទៅ អឺរ៉ុប​មិនអាច​ពឹង​ផ្អែកលើ​អាមេរិក​បាន​ដូច​មុន​ទៀតឡើយ​។ លោកស្រី មឺ​ហ្គែ​ល និយាយ​បែបនេះ ក្រោយ​លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​ទារ​ថ្លៃ​ចំណាយ​របស់​ណា​តូ​ដល់ទី​ស្នាក់ការ​តែម្ដង ហើយ​លោក​ក៏​មិនបាន​ប្ដេជ្ញាចិត្ត​អនុវត្តតាម​គោលការណ៍​របស់​ណា​តូ ដែល​ចែង​ពី​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រាអាសន្ន​ដែរ​។

​បន្តម​កទៀត អធិការបតី​រង និង​ជា​រដ្ឋមន្ត្រីការបរទេស Sigmar Gabriel ក៏​បន្ត​រិះគន់​នយោបាយ​របស់រ​ដ្ឋ​បាល​លោក ត្រាំ ដែល​ផ្ទុយ​ពី​នយោបាយ​របស់​អឺរ៉ុប និង​កំពុង​ធ្វើ​ឲ្យ​អឺរ៉ុប​ចុះខ្សោយ​កាន់តែខ្លាំង​។ ទំនង​ចង់​ថា​ឲ្យ​លោក ត្រាំ ប្រមុខ​ការទូត​អាល្លឺម៉ង់ និយាយថា​៖ «​អ្នក​ដែល​ចង់​ព​ន្លឿ​ន​បម្រែបម្រួល​អាកាសធាតុ​តាមរយៈ​ការធ្វើ​ឲ្យ​ចុះខ្សោយ​ស្ថាប័ន​ការពារ​បរិស្ថាន​, អ្នក​ដែល​ផ្គត់ផ្គង់​អាវុធ​ទៅ​តំបន់​ជម្លោះ​, អ្នក​ដែល​មិន​ចង់​ដោះស្រាយ​បញ្ហា​នៅ​អឺរ៉ុប កំពុង​ធ្វើ​ឲ្យ​អឺរ៉ុប​ប្រឈមមុខ​គ្រោះថ្នាក់​ហើយ​»​។​

​ឆ្លើយតប​នឹង​ពាក្យរិះគន់​របស់​អ្នកនយោបាយ​អាល្លឺម៉ង់ លោក ត្រាំ ក៏បាន​ប្រើ​បណ្ដាញ​សង្គម Twitter វាយបក​លើ​រដ្ឋការ​ក្រុង​បែរ​ឡាំង​វិញ​។ ប្រធានាធិបតី​អាមេរិក​បាន​សរសេរ​លើ Twitter របស់លោក នៅ ថ្ងៃទី​៣១ ខែឧសភា ថា អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ធំ​ជាមួយ​អាល្លឺម៉ង់ បូក​រួ ម ទាំង អាល្លឺម៉ង់​មិនបាន​បង់ថ្លៃ​ចំណាយ​សម្រាប់​ណា​តូ​តាម​ការសន្យា​ទៀត​។ លោក​បន្តថា នេះ​ជា​រឿង អាក្រក់​សម្រាប់​អាមេរិក តែ​វា​នឹង​ប្រែប្រួល​មិន​ខាន​។​


​ប្រធានាធិបតី​អាមេរិក​ជឿថា សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​របស់លោក​ជំពាក់​លុយ​អាមេរិក​ច្រើនណាស់​ទាំង​វិស័យ​ការពារជាតិ និង​ពាណិជ្ជកម្ម​ទៀតផង​។ តាមពិតទៅ វា​ក៏​មិនមាន​ជា​រឿង​គួរ​ភ្ញាក់ផ្អើល​អ្វី​ដែរ ព្រោះ​លោក ត្រាំ ប្រកាន់​ជំហរ​របៀបនេះ​តាំងពី​ពេលចេញ​ឃោសនា​មកម្ល៉េះ​។ លោក ក៏​ប្រកាស​ក្ដែ​ងៗ​ដែរ​ថា ប្រជាជន​អាមេរិក មិនអាច​ទ្រាំទ្រ​នឹង​អ​ម្រែ​ក​ហិរញ្ញវត្ថុ​តែឯង​បាន​ទៀតឡើយ ហើយ​សមាជិក​ណា​តូ​ផ្សេងទៀត​ត្រូវតែ​ជួយ​ចេញថ្លៃ​ចំណាយ​នេះ​។​

​យ៉ាងណាមិញ លោក Martin Schulz ដែលជា​បេក្ខជន​អធិការបតី​អាល្លឺម៉ង់ បាន​ហៅ​ការ​បង្ហោះ​សារ​តាម Twitter ខាងលើនេះ គឺជា​ភស្តុតាង​បញ្ជាក់​ច្បាស់​ថា លោក ត្រាំ កំពុង​ចាត់ទុក​អាល្លឺម៉ង់​ជាស​ត្រូវ​នយោបាយ​របស់​លោក​ហើយ​។ បើតាម​សារព័ត៌មាន RT អ្នកនយោបាយ​អាល្លឺម៉ង់​រូបនេះ​សង្កត់ធ្ងន់ថា លោក ត្រាំ កំពុង​បំផ្លាញ​តម្លៃ​របស់​បស្ចិម​លោក ហើយ​ប្រធានាធិបតី​អាមេរិក កំពុង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​កិច្ចសហប្រតិបត្តិការ​ដោយ​សន្តិភាព​ទៀតផង​៕

Tag:
 អាមេរិក​
  អាល្លឺម៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com