អន្តរជាតិ
ចិន​បារម្ភ​ខ្លាំង ព្រោះ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​មិនដឹង​អាមេរិក​លួច​នាំចូល​ឧបករណ៍​បាញ់​រ៉ុក្កែត​ដែរ​
31, May 2017 , 10:19 pm        
រូបភាព
​ក្រុង​ប៉េកាំង បានបង្ហាញ​ការព្រួយបារម្ភ​ខ្លាំង​ជុំវិញ​ព័ត៌មាន​យោធា​អាមេរិក​នាំចូល​ឧបករណ៍​បាញ់​រ៉ុក្កែត​ចំនួន ៤​គ្រឿង ដោយ​មិនបាន​ប្រាប់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ឬ​ប្រជាជន​ឲ្យ​ដឹង​ឡើយ​។ ចិន ដែល​មិន​ពេញចិត្ត​វត្តមាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ស្រាប់​ផង ពិតជា​មិន​ចង់ឃើញ​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ​បន្ថែម​ទៀតឡើយ​។ ដោយឡែក​នៅ​កូរ៉េខាងត្បូង​ឯណោះ​វិញ ក្រសួងការពារជាតិ​ប្រទេស​នេះ​ក៏បាន​ពន្យល់​មូលហេតុ​ទាក់ទង​រឿងនេះ​រួចហើយ​ដែរ​តាម​ការទាមទារ​របស់​លោក មូ​ន ចេ​អ៊ី​ន ។​



​យោធា​អាមេរិក បាន​លួច​នាំចូល​ឧបករណ៍​បាញ់​រ៉ុក្កែត​ចំនួន ៤​គ្រឿង​ទៅកាន់​កូរ៉េខាងត្បូង ដោយ​មិនបាន​ប្រាប់​រដ្ឋាភិបាល ឬ​ប្រជាជន​កូរ៉េខាងត្បូង​ឲ្យ​ដឹង​មួយ​ម៉ាត់​ឡើយ​។ លោក មូ​ន ចេ​អ៊ី​ន ដែល​ទើប​ចូលកាន់​តំណែង​បាន​ជាង​កន្លះ​ខែ ក៏​មិន​បានដឹង​រឿងនេះ ហើយ​លោក​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង ដ្បិតអី​មន្ត្រី​ថ្នាក់ក្រោម​មិន​ផ្ដល់ព័ត៌មាន​នេះ​ឲ្យ​លោក​។ មិន​ត្រឹមតែ​មេដឹកនាំ​កូរ៉េខាងត្បូង​ឡើយ សូម្បីតែ​ចិន​ក៏​មិន​សប្បាយ​ចិត្តនឹង​ព័ត៌មាន​នេះដែរ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃទី​៣១ ខែឧសភា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying និយាយថា ក្រុង​ប៉េកាំង ពិតជា​បារម្ភ​ខ្លាំងណាស់​ពាក់ព័ន្ធ​ព័ត៌មាន​នាំចូល​ឧបករណ៍​បាញ់​រ៉ុក្កែត​ចំនួន​៤ គ្រឿង​ដែលជា​ផ្នែក​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ដល់​ថ្នាក់​លោក មូ​ន ចេ​អ៊ី​ន ផ្ទាល់ មិនដឹង​រឿង​ផង​។

​តាំងពីដើម​មក​នោះ ចិន តែង​ប្រឆាំង​ដាច់ខាត​វត្តមាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅលើ​ទឹកដី​កូរ៉េខាងត្បូង​ឡើយ ដោយបាន​លើកឡើងថា វត្តមាន​ប្រព័ន្ធ​ការពារ​នេះ​ប៉ះពាល់​សន្តិសុខ​ជាតិ​របស់ខ្លួន​។ ចិន ក៏​រិះគន់​កូរ៉េខាងត្បូង​ដែល​សុខចិត្ត​ធ្វើតាម​អាមេរិក​ក្នុង​ការពារ​ការដំឡើង​ប្រព័ន្ធ​ការពារ​នេះ បើទោះជា​ចិន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀតថា រ៉ា​ដារ​បស់ THAAD អាច​ជ្រៀតចូល​យក​ព័ត៌មាន​ដល់​ទឹកដី​ចិន និង​បង្ក​អស្ថិរភាព​ក្នុង​តំបន់​ក្ដី​។ យ៉ាងណាក្ដី ប្រព័ន្ធ​ការពារ​នេះ ត្រូវបាន​ដំឡើង​រួចទៅហើយ​។​

​ទាក់ទង​រឿង​លួច​នាំចូល​ឧបករណ៍​បាញ់​រ៉ុក្កែត​ស្ងាត់ៗ​នេះ​វិញ កា​រិ​យា​ល័​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បានទទួល​ការបកស្រាយ​ពី​ក្រសួងការពារជាតិ​ជុំវិញ​រឿងនេះ ក្រោយ​លោក មូ​ន ចេ​អ៊ី​ន បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​។ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បញ្ជាក់ថា ខ្លួន​មិនមាន​បំណង​លាក់បាំង​ការនាំ​ចូល​ឧបករណ៍​បាញ់​រ៉ុក្កែត​នេះ​ទេ ហើយ​ព័ត៌មាន​នេះ​ត្រូវបាន​លុបចោល​អ​ចេតនា​ពី​ក្នុង​របាយការណ៍​ចុងក្រោយ​ដែល​ត្រូវ​បញ្ជូនទៅ​ឲ្យ​លោក​ប្រធានាធិបតី​។

​ឧបករណ៍​បាញ់​រ៉ុក្កែត​ទាំង​បួន​គ្រឿង​ខាងលើ ត្រូវបាន​បញ្ជូន​ទៅដល់​កូរ៉េខាងត្បូង បន្ថែម​ពី​ឧបករណ៍​បាញ់​រ៉ុក្កែត​ចំនួន​ពីរ​គ្រឿង​ទៀត ត្រូវបាន​ដំឡើង​រួចរាល់​ហើយ​ជាមួយគ្នា​ឧបករណ៍​ផ្សេងទៀត​នៃ​ប្រព័ន្ធ​ការពារ THAAD កាលពី​ខែមីនា ឆ្នាំនេះ​។ ដោយឡែក មន្ទីរ​បញ្ច​កោណ​របស់​អាមេរិក​ក៏​ចេញមក​ធានា​ដែរ​ថា ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD នៅ​កូរ៉េខាងត្បូង​ត្រូវធ្វើឡើង​ដោយ​តម្លាភាព​ទាំងអស់ មិន​លាក់បាំង​ឡើយ​៕ 
 


Tag:
 ចិន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com