អន្តរជាតិ
ដូ​ណា​ល់ ត្រាំ សរសើរ​នាយករដ្ឋមន្ត្រី​វៀតណាម​ដែល​ដឹកនាំ​ប្រទេស​បានល្អ​
01, Jun 2017 , 10:58 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួន ហ្វ៊ុក នៅសេតវិមាន (រូបភាព Xinhua)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួន ហ្វ៊ុក នៅសេតវិមាន (រូបភាព Xinhua)
​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) បាន​ទៅដល់​រដ្ឋធានី​វ៉ាស៊ីនតោន តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តម្លៃ​ជិត​១៧​ពាន់​លាន​ដុល្លារ ត្រូវបាន​ចុះហត្ថលេខា​អំឡុងពេល​ទស្សនកិច្ចរ​បស់​នាយករដ្ឋមន្ត្រី​វៀតណាម ហើយ​លោក ត្រាំ ពិតជា​សប្បាយចិត្ត​ខ្លាំង​នឹង​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​។ ប្រធានាធិបតី​អាមេរិក ក៏​និយាយ​សរសើរ​ការដឹកនាំ​ប្រទេស​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​ដែរ​។



​ធ្លាប់​ជាអតីត​គូសត្រូវ​ ស៊ីសាច់ហុតឈាម ​ក្នុងសម័យ​សង្គ្រាម  ​បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​អាមេរិក និង​វៀតណាម​ ប្រែមកកាន់តែ​ប្រសើរឡើង​។ នៅ​ថ្ងៃទី​៣១ ខែឧសភា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក នៅ​សេត​វិមាន​យ៉ាង​កក់ក្ដៅ​។ លោក ង្វៀន សួន​ហ្វ៊ុ​ក គឺជា​មេដឹកនាំ​អាស៊ាន​ទីមួយ ដែល​បាន​ជួប​ទល់មុខ​ ជាមួយ​ប្រធានាធិបតី​អាមេរិក ចាប់តាំងពី​លោក​ចូលកាន់​អំណាច​ក្នុង​ខែមករា​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ប្រធានាធិបតី​អាមេរិក ​មិនបាន​និយាយ​អ្វី​ទាល់តែសោះ​ បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម តែ​លោក​បែរជា​លើកសរសើរ​នាយករដ្ឋមន្ត្រី​វៀតណាម​ទៅវិញ​។ លោក ត្រាំ និយាយថា លោក ង្វៀន សួន ហ្វ៊ុ​ក បាន​បំពេញការងារ​ដ៏​អស្ចារ្យ​នៅ​ប្រទេស​របស់គាត់ និង​បាន​ដឹកនាំ​ការងារ​ពាណិជ្ជកម្ម​ជាច្រើន​។ លោក​បន្តទៀតថា ប្រធានបទ​ច្រើន​នឹងត្រូវ​ពិភាក្សា​ដូចជា​បញ្ហា​កូរ៉េខាងជើង​, ពាណិជ្ជកម្ម និង​បញ្ហា​ផ្សេងទៀត ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​។  

​យ៉ាងណាក្ដី ពាណិជ្ជកម្ម គឺជា​ប្រធាន​សំខាន់​ក្នុងជំនួប​លើកទីមួយ​នេះ​។ នាយករដ្ឋមន្ត្រី​វៀតណាម​និយាយថា កិច្ចព្រមព្រៀង​ទិញ​ទំនិញ​របស់​អាមេរិក ​ក្នុងតម្លៃ​ចន្លោះ ១៥​ពាន់​លាន​ដុល្លារ​ ទៅ ១៧​ពាន់​លាន​ដុល្លារ នឹងត្រូវ​ចុះហត្ថលេខា​។ កិច្ចព្រមព្រៀង​មានតម្លៃ​ច្រើន​ ជាមួយ​ក្រុមហ៊ុន​អាមេរិក​នេះ នឹង​ផ្ដោតលើ​ទិញ​ទំនិញ​ប្រើ​បច្ចេកវិទ្យា​ទំនើប និង​សេវាកម្ម​ផ្សេងទៀត​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The New York Times ។ 

​ជាក់ស្ដែង​នោះ ក្រុមហ៊ុន General Elictric Co របស់​អាមេរិក​និយាយថា ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​តម្លៃ​ជាមួយ ៥,៥៨​ពាន់​លាន​ដុល្លារ​ ជាមួយ​វៀតណាម ​លើ​ការទិញ​ទំនិញ​ជាច្រើន​មុខ​ ដូចជា ​ឧបករណ៍​ផលិត​ថាមពល​, ម៉ាស៊ីន​យន្តហោះ និង​សេវាកម្ម​ជាច្រើន​ទៀត​។ លោក​ប្រធានាធិបតី ត្រាំ ទំនង​រីក​មុខ រីក​មាត់​ ខ្លាំងណាស់​ហើយ នឹង​កិច្ចព្រមព្រៀង​ដែល​ត្រូវ​ចុះហត្ថលេខា ​អំឡុងពេល​ទស្សនកិច្ចរ​ប​ស់លោក ង្វៀន សួន​ហ្វ៊ុ​ក ពេលនេះ​។​

​ក្នុង​បន្ទប់​ពងក្រពើ​ មុន​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ត្រាំ បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ថា វៀតណាម ​បាន​ទិញ​ទំនិញ​ជាច្រើន​ពី​អាមេរិក ​ក្នុងតម្លៃ​ជាច្រើន​ពាន់​លាន​ដុល្លារ ហើយ​លោក​ពិតជា​រីករាយ ​នឹង​រឿងនេះ​ខ្លាំងណាស់​។ លោក ត្រាំ បន្តថា កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ ​នឹង​ជួយ​បង្កើត​ការងារ​ច្រើន​សម្រាប់​ប្រជាជន​អាមេរិក ហើយ​វៀតណាម​នឹង​ទទួលបាន​ទំនិញ​ដែលមាន​គុណភាព​អស្ចារ្យ​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  វៀតណាម​
  ង្វៀន សួន​ហ្វ៊ុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com