ជាតិ
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​នេះ មាន​អ្នកសង្កេតការណ៍​ជាង​១៧​ម៉ឺន​នាក់​
01, Jun 2017 , 12:48 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​ជាតិ​-​អន្តរជាតិ និង​ស្ថានទូត​នានា  រួមទាំង​គណបក្សនយោបាយ បាន​បញ្ជូន​ឈ្មោះ​អ្នកសង្កេតការណ៍​របស់​ខ្លួន​ជាង ១៧​ម៉ឺន​នាក់ ទៅកាន់ គ​.​ជ​.​ប ដើម្បី​សុំចូល​រួម​ឃ្លាំមើល​ដំណើរការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​នេះ​។



​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អង្គការ​ជាតិ និង​អន្តរជាតិ ស្ថានទូត​នានា រួម​នឹង​គណបក្សនយោបាយ​ផង បាន​បញ្ជូន​ឈ្មោះ​អ្នកសង្កេតការណ៍ សរុប​ជាង​១៧​ម៉ឺន​នាក់ មកកាន់ គ​.​ជ​.​ប ដើម្បី​សុំចូល​រួម​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​។ បើតាម​អ្នកនាំពាក្យ គ​.​ជ​.​ប អង្គការ​ជាតិ មាន​អ្នកសង្កេតការណ៍​ចំនួន ៧៤,០៩២ នាក់ អង្គការ​អន្តរជាតិ និង​ស្ថានទូត​នានា​មាន​អ្នកសង្កេតការណ៍​តែ ១៩២ នាក់​ប៉ុណ្ណោះ​។
 
​លោក ហង្ស ពុទ្ធា បន្តថា គណបក្សនយោបាយ​ទាំង​១២ ដែល​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ ក៏បាន​បញ្ជូន​សំណើ​ទៅកាន់ គ​.​ជ​.​ប រួច​អស់ហើយ​ដែរ ដោយមាន​អ្នកសង្កេតការណ៍​ចំនួន ៥៨៤១០​នាក់ ដើម្បី​សុំចូល​រួម​ឃ្លាំមើល​ដំណើរការ​នៃ​ការបោះឆ្នោត​។ លោក បន្ថែមថា គណបក្សនយោបាយ​ទាំង​១២ នៅមាន​អ្នកសង្កេតការណ៍​បម្រុង​ជាង ៤​ម៉ឺ​នាក់​ផ្សេងទៀត​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប កន្លងមក បាន​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា មាន​អ្នកសង្កេតការណ៍​ជាង ៤​ម៉ឺន​នាក់ (​បម្រុង​ជាង​២​ម៉ឺន​នាក់​) ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏មាន​អ្នកសង្កេតការណ៍​ជាង ៤​ម៉ឺន​នាក់ (​បម្រុង​ជាង​២​ម៉ឺន​នាក់​) ដែរ​។ ផ្អែកលើ​តួលេខ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប ក្នុងចំណោម​គណបក្សនយោបាយ​ទាំង​១២ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ ដែល​បាន​ត្រៀម​អ្នកសង្កេតការណ៍​ច្រើនជាងគេ និង​មានលទ្ធភាព ដើម្បី​ដាក់ពង្រាយ​អ្នកសង្កេតការណ៍ នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត នៅ​ទូទាំងប្រទេស​កម្ពុជា​។

​គណបក្ស​ទាំង​១២​ខាងលើ គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​អំណាច​ខ្មែរ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​៕






Tag:
 បោះឆ្នោត​
  គជប​
  អ្នក​ស​ង្កេ​ការណ៍​)
© រក្សាសិទ្ធិដោយ thmeythmey.com