អន្តរជាតិ
នាវា​ដឹក​យន្តហោះ Carl Vinson នឹង​ចាក​ចេញពី​ឧបទ្វីប​កូរ៉េ ក្រោយ​ប្រតិបត្តិការ​ត្រូវបាន​បញ្ចប់
01, Jun 2017 , 2:20 pm        
រូបភាព
​កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​និយាយថា នាវា​ដឹក​យន្តហោះ​របស់​អាមេរិក USS Carl Vinson នឹង​ចាក​ចេញពី​កូរ៉េខាងត្បូង បន្ទាប់ពី​បញ្ចប់​ប្រតិបត្តិការ​របស់ខ្លួន​។ ជាង​មួយខែ​ក្នុង​ការចូល​ចត​នៅ​ឧបទ្វីប​កូរ៉េ នាវា​ដឹក​យន្តហោះ​ដ៏​មាន​អានុភាព​មួយ​នេះ បាន​ចូលរួម​ក្នុង​សមយុទ្ធ​ជាមួយ​យោធា​ជើង​ទឹក​កូរ៉េខាងត្បូង និង​ជប៉ុន ក៏ដូចជា​បាន​សម្ញែង​ឫទ្ធិ​កម្លា​កូរ៉េខាងជើង​រួចមក​។ វត្តមាន​នាវា​នេះ និង​នាវាចម្បាំង​មួយចំនួនទៀត ក៏​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ខឹងសម្បារ​យ៉ាងខ្លាំង​។​



​នាវា​ជើង​កងទ័ព​ទឹក​អាមេរិក​មួយ​កង ដែល​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ USS Carl Vinson បានបញ្ចប់​ប្រតិបត្តិការ​រយៈពេល​យូរ​របស់ខ្លួន​នៅ​ដែនទឹក​ឧបទ្វីប​កូរ៉េ​ហើយ​នៅ​ថ្ងៃទី​៣១ ខែឧសភា​។ នាវា​ដឹក​យន្តហោះ USS Carl Vinson ដែល​អមដំណើរ​ដោយ​នាវាចម្បាំង​ស៊េរី​ទំនើបៗ​ជាច្រើន​គ្រឿង​ទៀត នឹងធ្វើ​ដំណើរ​ចេញពី​កូរ៉េខាងត្បូង​ផងដែរ ដោយ​មិន​បន្ត​បេសកកម្ម​ទៀតឡើយ​។ នេះ​បើតាម​ការប្រកាស​របស់​កងទ័ព​កូរ៉េខាងត្បូង ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​

USS Carl Vinson ជានា​វា​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ និង​មាន​មូលដ្ឋាន​នៅ San Diego ។ នាវា​ដឹក​យន្តហោះ​នេះ ព្រមទាំង​នាវា​អមដំណើរ​ជាច្រើន​គ្រឿង​រួមមាន​នាវា​ពិឃាត និង​នាវា​ល្បាត​ផង​នោះ បាន​ទៅដល់​សមុទ្រ​ខាងកើត​កាលពី​ចុងខែ​មេសា​កន្លងទៅ ចំពេល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​តានតឹង​ខ្លាំង ព្រោះ​កូរ៉េខាងជើង​ចង់​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ ។ គេ​ជឿថា ​វត្តមាន​នាវា​មួយក្រុម​នេះ មាន​គោលដៅ​កំញើញ​កូរ៉េខាងជើង​តែម្ដង​។​

​បេសកកម្ម​របស់​នាវា​ដឹក​ន​យន្តហោះ USS Carl Vinson ត្រូវបាន​បញ្ចប់ ស្រប​ពេលដែល​នាវា​ដឹក​យន្តហោះ​មួយគ្រឿង​របស់​ទ័ពជើងទឹក​អាមេរិក ទទួលបាន​ការថែទាំ​រួចរាល់​។ នាវា​ដឹក​យន្តហោះ USS Ronald Reagan ដែលមាន​មូលដ្ឋាន​នៅ​ជប៉ុន បានបញ្ចប់​ការថែទាំ​ហើយ និង​អាច​ចូលមក​បម្រើការ​បាន​ធម្មតា​វិញ​។ នាវា​ដឹក​យន្តហោះ Ronald Reagan ត្រូវបាន​ជួសជុល​នៅឯ​មូលដ្ឋានទ័ព​អាមេរិក​នៅ​ជប៉ុន​អស់​ពេល​ជាច្រើន​ខែ​មកហើយ​។​

​តាមពិតទៅ ការបង្ហាញ​ខ្លួន​របស់​នាវា​ដឹក​យន្តហោះ USS Carl Vinson នៅ​កៀក​ឧបទ្វីប​កូរ៉េ ធ្វើឡើង​ដើម្បី​ជំនួស​កន្លែង​នាវា​ដឹក​យន្តហោះ USS Ronald Reagan ដែល​ត្រូវ​ចូល​រោង​ជាង​។ នេះ ក៏​ជា​វិធីសាស្ត្រ​របស់​អាមេរិក​ក្នុងការ​ពង្រាយ​នាវា​របស់ខ្លួន ដើម្បី​ទប់ទល់​ការគំរាមកំហែង​ណាមួយ​មកលើ​ខ្លួន ឬក៏​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដែរ​។ អាមេរិក​ត្រូវបាន​គេ​ជឿថា មាន​នាវា​ជើង​ទឹក​ដល់​ទៅ ១០​គ្រឿង ដែល​កំពុង​ប្រតិបត្តិការ​បច្ចុប្បន្ន និង​ត្រូវបាន​ពង្រាយ​តាម​ទីតាំង​យុទ្ធសាស្ត្រ​ជុំវិញ​ពិភពលោក​។​

​ការបញ្ជូន​នាវា​ដឹក​យន្តហោះ​មក​កៀក​ឧបទ្វីប​កូរ៉េ ធ្វើ​ឲ្យ​មានការ​បារម្ភ​ថា រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អាច​ប្រើ​កម្លាំងបាយ​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​។ ប៉ុន្តែ​កូរ៉េខាងជើង​ហាក់​មិនបាន​ញញើត​នឹង​វត្តមាន​អាវុធ​ទំនើបៗ​របស់​អាមេរិក​ឡើយ ហើយ​ថែមទាំង​គំរាម​បាញ់​ពន្លិច​នាវា​ដឹក​យន្តហោះ​អាមេរិក​ទៀតផង​។ លើសពីនោះ កូរ៉េខាងជើង​ក៏​ចោទ​អាមេរិក​ថា​កំពុង​រៀបចំ​ធ្វើសង្គ្រាម​ជាមួយ​ខ្លួន​ទៅទៀត​៕ 

Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com