អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង ប្រកាស​ដោះស្រាយ​វិបត្តិ​នុយ​ក្លែ​អ៊ែរ​កូរ៉េខាងជើង​ដោយ​មិន​ពឹង​បរទេស​
01, Jun 2017 , 9:39 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានប្រកាសថា រដ្ឋាភិបាល​ថ្មី​របស់លោក​នឹង​ផ្ដួច​ផ្ដើមគំនិត​ជា​សកល​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដោយ​មិនចាំបាច់​ឲ្យ​ប្រទេស​ផ្សេង​ចូល​ជួយ​អ្វី​ឡើយ​។ លោក មូ​ន ចេ​អ៊ី​ន ក៏​ប្រកាស​ដែរ​ថា កូរ៉េខាងត្បូង​នឹង​ប្រើ​ធម៌​ក្ដៅ​ផង ធម៌​ត្រជាក់​ផង ដើម្បី​អូសទាញ​កូរ៉េខាងជើង​ឲ្យ​ចូល​តុ​ចរចា​ឡើងវិញ​។ ប៉ុន្តែ​នេះ​មិនមែន​មានន័យថា កូរ៉េខាងត្បូង​ឈប់​ត្រូវការ​ប្រទេស​ផ្សេង​ក្នុងការ​ដោះស្រាយ​វិបត្តិ​នេះឡើយ តែ​កូរ៉េខាងត្បូង​នឹង​ដឹកនាំ​ការងារ​នេះ​ខ្លួនឯង​។



​តាំងពីដើម​មក​នោះ អាមេរិក និង​ចិន ជា​អ្នកដឹកនាំ​ចាត់ចែង​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ខណៈ​ប្រទេស​ពាក់ព័ន្ធ​ផ្សេងទៀត​មិនសូវ​ចូលរួម​ដោយផ្ទាល់​ឡើយ សូម្បីតែ​ជប៉ុន ឬ​កូរ៉េខាងត្បូង​ផ្ទាល់​ក៏ត្រូវ​ធ្វើតាម​ការសម្រេច​របស់​អាមេរិក​ដែរ​។ យ៉ាងណាមិញ ក្រោម​រដ្ឋបាល​ថ្មី​របស់លោក មូ​ន ចេ​អ៊ី​ន កូរ៉េខាងត្បូង នឹង​ដឹកនាំ​ការងារ​រក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​សាំ​ញាំ​នេះ ដោយ​មិន​ត្រូវការ​តួនាទី​របស់​បរទេស​ឡើយ​។

​តាមរយៈ​សារ​ជា​វីដេអូ​ផ្ញើ​ទៅកាន់​វេទិកា​អន្តរជាតិ Jeju នៅ​ថ្ងៃទី​១ ខែឧសភា លោក មូ​ន ចេ​អ៊ី​ន និយាយថា កូរ៉េខាងត្បូង នឹង​ដឹកនាំ​ការដោះស្រាយ​វិបត្តិ​ឧបទ្វីប​កូរ៉េ​ដោយ​ខ្លួន និង​មិន​ពឹងពាក់​ប្រទេស​ណា​ឡើយ​។ លោក​បន្តថា កូរ៉េខាងត្បូង ដាក់ចេញ​គំនិត​ផ្ដួចផ្ដើម​ថ្មីស្រឡាង និង​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​នេះ​ឲ្យ​បាន​ម៉ត់ចត់​ដើម្បី​រក្សា​សន្តិភាព និង​វិបុលភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ ហើយ​លោក​នឹង​បញ្ចុះបញ្ចូល​ផង ក៏ដូចជា​ដាក់​សម្ពាធ​ផង សំដៅ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​យ៉ាងណាក្ដី ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា បើទោះជា​ចង់​ដឹកនាំ​ការស្វែងរក​ដំណោះស្រាយ​ខ្លួនឯង​ក្ដី ក៏​លោក មូ​ន ចេ​អ៊ី​ន បោះបង់​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដែរ​។ ប្រធានាធិបតី​រូបនេះ​បញ្ជាក់​ក្នុង​សារ​វីដេអូ​ដដែល​ថា កូរ៉េខាងត្បូង នឹងធ្វើ​ការ​ជាមួយ​ប្រទេស​ផ្សេង​ដូចជា​ចិន និង​អាមេរិក ដើម្បី​អូសទាញ​កូរ៉េខាងជើង​ឲ្យ​ជ្រើ​រើស​ផ្លូវ​ចរចា ក៏ដូចជា​រក​ច្រកចេញ​សម្រាប់​វិបត្តិ​មួយ​នេះដែរ​។​

​ជាងនេះទៅទៀត ប្រធានាធិបតី​ទើប​កាន់តំណែង មានបំណង​ចង់​ពង្រឹង​ទំនាក់ទំនង​អន្តរ​កូរ៉េ ដែល​ត្រូវ​កាត់ផ្ដាច់​នាពេល​កន្លង ក៏ដូចជា​ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង ដែល​ធ្លាប់ជា​អតីត​សត្រូវ​ស៊ីសាច់​ក្នុងសម័យ​សង្គ្រាម​។ យ៉ាងណាមិញ លោក មូ​ន ចេ​អ៊ី​ន ក៏​សង្កត់​ធ្ង​ន​ដែរ​ថា បើ​កូរ៉េខាងជើង​ហ៊ាន​បង្ករឿង​ដោយ​ប្រើប្រាស់​អាវុធ កូរ៉េខាងត្បូង​នឹង​ឆ្លើយតប​វិញ​យ៉ាង​ឆាប់រហ័ស​មិន​ខាន ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អាមេរិក និង​កូរ៉េខាងត្បូង​ផ្ទាល់​។​

​ដោយសារតែ​កូរ៉េខាងជើង​ផ្គើន​អន្តរជាតិ​ម្ដង​ហើយ​ម្ដងទៀត ចិន និង​អាមេរិក កំពុង​ពិភាក្សា​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​រដ្ឋ​កុម្មុយនីស្ត​ឯកោ​មួយ​នេះ​។ រយៈពេល​កន្លងមក បើ​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន​យល់ព្រម​លើ​ចំណាត់ការ​ណាមួយ​ហើយ​នោះ ប្រទេស​ផ្សេង​ចាំតែ​អនុវត្តតាម​ប៉ុណ្ណោះ​។ ចុងក្រោយ​នេះ គេ​សង្កេតឃើញ​អាមេរិក និង​ចិន​ត្រូវរ៉ូវ​គ្នាច្រើន​លើ​វិបត្តិ​ឧបទ្វីប​កូរ៉េ ខណៈដែល​កូរ៉េខាងជើង​នៅតែ​បាញ់​មី​ស៊ី​ល​ជារឿយ​ដដែល​៕

Tag:
 ​កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com