អន្តរជាតិ
អតីត​អនុ​ប្រធានាធិបតី​អាមេរិក Gore ៖ បម្រែបម្រួល​អាកាសធាតុ​ជា​មូលហេតុ​នៃ​បដិវត្តន៍​អារ៉ាប់​
02, Jun 2017 , 12:07 pm        
រូបភាព
អតីតអនុប្រធានាធិបតីអាមេរិក Al Gore (រូបភាព Xinhua)
អតីតអនុប្រធានាធិបតីអាមេរិក Al Gore (រូបភាព Xinhua)
​អតីត​អនុ​ប្រធានាធិបតី​អាមេរិក អាល់ ហ្ក័​រ (Al Gore) បាន​និយាយថា បម្រែបម្រួល​អាកាសធាតុ​ដែល​បង្ក​ជា​វិបត្តិ​ស្បៀងអាហារ គឺជា​មូលហេតុ​នាំ​ឲ្យ​មាន​បដិវត្តន៍​នៅ​តំបន់​អារ៉ាប់​កាលពី​ឆ្នាំ​២០១០ ។ បដិវត្តន៍​នេះ បាន​ផ្ដួលរំលំ​មេដឹកនាំ​ផ្ដាច់ការ​ជាច្រើន​ប្រទេស​ដូចជា​អាល់​ហ្សេ​រី យេ​ម៉ែន លី​ប៊ី និង​អេ​ហ្ស៊ី​ប​ជាដើម​។ ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​កោះ Jeju របស់​កូរ៉េខាងត្បូង លោក ហ្ក័​រ ក៏បាន​ស្នើ​ឲ្យ​មាន​ចំណាត់ការ​ទប់ទល់​បញ្ហា​នេះ​ផងដែរ​។​



​បម្រែបម្រួល​អាកាសធាតុ គឺជា​ដើមហេតុ​បណ្ដាល​ឲ្យ​មាន​អស្ថិរភាព​សង្គម​នៅ​តំបន់​អារ៉ាប់ និង​នាំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​។ នេះ​ជាការ​លើកឡើង​របស់​អតីត​អនុ​ប្រធានាធិបតី​អាមេរិក លោក អាល់ ហ្ក័​រ ទៅកាន់​អ្នកចូលរួម​ក្នុង​វេទិកា Jeju ស្ដីពី​សន្តិភាព និង​វិបុលភាព​។ បើតាម​លោក ហ្ក័​រ ការប្រែប្រួល​អាកាសធាតុ​ដែល​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ស្បៀងអាហារ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​។​

​លោក ហ្ក័​រ ដែល​ធ្លាប់ជា​អនុ​ប្រធានាធិបតី​ចន្លោះ​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០១ ក្រោម​អាណត្តិ​លោក ប៊ី​ល គ្លី​ន​តុ​ន បាន​រំឭក​ឡើងវិញ​ការដុត​ខ្លួន​របស់​អ្នក​ឥ​វ៉ាន់​ជនជាតិ​ទុយ​នី​ស៊ី ដែល​នាំ​ជា​ដើមចម​ឈានដល់​ការ​ងើបឡើង​របស់​ប្រជាជន​ទុយ​នី​ស៊ីទម្លាក់​របប​ដឹកនាំ​របស់លោក Zine El Abidine Ben Ali ។ ដោយ​ចង់​សំដៅ​ដល់​វិបត្តិ​ស្បៀងអាហារ​នៅ​ទុយ​នី​ស៊ី លោក ហ្ក័​រ និយាយថា​៖ «​នៅ​ចុងក្រោយ​អ្នកលក់​ឥ​វ៉ាន់​រូបនេះ​មិនបាន​ស្រែកថា​បរាជ័យ​ជន​ផ្ដាច់ការ​ទេ តែ​បាន​ស្រែកថា​ខ្ញុំ​ត្រូវ​រស់នៅ​របៀប​ណា​»​។​

​យ៉ាងណាក្ដី លោក ហ្ក័​រ បញ្ជាក់​ដែរ ទំនាក់ទំនង​រវាង​បម្រែបម្រួល​អាកាសធាតុ និង​អស្ថិរភាព​នយោបាយ មិន​ទទួលបាន​ការចាប់អារម្មណ៍​ពី​ប្រទេស​ផ្សេង​ឡើយ​។ ក្រៅពី​វិបត្តិ​អារ៉ាប់ លោក ហ្ក័​រ ក៏​ទម្លាក់​ការទទួលខុសត្រូវ​នៃ​ការផ្ទុះ​វិបត្តិ​នៅ​ស៊ី​រី លើ​បញ្ហា​អាកាសធាតុ​នេះដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន Yonhap ស្រង់​សម្ដី​លោក ហ្ក័​រ ថា បម្រែបម្រួល​អាកាសធាតុ បង្ក​ជា​គ្រោះរាំងស្ងួត ហើយ​គ្រោះរាំងស្ងួត​នេះ​បង្ក​ផលប៉ះពាល់​ដល់​ផ្ទៃដី​កសិកម្ម​ជាច្រើន​លាន​ហិកតា និង​បង្ខំ​ប្រជាជន​ស៊ី​រី​រាប់លាន​នាក់​ភៀសខ្លួន​។​

«​នៅពេលដែល​ជនភៀសខ្លួន​បណ្ដាលមកពី​បញ្ហា​អាកាសធាតុ​បូក​ចូល​ជា​ជន​ភៀស​មកពី​សង្គ្រាម​អ៊ីរ៉ាក់​លើទឹក​ដី​ស៊ី​រី បញ្ហា​សង្គម​ច្បាស់​ជា​កើតមាន​។ បើ​ជនភៀសខ្លួន​ទាំងនោះ​មានគំនិត​បង្កើត​រដ្ឋាភិបាល​ខ្លួនឯង ដើម្បី​រក្សា​ស្ថិរភាព​ទៅទៀត​នោះ យើង​ត្រូវតែ​ធ្វើ​អ្វី​យ៉ាង​ហើយ​»​។ នេះ​ជាការ​ពន្យល់​របស់លោក ហ្ក័​រ ជុំវិញ​មូល​ហេតុដែល​បម្រែបម្រួល​អាកាសធាតុ​នាំ​ឲ្យ​មាន​បញ្ហា​នៅ​ស៊ី​រី ហើយ​អាមេរិក​តែង​ចាត់ទុក​បញ្ហា​របៀបនេះ ជាការ​គំរាម​ផ្នែក​សន្តិសុខ​ជា​យូរ​មកហើយ​។

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការលើកឡើង​របស់​អតីត​អនុ​ប្រធានាធិបតី​អាមេរិក ធ្វើឡើង​ចំពេល​ដែល​ប្រធានាធិបតី​អាមេរិក​សព្វថ្ងៃ ដូ​ណា​ល់ ត្រាំ មាន​គម្រោង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​ឆ្នាំ​២០១៥ ។ លោក ត្រាំ ដែលមាន​ផ្ដល់​អាទិភាព​លើ​ប្រយោជន៍​អាមេរិក​ជាធំ ចាត់ទុក​កិច្ចព្រមព្រៀង​នេះ​ថា​បាន​ប៉ះពាល់​សេដ្ឋកិច្ច​អាមេរិក ដែល​តម្រូវ​ឲ្យ​លោក​ដកខ្លួន​ចេញ​។ លោក ត្រាំ ក៏​ថែមទាំង​និយាយថា បញ្ហា​អាកាសធាតុ​នេះ​ជា​រឿង​បោកប្រាស់​ទៀតផង​៕


Tag:
 ​អាមេរិក​
  Al Gore
  បម្រែបម្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com