អន្តរជាតិ
សម្ព័ន្ធមិត្ត​អាមេរិក​ទិតៀន ត្រាំ ដែល​គិត​ប្រយោជន៍​ខ្លួន​ធំ​ជាង​ប្រយោជន៍​ពិភពលោក​ដោយ​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​
02, Jun 2017 , 2:38 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ (រូបភាព Reuters)
ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ (រូបភាព Reuters)
​នៅ​ទីបំផុត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានសម្រេច​ចិត្ត​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ ឆ្នាំ​២០១៥ ដោយ​ប្រកាសថា ការសម្រេចចិត្ត​នេះ​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​អាមេរិក​។ ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ គឺជា​ការសន្យា​របស់លោក ត្រាំ ពេល​លោក​ចេញ​ឃោសនា​រក​សំឡេងឆ្នោត​កាលពី​ឆ្នាំ​២០១៦ ។ ដូច​បានដឹង​មុន​ហើយ​នោះ សម្ព័ន្ធមិត្ត​អាមេរិក និង​ប្រទេស​ផ្សេងទៀត បានបង្ហាញ​ការ​អាក់អន់ចិត្ត​យ៉ាងខ្លាំង​នឹង​ការដកខ្លួន​នេះ​។​



«​ដើម្បី​បំពេញ​តា​មកា​ត្វ​កិច្ច​របស់​ក្នុង​ខ្ញុំ​ក្នុង​ការការពារ​ប្រទេស និង​ប្រជាជន អាមេរិក​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​»​។ នេះ​ជាការ​ប្រកាស​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​សួនច្បារ​សេត​វិមាន​នៅ​ថ្ងៃទី​១ ខែមិថុនា​។ លោក ត្រាំ ក៏​ប្រកាស​ដែរ​ថា រដ្ឋបាល​អាមេរិក​នឹង​ចាប់ផ្ដើម​ការចរចា​ឡើងវិញ​ដើម្បី​សម្រេច​ចូលរួម​ជាមួយ​កិច្ចព្រមព្រៀង​ប៉ារីស​ឆ្នាំ​២០១៥ ឬក៏​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ថ្មី ដែល​មិន​ប៉ះពាល់​ប្រយោជន៍​អាមេរិក​។​

​ការសម្រេចចិត្ត​ដើរចេញ​ពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ គឺជា​រឿង​ដែល​គេ​រំពឹងទុក​តាំងពី​លោក ត្រាំ ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​មកម្ល៉េះ​។ អំឡុងពេល​យុទ្ធនាការ​ស្វែងរក​ការគាំទ្រ លោក ត្រាំ បានប្រកាស​ក្ដែ​ងៗ​ថា កិច្ចព្រមព្រៀង​ប៉ារីស​នេះ ពិតជា​អាក្រក់​ណាស់​សម្រាប់​សេដ្ឋកិច្ច​អាមេរិក ជាពិសេស​ឧស្សាហកម្ម​ប្រេង និង​ធ្យូងថ្ម ដែលជា​ប្រភព​ថាមពល​ដ៏​សំខាន់​។ កិច្ចព្រមព្រៀង​នេះ ក៏​ប៉ះពាល់​ដល់​អធិបតេយ្យ​អាមេរិក លួច​ការងារ​ប្រជាជន​អាមេរិក​ឲ្យ​ប្រទេស​ផ្សេង​ទៅទៀត​។​

​ប្រធានាធិបតី​អាមេរិក ដែល​គ្មាន​ប្រវត្តិ​ធ្វើ​នយោបាយ​រូបនេះ ក៏​អះអាង​ដែរ​ថា កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​នេះ ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក (GDP) របស់​អាមេរិក​ថយចុះ​ចំនួន​៣​ទ្រី​លាន​ដុល្លារ និង​ធ្វើ​ឲ្យ​ខាតបង់​ការងារ​ចំនួន​៦,៥​លាន​កន្លែង​។ ប៉ុន្តែ​ទន្ទឹមគ្នានេះ គូប្រជែង​របស់​អាមេរិក បែរជា​ទទួលបាន​ផលប្រយោជន៍​ច្រើនជាង​អាមេរិក តាមរយៈ​ការទាញយក​ការងារ​របស់​ប្រជាជន​អាមេរិក ឬ​ទទួលបាន​ប្រយោជន៍​ច្រើនជាង​អាមេរិក​។

​ជាមួយ​ការសម្រេចចិត្ត​បែបនេះ លោក ត្រាំ ក៏​ឆ្លៀត​រិះគន់​ប្រទេស​ដែល​ស្នើ​ឲ្យ​អាមេរិក​បន្ត​ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​ប៉ារីស​ទៀត​។ លោក​បញ្ជាក់ថា ប្រទេស​ទាំងនោះ​ហើយ គឺជា​អ្នក​ដែល​បាន​ឆក់​ការងារ​ពី​ប្រជាជន​អាមេរិក និង​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​រាប់ពាន់​លាន​ដុល្លារ​ថែមទៀត​តាមរយៈ​កិច្ចព្រមព្រៀង​ដែល​មិន​យុត្តិធម៌ ហើយ​ប្រទេស​ទាំងនោះ​ក៏​មិនបាន​បង់ប្រាក់​ជា​ចំណែក​របស់​ពួកគេ​សម្រាប់​សម្ព័ន្ធភាព​យោធា​ដែរ​។​

​យ៉ាងណាក្ដី គេ​ត្រូវ​រង់ចាំ​ដល់​ទៅ​បួន​ឆ្នាំ​ទៀត​ឯណោះ ការចាកចេញ​នេះ​មាន​ប្រសិទ្ធភាព​។ មុន​នៅ​ការប្រកាស​សម្រេចចិត្ត​ដើរចេញ លោក ត្រាំ ក៏បាន​ជូនដំណឹង​នេះ​ទៅកាន់​សភា​អាមេរិក​ផងដែរ ដើម្បី​រៀបចំ​ច្បាប់​សម្រាប់​ការចាកចេញ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សេត​វិមាន​និយាយថា អាមេរិក​នឹង​អនុវត្តតាម​គោលការណ៍​របស់​អង្គការសហប្រជាជាតិ​។ ពោល គឺ​អាមេរិក​ត្រូវ​រង់ចាំ​យ៉ាងតិចណាស់​បួន​ឆ្នាំ​ទៅមុខ​ដែរ​។​

១. សម្ព័ន្ធមិត្ត​អាមេរិក នាំគ្នា​រិះគន់​ការសម្រេចចិត្ត​របស់លោក ត្រាំ​

​ក្រោយ​ការប្រកាស​របស់​ប្រធានាធិបតី ត្រាំ ដែល​គេ​រំពឹងថា​នឹង​កើតឡើង​ដោយ​ចៀស​មិន​ផុត សហគមន៍​អន្តរជាតិ ជាពិសេស​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប នាំគ្នា​ចេញ​សេចក្ដីថ្លែងការណ៍​បង្ហាញ​ការមិន​ពេញចិត្ត​គ្រប់ៗ​គ្នា​។ តាំងពី​យូរ​មកហើយ​នោះ ប្រទេស​ជាច្រើន បានស្នើ​ឲ្យ​អាមេរិក​បន្ត​ជា​សមាជិក​កិច្ចព្រមព្រៀង​ប៉ារីស​នេះ ព្រោះនេះ​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​ប្រទេស​ទាំងអស់​ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។​

​មេដឹកនាំ​អាល្លឺម៉ង់ បារាំង និង​អ៊ីតាលី ដែលជា​សមាជិក​មហាអំណាច​សេដ្ឋកិច្ច​ទាំង​៧ (G7) និង​បាន​រង់ចាំ​ចម្លើយ​តាំងពី​កិច្ចប្រជុំ​នៅ​អ៊ីតាលី​មក​នោះ បានចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​ដ៏​កម្រ​មួយ និង​បាន​រិះគន់​ការដើរ​ចេញ​នេះ​។ នាយករដ្ឋមន្ត្រី​អ៊ីតាលី ប៉ាវ​ឡូ ជេន​ទី​ឡូ​នី (Paolo Gentiloni), អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្គែ​ល (Angela Merkel) និង​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) ប្រកាស​រួមគ្នា​ថា វា​នឹង​គ្មាន​ការចរចា​ឡើងវិញ​អ្វី​ឡើយ និង​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផ្សេង​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​បញ្ហា​សកល​នេះ​។​

​ដោយឡែក​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) ដែល​គាំទ្រ​កិច្ចព្រមព្រៀង​ប៉ារីស​យ៉ាង​ខ្ជាប់ខ្ជួន​នោះ ក៏បាន​បង្ហាញ​ការមិន​ពេញចិត្ត​របស់ខ្លួន​។ នាយករដ្ឋមន្ត្រី​វ័យក្មេង​រូបនេះ​បានប្រកាស​ពី​ការប្ដេជ្ញាចិត្ត​ដោយ​ឥត​ងាករេ​របស់​កាណាដា​ក្នុងការ​ប្រយុទ្ធប្រឆាំង​បម្រែបម្រួល​អាកាសធាតុ និង​សេដ្ឋកិច្ច​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។ ឯ​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ ក៏​ប្រកាស​ដែរ​ថា​អង់គ្លេស​នឹង​ដើរ​តាម​អាមេរិក​ក្នុងការ​ចាកចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះឡើយ​។​

២. ហត្ថលេខី​១៩៥​ប្រទេស ព្រមព្រៀង​អ្វីខ្លះ​ក្នុង​កិច្ចព្រមព្រៀង​ប៉ារីស​?

​ច្បាស់​ណាស់​ថា ការដកខ្លួន​របស់​អា​មេ​រិ​ក​ពី​កិច្ចព្រមព្រៀង​ប៉ារីស​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ គឺជា​រឿង​គួរ​ឲ្យ​ខកចិត្ត​បំផុត​។ កិច្ចព្រមព្រៀង​នេះ ជា​កិច្ច​ខិត​ប្រឹងប្រែង​របស់​អន្តរជាតិ​ក្នុងការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដែល​កំពុង​បង្ក​ផលប៉ះពាល់​ពេញ​ពិភពលោក​ដូចជា​ការ​កើន​កម្ដៅ​ពិភពលោក ការឡើង​កម្ពស់​ទឹកសមុទ្រ គ្រោះរាំងស្ងួត និង​ទឹកជំនន់​ជាដើម​។ ក្រៅពី​អាមេរិក មាន​ប្រទេស​ពីរ​ដែល​មិន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​នេះ​មាន​នី​កា​រ៉ា​ហ្កា និង​ស៊ី​រី​។​
 
​ក្នុង​កិច្ចប្រជុំ​នៅ​ប៉ារីស ឆ្នាំ​២០១៥ ប្រទេស​ទាំងអស់​បាន​យល់ព្រម​ចាប់ដៃគ្នា​ក្នុងការ​កាត់បន្ថយ​កំណើន​កម្ដៅ​ពិភពលោក ដែល​បង្កដោយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក​។ សមាជិក​កិច្ចប្រជុំ​ទាំងអស់​ក៏​ព្រមព្រៀង​រក្សា​សីតុណ្ហភាព​បច្ចុប្បន្ន​ឲ្យ​មាន​ម្រិ​ត​លើស​សីតុណ្ហភាព​មុន​បដិវត្តន៍​ឧស្សាហកម្ម​ត្រឹម​ពីរ​អង្សា​ប៉ុណ្ណោះ និង​កំណត់​បរិមាណ​ឧស្ម័ន​កាបូ​និក​បញ្ចេញ​ដោយ​មនុស្ស ឲ្យ​ស្របតាម​បរិមាណ​ដែល​ដី ដើមឈើ និង​សមុទ្រ អាច​ស្រូប​យកបាន​។​

​ប្រទេស​ហត្ថលេខី​ទាំង​១៩៥ ប្រទេស ក៏​ឯកភាពគ្នា​ពិនិត្យ​សកម្មភាព​របស់​ប្រទេស​នីមួយៗ​ក្នុងការ​ចូលរួម​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក​នៅ​រៀងរាល់​ប្រាំ​ឆ្នាំ​ម្ដង​។ ការធ្វើ​ដូចនេះ គឺ​ដើម្បី​ទុក​ឱកាស​ឲ្យ​រដ្ឋ​សមាជិក​ទាំងអស់​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​បាន​។ ចុងក្រោយ​ដែលជា​ចំណុច​សំខាន់ គឺ​ប្រទេស​ទាំង​អ្នកមាន​ទាំងអស់ ត្រូវ​ជួយ​ប្រទេស​ក្រីក្រ​តាមរយៈ​ការផ្ដល់​ហិរញ្ញវត្ថុ​ឲ្យ​ពួកគេ​ដើម្បី​សម្រប​ខ្លួន​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ងាក​ទៅប្រើ​ថាមពល​ស្អាត​អាច​ប្រើប្រាស់​ឡើងវិញ​៕

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  បម្រែបម្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com