អន្តរជាតិ
ដូ​ណា​ល់ ត្រាំ នឹង​ស្វាគមន៍​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឲ្យ​ពេញមុខ​ពេញមាត់​
02, Jun 2017 , 9:39 pm        
រូបភាព
​ទៅ​ទស្សនកិច្ច​លើកទីមួយ​នៅ​អាមេរិក ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន (Moon Jae-in) នឹង​ទទួលបាន​ការស្វាគមន៍​ដោយ​ក្ដី​គោរព​ជា​អតិបរមា​ពី​សំណាក់​អាមេរិក ដែលជា​ម្ចាស់ផ្ទះ និង​ជា​សម្ព័ន្ធមិត្ត​យូរ​ឆ្នាំ​។ ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​អាមេរិក ធ្វើឡើង​ដោយមាន​ការអញ្ជើញ​ពី​សំណាក់​សម​ភាគី ដូ​ណា​ល់ ត្រាំ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​បញ្ហា​មួយចំនួនទៀត​។​



​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នឹងធ្វើ​ដំណើរ​ទៅ​ជួប​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ខែមិថុនា​នេះ ដែលជា​ជំនួប​ទល់មុខ​លើកដំបូង​រវាង​មេដឹកនាំ​សម្ព័ន្ធមិត្ត​ធ្លាប់​ប្រកៀក​ស្មា​ប្រយុទ្ធ​ក្នុង​សង្គ្រាម​កូរ៉េ​។ មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​និយាយថា ភាគី​អាមេរិក នឹង​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​លោក មូ​ន ចេ​អ៊ី​ន ឲ្យ​បាន​ពេញមុខ​ពេញមាត់ ស័ក្ដិសម​នឹង​ជា​សម្ព័ន្ធមិត្ត រួមគ្នា​នឹង​កម្មវិធី​ស្វាគមន៍​ជាច្រើន​ដើម្បី​ចាំ​ទទួល​ដូចគ្នា​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មន្ត្រី​កូរ៉េខាងត្បូង​ដដែល​ខាងលើ​បញ្ជាក់ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក H.R. McMaster ជា​អ្នក​ប្រាប់​ពី​ការត្រៀម​ទទួល​នេះ ទៅកាន់​សម​ភាគី​កូរ៉េខាងត្បូង Chung Eui-yong  ដែល​កំពុង​ស្ថិតនៅ​អាមេរិក ដើម្បី​រៀបចំ​ជំនួប​រវាង​លោក ត្រាំ និង​លោក មូ​ន ។ មន្ត្រី​ទទួលបន្ទុក​សន្តិសុខ​ជាតិ​ទាំងពីរ កំពុង​ញាប់ដៃ​ញាប់ជើង​ដើម្បី​បញ្ចប់​ការងារ​រៀបចំ​នេះ​រាប់ទាំង​របៀបវារៈ​កិច្ចប្រជុំ និង​ពេលវេលា​ជាក់លាក់​។

​សូមបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក ត្រាំ បាន​អញ្ជើញលោក មូ​ន ទៅ​ទស្សនកិច្ច​នៅ​ក្រុង​វ៉ាស៊ីនតោន អំឡុងពេល​ការជជែក​តាម​ទូរ​សព្ទ​ក្នុង​ខែឧសភា ដែល​ពេលនោះ លោក ត្រាំ បាន​សាទរ​លោក មូ​ន ក្នុងការ​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង បន្ត​ពី​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ដែល​អស់តំណែង​។ ភាគី​ទាំងពីរ យល់ព្រម​ជួបគ្នា​នៅ​ដំណាច់​ខែមិថុនា​នេះ​។ យ៉ាងណាក្ដី កាលបរិច្ឆេទ​ជាក់លាក់ កំពុង​ត្រូវបាន​ពិភាក្សា​នៅ​ជំនួប​រវាង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ទាំងពីរ​នៅ​ថ្ងៃទី​១ ខែមិថុនា​។​

​ប្រធានបទ​សំខាន់​នៃ​ជំនួប​លើកដំបូង​នេះ នឹង​ផ្ដោត​សំខាន់​លើ​ការពង្រឹង​សម្ព័ន្ធភាព​កូរ៉េខាងត្បូង និង​អាមេរិក ការទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ភាពជា​ដៃគូ​នៅ​កម្រិត​ពិភពលោក​។ របៀបវារៈ​សំខាន់​មួយទៀត​នោះ គឺ​ផែនការ​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាកាស THAAD ដែល​កំពុង​ចម្រូងចម្រាស​ខ្លាំង​។ ខណៈដែល​ប្រជាជន​កំពុង​មិន​ពេញ​ចិត្តនឹង​វត្តមាន THAAD ស្រាប់​ផង​នោះ អាមេរិក​បែរជា​លួច​នាំចូល​ឧបករណ៍​បាញ់​រ៉ុក្កែត​ចំនួន​បួន​គ្រឿង​បន្ថែមទៀត​ដោយ​មិន​ប្រាប់​នរណា​ឡើយ​។​

​ទំនង​អន់ចិត្ត​ខ្លាំង លោក មូ​ន ចេ​អ៊ី​ន ក៏​ចេញ​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ករណីនេះ ដើម្បី​រក​ការពិត​។ យ៉ាងណាមិញ វត្តមាន​លោក Chung Eui-yong មាន​គោលដៅ​ដើម្បី​បញ្ជាក់ប្រាប់​អាមេរិក​ថា កូរ៉េខាងត្បូង​មិនមាន​បំណង​បោះបង់​ប្រព័ន្ធ​ការពារ THAAD ចំណែក​ការស៊ើបអង្កេត​នេះ គ្រាន់តែ​ជា​ដំណើរការ​ក្នុងស្រុក​ធម្មតា​ប៉ុណ្ណោះ​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com