អន្តរជាតិ
កូរ៉េខាងជើង​អួតថា អាមេរិក​មិនអាច​បាញ់​ស្ទាក់​នុយក្លេអ៊ែរ​របស់ខ្លួន​បានឡើយ
03, Jun 2017 , 7:39 pm        
រូបភាព
​កូរ៉េខាងជើង នៅ​ថ្ងៃទី​៣ ខែមិថុនា បាន​ថ្កោលទោស​ការធ្វើ​តេស្ត​បាញ់​ទម្លាក់​មី​ស៊ី​ល​អន្តរទ្វីប​របស់​អាមេរិក​។ អាមេរិក​បាន​អះអាងថា ការបាញ់​សាកល្បង​នេះ​ទទួលបាន​ជោគជ័យ ហើយ​ថា មី​ស៊ី​ល​របស់ខ្លួន​មាន​សមត្ថភាព​បាញ់​ស្ទាក់​មី​ស៊ី​ល​រយៈ​ចម្ងាយ​របស់​កូរ៉េខាងជើង​បាន​។ ដោយ​ចាត់ទុក​សកម្មភាព​រប​ស់​អាមេរិក​ជា​ទង្វើ​បង្ករឿង កូរ៉េខាងជើង​ក៏​ឆ្លើយតប​វិញ​ថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​មិនអាច​ស្ទាក់ចាប់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បានឡើយ​។



​អ្នកនាំពាក្យ​កងកម្លាំង​យុទ្ធសាស្ត្រ​នៃ​កងទ័ព​កូរ៉េខាងជើង បាន​និយាយថា ការសាកល្បង​ដោយ​បាញ់​ស្ទា​ក់មី​ស៊ី​ល​អន្តរទ្វីប​របស់​អាមេរិក​នៅ​ថ្ងៃទី​៣០ ខែឧសភា គឺជា​ទង្វើ​បង្កហេតុ​ខាង​យោធា​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​អាមេរិក​។ អ្នកនាំពាក្យ​ដដែល​បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ថា អាមេរិក​កំពុង​ច្រឡំ​ធំ​ហើយ បើ​ពួកគេ​គិតថា​ប្រព័ន្ធ​បាញ់​ស្ទា​ក់មី​ស៊ី​ល​របស់​ពួកគេ​អាច​ការពារ​អាមេរិក​ពី​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​ដោយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មន្ត្រី​កូរ៉េខាងជើង​ខាងលើ​បញ្ជាក់ទៀតថា សកម្មភាព​ដ៏​ប្រថុយប្រថាន​របស់​អាមេរិក គឺជា​សញ្ញា​បង្ហាញ​ពី​ដំណាក់កាល​ចុងក្រោយ​នៃ​ការរៀបចំ​ធ្វើសង្គ្រាម​នុយក្លេអ៊ែរ​ប្រឆាំង​កូរ៉េខាងជើង​។ មន្ត្រី​រូបនេះ​បន្តថា ទង្វើ​ឆ្កួត​ឡប់​របៀបនេះ គឺ​បង្ហាញ​កាន់តែច្បាស់​ពី​ភាពស្របច្បាប់​របស់​កូរ៉េខាងជើង​ក្នុងការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ ដើម្បី​ទុក​ការពារ​ខ្លួនឯង​ពី​ការវាយប្រហារ​ណាមួយ​ធ្វើឡើង​ដោយ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់គេ​។​

​ការលើកឡើង​របស់​យោធា​កូរ៉េខាងជើង ធ្វើឡើង​ក្រោយ​អាមេរិក​សាកល្បង​ដោយ​ជោគជ័យ​ក្នុងការ​បាញ់​ស្ទា​ក់មី​ស៊ី​ល​អន្តរទ្វីប​។ ការសាកល្បង​ថ្ងៃទី​៣០ ខែឧសភា មី​ស៊ី​ល​គម្រូ​មួយ​ត្រូវបាន​បាញ់​ចេញពី​កោះ Marshall Islands ខណៈ​មី​ស៊ី​លបាញ់​ស្ទាក់​មួយទៀត​ត្រូវបាន​បាញ់​ចេញពី​មូលដ្ឋាន​ទ័ពអាកាស Vandenberg ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ដើម្បី​បាញ់​ស្កាត់​មី​ស៊ី​ល​គម្រូ​តែម្ដង​។ ច្បាស់​ណាស់​ថា មី​ស៊ី​ល​គម្រូ​នេះ គឺ​ធ្វើ​ត្រាប់​តាម​មី​ស៊ី​ល​អន្តរទ្វីប​របស់​កូរ៉េខាងជើង​។​

​តាមពិតទៅ ការណ៍​ដែល​អាមេរិក​សាកល្បង​ប្រព័ន្ធ​ស្ទាក់​មី​ស៊ី​ល​នេះ គឺ​ដើម្បី​ការពារ​ការគំរាមកំហែង​ពី​សំណាក់​មី​ស៊ី​ល​កូរ៉េខាងជើង ដែល​គេ​ជឿថា​មាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​ក្នុង​ឃ្លាំង​ហើយ​។ កាលពីដើមឆ្នាំ​២០១៧ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានប្រកាស​តាមរយៈ​សារ​អបអរ​ឆ្នាំ​ថ្មី​ថា កូរ៉េខាងជើង​បានមក​ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ហើយ​។ ការប្រកាស​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​យ៉ាងខ្លាំង ជាពិសេស​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

​ជា​ញឹកញយ កូរ៉េខាងជើង​បាន​គំរាម​កម្ទេច​ទាំង​អាមេរិក ទាំង​សម្ព័ន្ធមិត្ត​មាន​កូរ៉េខាងត្បូង និង​ជប៉ុន ឲ្យ​ក្លាយជា​ផេះផង់​មិន​ខាន បើ​ហ៊ាន​ប៉ះពាល់​អធិបតេយ្យ​របស់​ខ្លួន​។ កូរ៉េខាងជើង ក៏​មិន​ញញើត​នឹង​ការ​គំរាម​របស់​អាមេរិក​តា​មរយៈ​ការបញ្ជូន​នាវា​ដឹក​យន្តហោះ​មក​កៀក​ឧបទ្វីប​កូរ៉េ​ដែរ ហើយ​ថែមទាំង​ហ៊ាន​និយាយថា​ត្រៀមខ្លួន​ធ្វើសង្គ្រាម​រួចរាល់​ទៀតផង​។ ការ​គំរាម​គ្នា​ទៅវិញទៅមក​នេះ ធ្វើ​ឲ្យ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​តានតឹង​ខ្លាំង ខណៈ​ដំណោះស្រាយ​ជា​ដុំកំភួន​នៅតែ​រក​មិនទាន់​នៅឡើយ​៕  


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com