អន្តរជាតិ
ក្រោយ​អាមេរិក​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ប៉ារីស ពូ​ទីន ថា «​កុំ​ភ័យ​អី សប្បាយចិត្ត​ទៅ​»
03, Jun 2017 , 9:19 pm        
រូបភាព
​ការសម្រេច​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​របស់​អាមេរិក ធ្វើ​ឲ្យ​គេឯង​ខកចិត្ត​យ៉ាងខ្លាំង ព្រោះ​អាមេរិក​បែរជា​បោះបង់​ការងារ​រួមគ្នា​របស់​ប្រទេស​ជុំវិញ​ពិភពលោក​ក្នុងការ​ដោះស្រាយ​បញ្ហា​ឡើង​កម្ដៅ​ពិភពលោក​ទៅវិញ​។ យ៉ាងណាក្ដី ខណៈដែល​ពិភពលោក​ជ្រួលច្របល់​ដោយសារ​អាមេរិក​ដកខ្លួន​នោះ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ឯណោះ​វិញ បានបង្ហាញ​ការភ្ញាក់ផ្អើល​អ្វី​ឡើយ ហើយ​ស្នើ​ឲ្យ​ពិភពលោក​ទាំងមូល​រក្សា​ភាព​ស្ងៀមស្ងាត់ ព្រោះ​ពេលវេលា​នៅ​វែងឆ្ងាយ​ទៀត​។​



​មេដឹកនាំ​ពិភពលោក​រិះគន់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​សម្រេចចិត្ត​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ប៉ារីស​។ ប៉ុន្តែ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន មិន​បកស្រាយ​អ្វី​លើ​ការសម្រេចចិត្ត​នេះឡើយ ហើយ​លោក​ក៏បាន​អំពាវនាវ​ឲ្យ​ពិភពលោក​ទាំងមូល មិនចាំបាច់​ភ័យ​អ្វី​ឡើយ​។ លោក ពូ​ទីន ក៏​និយាយ​បែប​កំប្លែង​ថា បើ​មាន​បញ្ហា​អី​កើតឡើង​ក្នុងការ​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ ចាំ​ទម្លាក់កំហុស​ទាំងអស់​លើ​ចក្រពត្តិនិយម​អាមេរិក​ទៅ​។​

​ថ្លែង​ទៅកាន់​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ទីក្រុង St. Petersburg ប្រធានាធិបតី​រុស្ស៊ី បាន​និយាយ​ដែរ​ថា ការ​ជ្រួលច្របល់​ដោយសារ​ការចាកចេញរ​បស់​អាមេរិក ហាក់ដូចជា​ទៅ​ហួស​ឆ្ងាយ ដ្បិត​ពេលវេលា​នៅមាន​ច្រើន​ទៀត ទម្រាំ​កិច្ចព្រមព្រៀង​ប៉ារីស​ដែល​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៥ ចូល​ជា​ធរមាន​។ លោក​បញ្ជាក់ថា កុំ​ភ័យ​អី ហើយ​សប្បាយចិត្ត​ទៅ ដ្បិតអី​កិច្ចព្រមព្រៀង​នេះ​មាន​ប្រសិទ្ធភាព​នៅ​ឆ្នាំ​២០២១ ឯណោះ ដូច្នេះហើយ​ប្រទេស​នានា​មាន​ពេលវេលា​ចរចា​បាន​ទៀត​។​

​បើតាម​សារព័ត៌មាន RT លោក ពូ​ទីន មេដឹកនាំ​រុស្ស៊ី​ដែលជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ច្រើនជាងគេ​លំដាប់​ទី​៥ និង​ជា​ប្រទេស​ផលិត​ប្រេង​ឆៅ​ធំជាងគេ យល់ថា ប្រទេស​ជាច្រើន​អាច​ប្រើប្រាស់​ពេលវេលា​ដែល​នៅសល់​នេះ ពិភាក្សាគ្នា​ឲ្យ​បាន​លម្អិត​ដើម្បី​ដោះស្រាយ​បញ្ហា​កើន​កម្ដៅ​សកល​នេះ​។ លោក​បន្តថា លោក​មិន​បន្ទោ​សលោក ត្រាំ ដែល​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះឡើយ តែ​អាមេរិក​គួរ​ព្យាយាម​កែប្រែ​កិច្ចព្រមព្រៀង​នេះ ជាជាង​ចាកចេញ​។​

​សូមបញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ប៉ារីស​នៅ​ថ្ងៃទី​១ ខែមិថុនា​។ ប្រធានាធិបតី​អាមេរិក​អះអាង​ដែរ​ថា កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​នេះ ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក​របស់​អាមេរិក​ថយចុះ​ចំនួន​៣​ទ្រី​លាន​ដុល្លារ និង​ធ្វើ​ឲ្យ​ខាតបង់​ការងារ​ចំនួន​៦,៥​លាន​កន្លែង​។ ប៉ុន្តែ​ទន្ទឹមគ្នានេះ គូប្រជែង​របស់​អាមេរិក បែរជា​ទទួលបាន​ផលប្រយោជន៍​ច្រើនជាង​អាមេរិក តាមរយៈ​ការទាញយក​ការងារ​របស់​ប្រជាជន​អាមេរិក ឬ​ទទួលបាន​ប្រយោជន៍​ច្រើនជាង​អាមេរិក​។  

​ក្រោយ​ការប្រកាស​របស់​ប្រធានាធិបតី ត្រាំ ដែល​គេ​រំពឹងថា​នឹង​កើតឡើង​ដោយ​ចៀស​មិន​ផុត សហគមន៍​អន្តរជាតិ ជាពិសេស​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប​ដូចជា​អាល្លឺម៉ង់ បារាំង និង​អ៊ីតាលី នាំគ្នា​ចេញ​សេចក្ដីថ្លែងការណ៍​បង្ហាញ​ការមិន​ពេញចិត្ត​គ្រប់ៗ​គ្នា​។ តាំងពី​យូរ​មកហើយ​នោះ ប្រទេស​ជាច្រើន បានស្នើ​ឲ្យ​អាមេរិក​បន្ត​ជា​សមាជិក​កិច្ចព្រមព្រៀង​ប៉ារីស​នេះ ព្រោះនេះ​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​ប្រទេស​ទាំងអស់​ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com