ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ថា​ ការមិន​និយាយ​ភាសា​ចាម​ជា​ហានិភ័យ​មួយ​នៃ​ការបាត់បង់​ភាសា​
04, Jun 2017 , 9:19 am        
រូបភាព
សហគមន៍ចាមនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
សហគមន៍ចាមនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
​អ្នកស្រាវជ្រាវ​ភាសា​ចាម បានបង្ហាញ​ពី​ហានិភ័យ​មួយ ដែល​នៅតាម​សហគមន៍​ចាម​នៅ​កម្ពុជា​មួយចំនួន​បាន​បោះបង់​ការនិយាយ​ភាសា​ខ្លួន ដោយ​ជំនួស​ភាសា​ខ្មែរ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​គ្នា​។ ចង់​មិន​ចង់ សម្រាប់​អ្នកជំនាញ​ផ្នែក​ភាសា អាកប្បកិរិយា​នេះ​បានធ្វើ​ឲ្យ​ជនជាតិ​ចាម​ខ្លួនឯង កំពុង​បំបាត់​ភាសា​របស់ខ្លួន​ដោយ​មិនដឹង​ខ្លួន ដោយ​គិតថា​ភាសា​ខ្លួន​គ្មាន​តម្លៃ និង​គ្មាន​ប្រយោជន៍​នៅក្នុង​សង្គម​។​



​ដើម្បី​ជ្រាប​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​នេះ សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឡឹប កើ អ្នកស្រាវជ្រាវ​ភាសា​ចាម ដូចតទៅ​៖




​អី​សា រ៉​ហា​នី​៖ លោក​មាន​ដឹង​ដែរ​ទេ ថា​តើ​ជនជាតិ​ចាម​បាន​កម្ចី​ភាសា​ខ្មែរ​មក​ប្រើ​សព្វថ្ងៃនេះ មាន​ប៉ុន្មាន​ពាក្យ ឬ​ប៉ុន្មាន​ភាគរយ​ដែរ​?

​ឡឹប កើ​៖ តាមពិត សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិនទាន់បាន​សិក្សា​ស្រាវជ្រាវ​អំពី​ពាក្យ​កម្ចី​ភាសា​ខ្មែរ​នៅក្នុង​ភាសា​ចាម ថា​មាន​ប៉ុន្មាន​នៅឡើយ​។ ប៉ុន្តែ​បើ​យើង​ក្រឡេកមើល ដំណើរ​ដើមទង​នៃ​ភាសា​ចាម​នឹង​ភាសា​ខ្មែរ ដែលមាន​ទំនាក់ទំនង​គ្នា ដោយសារ​ជនជាតិ​ចាម​រស់​នៅលើ​ទឹកដី​ឥណ្ឌូចិន​យូរ​មកហើយ ចឹ​ង​ទៅ​យើង​ត្រូវ​បែង​ចែកជា​៣​។ ទី​១ គឺមាន​ពាក្យ​ដែល​ប្រើ​រួមគ្នា​ជនជាតិ​ចាម និង​ជនជាតិខ្មែរ ហើយនឹង​ជនជាតិ​មន និង​ជនជាតិ​ដទៃទៀត​ដែល​នៅ​តំបន់​ដីសណ្តរ​អាស៊ីអាគ្នេយ៍​នេះ គឺ​វា​មាន​ពាក្យ​ប្រើ​រួមគ្នា ដោយ​យើង​មិនអាច​និយាយបានថា ពាក្យ​នេះ​ជនជាតិ​ចាម​ខ្ចី​ពី​អ្នក​ណាមួយ​បានឡើយ​។ មួយទៀត​ទី​២ នៅក្នុង​ភាសា​ទំនាក់ទំនង​ក៏​យើង​ប្រើ​រួមគ្នា​ដែរ តែ​ជា​ពាក្យ​កម្ចី​ពី​ភាសាបរទេស ដូចជា​ភាសាសំស្ក្រឹត​ជាដើម​។ យើង​ឃើញ​កេរដំណែល​ជាច្រើន​នៅក្នុង​ភាសា​ចាម ហើយនឹង​ភាសា​ខ្មែរ ត្បិត​មាន​សូរសព្ទ​ខុសគ្នា​តិចតួច តែ​ដំណើរ​ដើមទង​ចេញពី​ភាសាសំស្ក្រឹត ឬ​បាលី ឬ​បារាំង ឬ​អង់គ្លេស​ដែល​យើង​ខ្ចី​ពី​បរទេស​។ ហើយ​ទី​៣ ទាក់ទង​នឹង​ក​ម្ចៃ​នៅក្នុង​ពាក្យ​ទំនើប​។ យើង​ដឹង​ហើយ​ថា​យើង​មក​នៅ​ស្រុក​ខ្មែរ​យូរហើយ ហើយ​យើង​អត់​មាន​ក្រុម​ផ្នែក​ភាសា​ហ្នឹង​ច្បាស់លាស់​ទេ​រាប់រយឆ្នាំ​មកហើយ ចឹ​ង​ចង់​មិន​ចង់ ត្រូវតែ​ខ្ចី​ពាក្យ​ខ្មែរ យកមកប្រើ​ប្រាស់​ដែរ​។ ឧទាហរណ៍​ដូចជា​ពាក្យ ការអភិវឌ្ឍ អីចឹង ពាក្យ​វា​គឺជា​ពាក្យថ្មី ដែល​យើង​ខ្ចី​ពី​ភាសា​ខ្មែរ ដែល​នៅក្នុង​ភាសា​ចាម​អត់​មាន​អ្នកបង្កើត ឬ​អាច​ពី​ដើម​មាន​ហើយ តែ​បាត់បង់​ទៅវិញ​។ ដោយឡែក​សម្រាប់​តួលេខ​ថា​មាន​ប៉ុន្មាន​ភាគរយ យើង​អត់​ទាន់​មានការ​សិក្សា​ច្បាស់លាស់​ទេ យើង​ត្រូវការ​ពេលវេលា ពិសេស​ជនជាតិ​ចាម​ខ្លួនឯង​តែម្តង​ចូលរួម ដើម្បី​ធ្វើការ​ស្រាវជ្រាវ​។​

​អី​សា រ៉​ហា​នី​៖ ប៉ុន្តែ​លោក ឡឹប កើ លោក​ខ្លួនឯង​ទទួលស្គាល់​ដែរ​ទេ ថា​ជនជាតិ​ចាម​ខ្ចី​ភាសា​ខ្មែរ​មក​ប្រើ​ច្រើន​?

​ឡឹប កើ​៖  ក្រោយ​ឆ្នាំ​១៩៧៩​មកនេះ ជនជាតិ​ចាម​ពិតជា​ប្រើពាក្យ​ខ្មែរ​ច្រើន​មែន រហូតដល់​សហគមន៍​ចាម​មួយចំនួន មិន​ប្រើ​ភាសា​ចាម​ខ្លួនឯង​តែម្តង គាត់​គ្រាន់តែ​ចេះ​ស្តាប់​ពាក្យ​ចាម​មួយចំនួន​ពាក្យ​ជា​ដែល​ថ្មីៗ តែ​មិនចេះ​ស្តាប់​ពាក្យ​ចាម​បុរាណ​ទេ​។​

​អ៊ី​សា រ៉​ហា​នី​៖ ហ្នឹង​ដោយសារ គាត់​មក​រស់នៅ​ស្រុក​ខ្មែរ ហើយ​ត្រូវ​ការប្រើ​ភាសា​ខ្មែរ ដើម្បី​ងាយស្រួល​ទំនាក់ទំនង​ឬ​យ៉ាងណា​?

​ឡឹប កើ​៖ វា​មានរឿង​ច្រើន​ដែល​ត្រូវ​វែកញែក​ក្នុងករណីនេះ​។ ករណីនេះ​វា​មាន​ទីមួយ ដោយសារ​ជនជាតិ​ចាម​ខ្លួនឯង ព្យាយាម​ធ្វើ​ឲ្យ​ដូច​ខ្មែរ មានន័យថា ពេល​គាត់​ចេញទៅ​ខាងក្រៅ គាត់​ព្យាយាម​លាក់​ប្រវត្តិ គាត់​ព្យាយាម​និយាយ​ខ្មែរ​ឲ្យ​បាន​ច្រើន​។ ករណី​ទី​ពីរ គឺ​ក្នុងសម័យ​ខ្មែរក្រហម​រយៈពេល​ជាង​៣​ឆ្នាំ ការបង្ខំ​ឲ្យ​និយាយ​ភាសា​ខ្មែរ​ដាច់ខាត ហើយ​មនុស្ស​ចាស់ៗ​គាត់​ស្លាប់​ច្រើន ហើយ​ក្មេងៗ​ជំនាន់​ក្រោយ ចង់​មិន​ចង់​គាត់​ក៏​អត់​ដឹងថា​ជនជាតិ​ចាម​ពី​ដើម​គាត់​និយាយ (​ភាសា​) អី​ដែរ​។ ហើយ​រឿង​ទី​បី ទាក់ទង​នឹង​សេដ្ឋកិច្ច​។ យើង​ដឹង​ហើយ យើង​រស់នៅក្នុង​ប្រទេស​មួយ ភាសា​តែងតែ​ឆ្លង​គ្នា តម្រូវការ​នៃ​ការប្រើ​ភាសា វា​អាស្រ័យ​នឹង​ផ្នែក​សេដ្ឋកិច្ច​ដែរ បើ​យើង​មិនចេះ​ភាសា​ខ្មែរ​ច្បាស់​ទេ ក៏​យើង​មិនអាច​ធ្វើការ ឬ​ប្រកបការងារ​បានដែរ​ល្អប្រសើរ​ដែរ ចឹ​ង​ចង់​មិន​ចង់ ជនជាតិ​ចាម​ត្រូវតែ​ប្រើ​ភាសា​ខ្មែរ​ច្រើន​នៅក្រោយ​ឆ្នាំ​១៩៧៩​មក​។​

​អី​សា រ៉​ហា​នី​៖ មួយទៀត តើ​លោក​មាន​កត់សម្គាល់​ដែរ​ទេ ជនជាតិ​ចាម​នៅ​តំបន់​ណាខ្លះ​ដែល​នៅ​ប្រើ​ភាសា​ខ្លួន​បាន​ច្រើន ហើយ​កន្លែង​ណាខ្លះ​មាន​តិចតួច ឬ​សឹងតែ​លែង​ប្រើ​តែម្តង ហេតុអ្វី​?

​ឡឹប កើ​៖ យើង​ពិបាក​នឹង​ប្រាប់ថា តំបន់​ណា​នៅ​ប្រើ​ភាសា​ចាម​ច្រើនជាង​តំបន់​ណា ព្រោះថា ពេលដែល​យើង​ទៅ​ជួប​គាត់ ប្រសិន​យើង​ជា​ជនជាតិ​ចាម យើង​និយាយ​ចាម ចឹ​ង​គាត់​ឆ្លើយ​មកវិញ​ចាម​។ យើង​ត្រូវ​ប្រើពេល​វេលា​នៅ​ជាមួយ​គាត់ ស្តាប់​ការទំនាក់ទំនង​គ្នា ប៉ុន្តែ​យើង​អាច​ដឹង​រឿង​ខ្លះ​ដែរ ពិសេស​ជនជាតិ​ចាម​នៅ​តំបន់​ទីប្រជុំជន គាត់​ប្រើពាក្យ​ឬ​ភាសា​ខ្មែរ​ច្រើនជាង​ជនជាតិ​ចាម​ដែល​នៅតាម​តំបន់​ដាច់ស្រយាល​។ រឿង​មួយទៀត ចំពោះ​ជនជាតិ​ចាម​មួយក្រុម​ទៀត​ដែល​គាត់​មិនបាន​ប្រើពាក្យ​ខ្មែរ​ច្រើន​ទេ តែ​គាត់​បែរជា​ប្រើពាក្យ​ម៉ា​ឡេ ឬ​អារ៉ាប់​ច្រើន​ទៅទៀត នឹង​សម្រាប់​ក្រុម​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​ឈ្មួញ​ម៉ា​ឡេ ឬក៏​គ្រូ ឬក៏​ការសិក្សា​ម៉ា​ឡេ ឬ​អារ៉ាប់ ចឹ​ង​គាត់​ទទួល​ឥទ្ធិពល​ច្រើន រហូតដល់​ថ្នាក់​គាត់​ព្យាយាម​និយាយ​ម៉ា​ឡេ ឬ​អារ៉ាប់​ឲ្យ​បាន​ច្រើន ដើម្បី​បង្ហាញ​សហគមន៍​ឃើញថា គាត់​ពិតជា​អ្នកមានចំណេះដឹង ប៉ុន្តែ​យើង​មិនអាច​ចង្អុល​បាន​ថា ខេត្ត​ណា​ប្រើ​ភាសា​ចាម​ច្រើនជាងគេ តំបន់​ណា​ប្រើ​ភាសា​ចាម​តិចជាងគេ យើង​ពិបាក​ចង្អុល​ណាស់ តែ​អ្វី​ជាការ​កត់សម្គាល់​គឺ​អ្នក​នៅ​ទីប្រជុំជន ប្រើ​ភាសា​ខ្មែរ​ច្រើនជាងគេ​។​

​អ៊ី​សា រ៉​ហា​នី​៖ លោក​មើលឃើញ​ពី​គ្រោះថ្នាក់ ឬ​ហានិភ័យ នៃ​ការបាត់បង់​ភាសា​ខ្លួនឯង​ដែរ​ទេ នៅពេល​ជនជាតិ​ចាម​ខ្លះ​ព្យាយាម​លាក់​អត្តសញ្ញាណ ឬ​មិន​និយាយ​ភាសា​ខ្លួនឯង​?

​ឡឹប កើ​៖ ការបាត់បង់​នៃ​ភាសា​មួយ មិន​អាស្រ័យ​លើ​មនុស្ស​នៃ​ភាសា​នោះ​និយាយ​ច្រើន ឬ​តិច​នោះទេ តាមពិត​ការបាត់បង់​នៃ​ភាសា​មួយ​វា​អាស្រ័យ​លើ​កត្តា​ផ្សេង​ទៅវិញ​ទេ​។ តាមពិត ភាសា​មួយ​អាច​រីកចម្រើន​ទៅបាន ក៏​អាស្រ័យ​លើ​អ្នក​ដែល​និយាយ​នោះ ចេះ​ភាសា​ដទៃទៀត ដើម្បី​បង្កើន​ភាសា​ខ្លួនឯង​ឲ្យ​កាន់តែ​សម្បូរបែប​។ កាលណា​ជនជាតិ​ចាម​និយាយ​ភាសា​ចាម​បានល្អ ចេះ​ប្រើពាក្យ​ខ្មែរ​បានល្អ ចឹ​ង​គាត់​អាច​ទៅ​អភិវឌ្ឍន៍​ពាក្យ​ចាម​ឲ្យ​កាន់តែ​ប្រសើរឡើង ក្នុងករណី​ដែល​គាត់​មាន​ចេតនា ហើយនឹង​មាន​ឆ​ន្ទះ ក្នុងការ​អភិវឌ្ឍ និង​អភិរក្ស​ភាសា​ខ្លួនឯង​។ ផ្ទុយទៅវិញ ក្នុងករណី​ភាសា​មួយ​ដែល​បាត់បង់ គឺ​វា​អាស្រ័យ​លើ​ជនជាតិ​នោះ​ខ្លួនឯង​បោះបង់​ដោយ​ខ្លួនឯង មិនមែន​ជនជាតិ​នោះ​ទៅ​ខ្ចី​ភាសា​គេ​មក​ប្រើ​ទេ មានន័យថា គាត់​មិនបាន​ឲ្យ​តម្លៃ​ភាសា​កំណើត​នៃ​ដូនតា​គាត់ គាត់​គិតថា​ភាសា​របស់គាត់ គឺ​ឥត​បានការ​។​

​ពិតណាស់ ការមិន​ប្រើ​ភាសា​ខ្លួនឯង ជា​ផ្នែក​មួយ​នៃ​ការបាត់បង់​ភាសា​ដើម​នៃ​ជនជាតិ​មួយ​នោះ​។ កាលណា​យើង​មិន​ប្រើ មិន​អភិវឌ្ឍន៍ ហើយ​មិន​យកមកប្រើ យូរៗ​ទៅ​វា​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូ​រទាំង​សូរសព្ទ ការផ្លាស់ប្តូ​រទាំង​ពាក្យ ហើយនឹង​បញ្ញត្តិ​នៃ​ពាក្យ​ក៏​វា​នឹង​អាច​ផ្លាស់ប្តូរ​ក្នុងករណី​កាន់តែ​យូរ​ទៅៗ ក្នុង​សព្វថ្ងៃនេះ​យើង​ឃើញ​ពាក្យ​ចាម​ជាច្រើន​ដែល​ផ្លាស់ប្តូ​រប​ញ្ញ​ត​ត្តិ ផ្លាស់ប្តូរ​បញ្ញត្តិ​មានន័យថា ប្តូរ​ន័យ​ផ្សេង​ទៅវិញ បន្ទាប់ពី​ជនជាតិ​ចាម​មិនបាន​ប្រើ ដោយ​គិតថា​ភាសា​ខ្លួនឯង​មិនអាច​ប្រើ​ក្នុងន័យ​សេដ្ឋកិច្ច​បាន ការទំនាក់ទំនង​...​ផ្ទុយទៅវិញ ភាសា​ណា​ក៏​ដូច​ភាសា​ណា​ដែរ យើង​អាច​ប្រើ​បាន​គ្រប់​ទិដ្ឋភាព​ទាំងអស់ ឲ្យ​តែ​ម្ចាស់​នៃ​ភាសា​នោះ ស្ម័គ្រចិត្ត ហើយនឹង​ឆ​ន្ទះ​ពិតប្រាកដ ដើម្បី​ការការពារ ហើយ​បន្ត​កេរដំណែល​នឹង​ទៅដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​អ៊ី​សា រ៉​ហា​នី​៖ ដូច​លោក​បញ្ជាក់ថា​ហើយ​ថា ការដែល​ចង់​បញ្ជាក់ថា ជនជាតិ​ចាម​ខ្ចី​ពាក្យ​ខ្មែរ​មកប្រើប្រាស់​ប្រចាំថ្ងៃ​ប៉ុន្មាន​ភាគរយ ត្រូវបាន​មានការ​សិក្សា​ស្រាវជ្រាវ​មួយ​ឲ្យ​ស៊ីជម្រៅ តើ​យើង​មាន​ធនធាន​ទាំងនោះ​ដើម្បី​ធ្វើ​ការងារ​ទាំងនេះ​ទេ​?

​ឡឹប កើ​៖ បញ្ហា​នេះ បើ​ថា​២០​ឆ្នាំមុន​ខ្ញុំ​អាច​និយាយថា​ពិបាក ប៉ុន្តែ​ឥឡូវនេះ​គឺជា​សម័យ​បច្ចេកវិទ្យា សម្រាប់​ខ្ញុំ​អត់​ពិបាក​ទេ​ក្នុង​ការប្រមូល​ឯកសារ តែ​អ្វីដែល​ពិបាក​នោះ​គឺជា​ការចូលរួម​ទៅវិញ​ទេ​។ ការចូលរួម​ពី​សហគមន៍​នេះ គឺជា​ការលំបាក​មួយ​ដែល​យើង​ឃើញ​ហើយ​ថា​ជនជាតិ​ចាម ហាក់ដូចជា​មិនមាន​អ្វីមួយ ដែល​បណ្តាល​ឲ្យ​ចិត្ត​ពួកគាត់​ហ្នឹង​ព្រម​សហ​ការធ្វើការងារ​អស់ហ្នឹង ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​។​

​អ៊ី​សា រ៉​ហា​នី​៖ លោក​អាច​ស្មាន​បានទេ តើ​បច្ចុប្បន្ននេះ​ខេត្ត​ណាខ្លះ​ដែល​នៅ​រៀនអក្សរ​ចាម ព្រោះ​តាម​បណ្តា​ខេត្ត​មួយចំនួន គ្មាន​បង្រៀន​ភាសា​នេះ​?

​ឡឹប កើ​៖ សហគមន៍​ចាម​ជាច្រើន​ពិតជា​មានបំណង​ចង់​រៀន​ចង់​ស្គាល់​អក្សរ​ចាម​ខ្លាំងណាស់ ប៉ុន្តែ​ធនធាន​ក្នុងការ​បែងចែក​ឯកសា​រ ហើយនឹង​វគ្គ​បណ្តុះបណ្តាល​នៅមានកម្រិត​។ ហើយ​ខេត្ត​ដែល​នៅ​រៀនអក្សរ​សាស្ត្រ​ចាម យើង​មាន​ច្រើន​ឥឡូវនេះ យើង​មាន​ខេត្ត​ត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ និង​មួយចំនួន​នៅ​ភ្នំពេញ​។ នេះ​អ្វីដែល​យើង​ធ្លាប់​បង្រៀន និង​កំពុង​រៀនអក្សរ​សាស្ត្រ​ចាម​នៅ​ស្រុក​ខ្មែរ​៕


Tag:
 ភាសា​ចាម​
  ឡឹប កើ
© រក្សាសិទ្ធិដោយ thmeythmey.com