អន្តរជាតិ
លោក ត្រាំ ឆ្លៀត​ប្រើការ​វាយប្រហារ​នៅ​ក្រុង​ឡុង​ដ៍​ធ្វើ​លេស​ជំរុញ​បម្រាម​ធ្វើដំណើរ​
04, Jun 2017 , 4:17 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ប្រើ​បណ្ដាញ​សង្គម Twitter របស់លោក​ដើម្បី​ផ្ដល់ជំនួយ​ដល់​អង់គ្លេស ដែល​រង​ការវាយប្រហារ​ដោយ​ការ​បើកឡាន​បំ​បុក និង​ការចាក់សម្លាប់​។ មនុស្ស​យ៉ាងតិច​៦​នាក់ បាន​បាត់​បង់ជីវិត ខណៈ​ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​ក្នុង​ហេតុការណ៍​ដែល​កើត​នៅលើ​ស្ពាន London និង​នៅឯ​ផ្សារ Borough ។ លោក ត្រាំ ក៏​ឆ្លៀត​ប្រើប្រាស់​ហេតុការណ៍ ធ្វើជា​លេស​ដើម្បី​ស្នើ​ឲ្យ​មានការ​អនុវត្ត​បម្រាម​ធ្វើដំណើរ​របស់លោក​ឡើង​វិញ​ដែរ​។



​ក្រោយ​មាន​ហេតុការណ៍​បើកឡាន​បំ​បុក និង​ការចាក់សម្លាប់​នៅ​ក្រុង​ឡុង​ដ៍ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​ទូរ​សព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ និង​បាន​ចូលរួម​មរណទុក្ខ​ជាមួយ​លោកស្រី​ចំពោះ​ហេតុការណ៍​នេះ​។ ប្រធានាធិបតី​អាមេរិក ក៏បាន​ប្រកាស​ផ្ដល់ជំនួយ​គ្រប់យ៉ាង​ទៅ​ឲ្យ​អង់គ្លេស​ក្នុងការ​ស៊ើបអង្កេត និង​តាម​ចាប់ខ្លួន​ជនដៃដល់​ដើម្បី​ផ្ដន្ទាទោស​។ នេះ​បើតាម​ការប្រកាស​របស់​សេត​វិមាន​។​

​បន្ថែម​ពីលើ​នោះ លោក​ប្រធានាធិបតី ត្រាំ ក៏បាន​ប្រកាស​តាម​បណ្ដាញ​សង្គម Twitter របស់លោក​ដែរ​ថា អាមេរិក នឹង​ជួយ​អង់គ្លេស​តាម​អ្វីដែល​ខ្លួន​អាចធ្វើ​បាន ហើយ​អាមេរិក​នឹង​នៅ​ទីនោះ និង​នៅ​ជាមួយ​អង់គ្លេស​រហូត​។



​ជាមួយគ្នា​នោះ ប្រធានាធិបតី​អាមេរិក ក៏​ឆ្លៀត​កេងចំណេញ​លើ​ស្ថានការណ៍​វឹកវរ​នៅ​ក្រុង​ឡុង​ដ៍ ដោយបាន​អំពាវនាវ​ឲ្យ​មានការ​អនុវត្ត​ការហាម​ប្រាម​ការធ្វើដំណើ​រ​របស់លោក​ឡើងវិញ​ដែរ ដ្បិត​តុលាការ​អាមេរិក​បានសម្រេច​ព្យួរ​សេចក្ដីសម្រេចចិត្តរ​ប​ស់លោក​។ នៅលើ​គណនី Twitter របស់ខ្លួន លោក ត្រាំ បញ្ជាក់ថា​៖ «​យើង​ត្រូវតែ​ឆ្លាត​, ប្រយ័ត្នប្រយែង និង​ម៉ឺងម៉ាត់​។ យើង​ចង់​ឲ្យ​តុលាការ​ប្រគល់​សិទ្ធិមក​យើង​វិញ​។ យើង​ត្រូវការ​បម្រាម​ធ្វើដំណើរ​ដើម្បី​រក្សា​សុវត្ថិភាព​»​។



​ការទាមទារ​របស់​ប្រធានាធិបតី ត្រាំ នៅពេលនេះ ធ្វើឡើង​ក្រោយ​លោក​បានស្នើ​ឲ្យ​តុលាការ​កំពូល​សម្រេចចិត្ត​អនុវត្តតាម​បញ្ជា​ប្រតិបត្តិ​ដែល​ហាមឃាត់​ការធ្វើដំណើរ​មកកាន់​អាមេរិក​ពី​សំណាក់​ប្រជាជន​មកពី​ប្រទេស​ឥស្លាម​ភាគច្រើន​ចំនួន​៦ ។ បញ្ជា​ប្រតិបត្តិ​របស់លោក ត្រាំ រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ និង​ការចោទប្រកាន់ថា​មាន​លក្ខណៈ​រើសអើង ក៏ដូចជា​បំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com