អន្តរជាតិ
ចំ​ខួប​ទី​២៨​ឆ្នាំ​នៃ​ការសម្លាប់​រង្គាល​នៅ​ធាន​អាន​មេន តៃវ៉ាន់ ចង់​បង្រៀន​ចិន​ពី​ប្រជាធិបតេយ្យ
05, Jun 2017 , 9:19 am        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (រូបភាព AP)
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (រូបភាព AP)
​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី សៃ អ៊ីង​វិ​ន (Tsai Ing-wen) នៅ​ថ្ងៃទី​៤ ខែមិថុនា បង្ហាញ​បំណង​ជួយ​ចិនដីគោក​លើផ្លូវ​ឆ្ពោះទៅកាន់​ប្រជាធិបតេយ្យ​។ ការបង្ហាញ​បំណង​ជួយ​ដែល​ចិន​មិន​ចង់បាន​នេះ ធ្វើឡើង​ចំ​ខួប​ទី ២៨​ឆ្នាំ​នៃ​ព្រឹ​ត្ត​ការណ៍​សម្លាប់​រង្គាល​ក្រុមបាតុករ​នៅ​ទីលាន​ធាន​អាន​មេន (Tiananmen Square) ដោយ​អាជ្ញាធរ​ចិន បន្ទាប់ពី​មាន​ចលនា​គាំទ្រ​របប​ប្រជាធិបតេយ្យ​ចេញ​ផុលផុស​ក្នុង​ទីក្រុង​ប៉េកាំង និង​បណ្តា​ទីក្រុង​ជាច្រើន​ទូទាំងប្រទេស​ចិន​។​



​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ជា​ខួប​លើក​ទី ២៨ នៃ​ព្រឹត្តិការណ៍​ធាន​អាន​មេន ដែលជា​ថ្ងៃ​រដ្ឋាភិបាល​ចិន​សម្លាប់​រង្គាល​ប្រជាជន​ខ្លួន​នៅ​កណ្តាល​ក្រុង​ប៉េកាំង​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព​។ ខណៈដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ាំ​ង​ព្យាយាម​លាក់បាំង​ពី​ការបង្ក្រាប​ក្រុមនិស្សិត​ទាមទារ​ការផ្លាស់ប្ដូរ​រ​បប​ដឹកនាំ​ទៅជា​ប្រជាធិបតេយ្យ ប្រធានាធិបតី​តៃវ៉ាន់ សៃ អ៊ីង​វិ​ន ឯណេះ​វិញ បែរជា​ចង់​បង្រៀន​ចិនដីគោក​ពី​រឿង​ប្រជាធិបតេយ្យ​នេះ ព្រោះ​ជា​ចន្លោះ​បែងចែក​ដ៏​ធំ​រវាង​ដែនដី​ទាំងពីរ​។​



​តាមរយៈ​បណ្ដា​ញសង្គម Twitter របស់ខ្លួន ប្រធានាធិបតី​តៃវ៉ាន់​រូបនេះ​បាន​រៀបរាប់​ច្រើន​ពី​ព្រឹ​ត្ត​ការណ៍​សម្លាប់​រង្គាល​ក្នុង​បុព្វហេតុ​ប្រជាធិបតេយ្យ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៨៩ នេះ​។ ដោយ​ចង់​សំដៅលើ​ចិន​ដែល​កំពុង​ដឹកនាំ​ដោយ​របប​កុម្មុយនីស្ត លោកស្រី សៃ អ៊ីង​វិ​ន បានសរសេរថា​៖ «​សម្រាប់​ប្រជាធិបតេយ្យ មាន​អ្នកខ្លះ​បាន​ទៅមុន ហើយ​អ្នក​ខ្លះទៀត​នៅ​យឺតយ៉ាវ​នៅឡើយ ប៉ុន្តែ​យើង​នឹង​ទៅដល់​គោលដៅ​ទាំងអស់គ្នា​»​។​



​ប្រធានាធិបតី​ដែលមាន​គំនិត​គាំទ្រ​ឯករាជ្យ​តៃវ៉ាន់​បន្តថា ចិន​អាច​ខ្ចី​បទពិសោធន៍​ប្រជាធិបតេយ្យ​ពី​តៃវ៉ាន់​បាន ដើម្បី​កាត់បន្ថយ​ការឈឺចាប់​ក្នុង​ដំណើរ​ផ្លូវ​ឆ្ពោះទៅកាន់​ប្រជា​ធិ​តេ​យ្យ​របស់ខ្លួន​។ លោកស្រី​បន្តថា ពេល​ប្រជា​ធិ​តេ​យ្យ​មកដល់នឹង​មុខ​ហើយ​នោះ គ្មាន​ប្រទេស​ណា​អាច​បក​ក្រោយ​បានឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​សូម​បញ្ជាក់ដែរថា កោះ​តៃវ៉ាន់​ដែល​ចិន​ចាត់ទុកជា​អាណាខេត្ត​របស់ខ្លួន​តាំងពី​ដើមទី​មក​នោះ បាន​ងាក​ទៅរក​ផ្លូវ​ប្រជាធិបតេយ្យ​វិញ​នៅ​ទសវត្សរ៍​១៩៨០ បន្ទាប់ពី​ស្ថិតក្រោម​ច្បាប់អាជ្ញាសឹក​អស់​ពេល​ជិត ៤០​ឆ្នាំ​។ ចាប់តាំងពី​ឆ្នាំ​១៩៩៦ មក​នោះ កោះ​តៃវ៉ាន់​បានរៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយផ្ទាល់ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​។​

​ទាក់ទង​ព្រឹ​ត្ត​ការណ៍​សម្លាប់​រង្គាល​នៅ​ធាន​អាន​មេន​វិញ ខាង​កាកបាទក្រហម​អន្ត​ជាតិចិន​បញ្ជាក់ថា​មាន​មនុស្ស យ៉ាងហោចណាស់​មួយ​ពាន់​នាក់​បាន​ស្លាប់ និង​ប្រមាណ​មួយ​ម៉ឺន​នាក់​ត្រូវបាន​ចាប់ខ្លួន​។ គ្មាន​ឡើយ​ការទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​រង្គាល​នេះ ហើយ​អ្វីដែល​សំខាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅតែ​មិនមាន​ឆន្ទៈ​ក្នុងការ​ស៊ើបអង្កេត​និង​នាំ​អ្នកពាក់ព័ន្ធ​មក​កាត់ទោស​តាមច្បាប់​ដើម្បី​រក​យុត្តិធម៌​ជូន​អ្នកស្លាប់​និង​អ្នករងគ្រោះ​ផ្សេងទៀត​ដែរ​៕

Tag:
 ​តៃវ៉ាន់​
  ចិន​
  ប្រជាធិបតេយ្យ​
  Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com