ជាតិ
ក្រៅផ្លូវការ​៖ បក្ស​សំបុក​ឃ្មុំ មិនបាន​កៅអី​មេឃុំ ចៅសង្កាត់ តែលោក​ ម៉ម សូណង់ដូ អស់ចិត្ត​
05, Jun 2017 , 11:56 am        
រូបភាព
ដោយ:
​លោក ម៉ម សូណង់ដូ ឲ្យ​ដឹង​ក្រៅផ្លូវការ​ថា គណបក្ស​លោក​មិន​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់ នោះទេ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្ស​ឃុំ សង្កាត់​អាណត្តិ​ទី ៤​។ លោក សូណង់ដូ ក៏​មិនទាន់​ដឹងថា គណបក្ស​លោក​បានទទួល​កៅអី​ក្រុមប្រឹក្សាឃុំ សង្កាត់ ឬ​មិនបាន​នោះដែរ​។



​ថ្វីដ្បិតតែ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ មិន​ទទួល​ជ័យជម្នះ​អាសនៈ​មេឃុំ ចៅសង្កាត់ ក្តី ក៏​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​នេះ នៅតែ​និយាយថា រូបលោក​ទទួលយក​ល​ទ្ធ​ផល និង​ពេញ​ចិត្តនឹង​អ្វីដែល​ខ្លួន​បាន​ខំប្រឹង​កន្លងមក​។ « យើង​បានធ្វើ​វា ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ តែ​ធ្វើ​ម្តេច បើ​គាត់​នៅតែ​មិន​បោះ​ឲ្យ ព្រោះនេះ​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សូណង់ដូ ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី ៥ ខែមិថុនា​។​

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រូបនេះ ដឹងថា មូល​ហេតុដែល​គណបក្ស​លោក​មិនបាន​ជាប់​អាសនៈ​មេឃុំ និង​ចៅសង្កាត់ ដោយសារតែ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ពន្យល់​បន្ថែម​យ៉ាង​នេះ​ថា​៖ « ប្រជាពលរដ្ឋ ស្រឡាញ់​សង្គ្រោះ​ជាតិ ជាង​គណបក្ស​ខ្ញុំ នៅពេលដែល​និយាយ​ពី​គណបក្សប្រឆាំង​នៅ​កម្ពុជា​។ តែ​គណបក្ស​ខ្ញុំ​ក៏បាន​សំឡេង គាំទ្រ​ពី​ប្រជាពលរដ្ឋ​មិនតិច​នោះដែរ​។ ខ្ញុំ​មើលទៅ​សង្គ្រោះ​ជាតិ​មាន​ប្រជាប្រិយភាព​ជាង​បក្ស​ខ្ញុំ​មែន តែ​បក្ស​នេះ គ្រាន់តែ​ប៊ិះ​ឈ្នះ តែ​មិន​ឈ្នះ​បក្ស​ប្រជាជន​កម្ពុជា​ទេ ទោះបី​បោះឆ្នោត​នៅ​ឆ្នាំ ២០១៨ ក៏ដោយ​»​។​

​លោក ម៉ម សូណង់ដូ ក៏​បង្ហាញ​ជំហរ​បើកផ្លូវ​ក្នុងការ​រួបរួមគ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ លោក លើកឡើង​ដូច្នេះ​ថា​៖« ខ្ញុំ​ជា​អ្នកប្រជាធិបតេយ្យ​។ ខ្ញុំ​នៅតែ​ចង់​រួបរួម​ជាមួយ​គណបក្ស​ស​ង្គ្រោះ​ជាតិ បើ​ធ្វើ​ក្នុង​គោលដៅ​ដើម្បី​បម្រើ និង​ការពារ​ប្រយោជន៍​ប្រជាពលរដ្ឋ​ពិតប្រាកដ ព្រមទាំង​មាន​លក្ខខណ្ឌ​ច្បាស់លាស់​។ តែ​ខ្ញុំ​មិន​រួបរួម ដោយ​គ្រាន់តែ​ដើម្បី​បម្រើ​បុគ្គល ឬ​ក្រុម​ណាមួយ​ទេ​»​។​

​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានដាក់​បេក្ខជន​ឈរឈ្មោះ​សម្រាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី ៤ លើកដំបូង ចំនួន ២៥០ ។ ខេត្ត​ដែល​គណបក្ស​នេះ ដាក់​បេក្ខជន​ឈរឈ្មោះ​ច្រើនជាងគេ គឺ​នៅ​ខេត្តព្រៃវែង និង​ខេត្តកំពង់ចាម​៕


Tag:
 ម៉ម សូណង់ដូ​
  បោះឆ្នោត​ឃុំ សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com