អន្តរជាតិ
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​៖ ចិន​ថា អាមេរិក​កំពុង​ដុត​កម្ដៅ​បញ្ហា ខណៈ​រដ្ឋ​ពាក់ព័ន្ធ​ត្រូវរ៉ូវ​គ្នា​ហើយ​
05, Jun 2017 , 9:59 pm        
រូបភាព
​ក្រុង​ប៉េកាំង បានបង្ហាញ​ការមិន​ពេញចិត្ត​នឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម​ស៍ ម៉ា​ធី​ស (James Mattis) លើ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ចិន​ចាត់ទុក​សម្ដី​លោក ម៉ា​ធី​ស ដែលថា​ចិន​កំពុង​រំលោភច្បាប់​អន្តរជាតិ និង​មិន​គោរព​ផលប្រយោជន៍​ប្រទេស​ផ្សេង គឺជា​សម្ដី​មិនមាន​ការទទួលខុសត្រូវ ដែល​ដុត​បញ្ឆេះ​ស្ថានការណ៍​កំពុង​ស្ងប់ស្ងៀម​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ចិន​អះអាងថា អ្វីដែល​ខ្លួន​កំពុង​ធ្វើ​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ដើម្បី​ប្រជាជន​នៅ​ទីនោះ និង​ធ្វើតាម​ទំនួល​ខុសត្រូវ​ប៉ុណ្ណោះ​។​



​បើទោះជា​កំពុង​ចាប់ដៃគ្នា​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ក្ដី អាមេរិក​នៅតែ​ប្រកាន់​ជំហរ​តឹងតែង​ដាក់​ចិន​លើ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដដែល​។ ពី​បុរី​រដ្ឋ​សិង្ហ​បុរី ប្រមុខ​ការពារជាតិ​អាមេរិក ជេ​ម​ស៍ ម៉ា​ធី​ស បាន​រិះគន់​ចិន​យ៉ាងខ្លាំង​ជុំវិញ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដូចជា​ការធ្វើ​យោ​ធូប​នីយកម្ម និង​ការកសាង​កោះ​សិប្បនិម្មិត​ជាដើម​។ ប៉ុន្តែ​ក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ក្រុង​វ៉ាស៊ីនតោន​វិញ​យ៉ាង​ចាស់ដៃ និង​បាន​ចោទថា​វ៉ាស៊ីនតោន​កំពុង​ធ្វើ​ឲ្យ​ភាព​តានតឹង​ឡើងក​ម្ដៅ​ទៀតផង​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​៤ ខែមិថុនា
អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បាន​និយាយ ចិន​មិន​ពេញចិត្ត​ទាល់តែ​សោះនឹង​ការអធិប្បាយ​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក​។ លោកស្រី​បន្តថា ការសាងសង់​សំណង់​ផ្សេងៗ​នៅលើ​ប្រជុំ​កោះ Spratly ក្នុង​សមុទ្រ​ចិន​ខាងត្បូង មាន​គោលដៅ​ពង្រឹង​ការរស់នៅ​របស់​ប្រជាជន​, ការពារ​អធិបតេយ្យ​ចិន និង​អនុវត្តតាម​ទំនួល​ខុស​ត្រូវជា​អន្តរជាតិ​របស់​ចិន​ប៉ុណ្ណោះ​។​

​ដោយ​ចង់​សំដៅលើ​វត្តមាន​នាវា​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​នាពេល​ថ្មីៗ​នេះ អ្នកនាំពាក្យ​ដដែល​នេះ ក៏​បញ្ជាក់​ម្ដងទៀត​ពី​ជំហរ​របស់​ចិន​ដែល​ជំទាស់​ដាច់ខាត​ការ​សម្ញែង​សាច់ដុំ​យោធា ហើយ​ដែល​បាន​គំរាមកំហែង​អធិបតេយ្យ​របស់​ចិន​ទៀតផង​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ ចិន​នៅតែ​អះអាងថា ខ្លួន​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ពង្រាយ​សម្ភារ​យោធា​ចាំបាច់​នៅតាម​កោះ​នានា​ដែលជា​ទឹកដី​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​មិនតែប៉ុណ្ណោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក៏បាន​ចាត់ទុក​ការអធិប្បាយ​របស់​ប្រមុខ​ការពារជាតិ​អាមេរិក​ជា​ការដុត​បញ្ឆេះ​កម្ដៅ​ទៀតផង​។ លោកស្រី Hua និយាយថា ប្រទេស​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​បាន​ព្យាយាម​បន្ថយកម្ដៅ​តានតឹង ប៉ុន្តែ​ប្រទេសក្រៅ​តំបន់​វិញ បែរជា​ដើរ​បញ្ច្រាស​ផ្លូវ​គេឯង និយាយស្ដី​គ្មាន​ការទទួលខុសត្រូវ មិន​ទទួលស្គាល់​ការពិត ហើយ​កំពុងតែ​ច្រឡំ​ស​ជា​ខ្មៅ​ជាមួយ​បំណង​មិនល្អ​របស់ខ្លួន​។​

​តាំងពីដើម​មក​នោះ ចិន តែង​ទទូច​ឲ្យ​រដ្ឋ​ក្រៅ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង និយាយ​ឲ្យ​ចំ​អាមេរិក​តែម្ដង ត្រូវ​រក្សា​ជំហរ​ត្រឹមត្រូវ គោរព​ការសម្រេចចិត្ត​របស់​ភា​គី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​។ ចិន និង​សមាជិក​អាស៊ាន​បួន​ប្រទេស​ទៀត​ដូចជា​ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ព្រុយ​ណេ កំពុង​ចរចា​គ្នា​តាម​យន្តការ​របស់​អាស៊ាន​ដូចជា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ​។ ចិន ទាមទារ​ស្ទើរ​ទាំងស្រុង​នៃ​ផ្ទៃសមុទ្រ​ចិន​ខាងត្បូង​ទាំងមូល​៕
 

Tag:
 ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com