អន្តរជាតិ
អាកាសចរណ៍​ធំៗ កំពុង​រងគ្រោះ​ដោយសារ​ជម្លោះ​ការទូត​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​
06, Jun 2017 , 10:41 am        
រូបភាព
 រូបភាពហ្វេសប៊ុក Qatar Airways
រូបភាពហ្វេសប៊ុក Qatar Airways
​ជម្លោះ​ការទូត​ក្នុងចំណោម​រដ្ឋ​នៅ​តំបន់​ជាប់​ឈូង​សមុទ្រ​ពែ​រ្ស កំពុង​ផ្ទុះឡើង​ខ្លាំង ដោយ​ប្រទេស​ជាច្រើន​នាំគ្នា​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋ​កាតា​។ អេ​ហ្ស៊ី​ប បា​រ៉ែ​ន អារ៉ាប់​រួម​អេ​មី​រ៉ា​ត អា​រ៉ា​ប៊ី​សា​អូឌីត និង​យេ​ម៉ែន​ជាដើម បាន​ផ្ដាច់ចំណង​ការទូត​ជាមួយ​កាតា ដោយ​ចោទប្រកាន់ថា​បាន​គាំទ្រ​ក្រុម​ភេរវកម្ម​និយម​។ មិន​ត្រឹមតែ​កោះហៅ​មន្ត្រី​ទូត​ត្រឡប់​ចូល​ស្រុក​វិញ​ទេ ប្រទេស​ទាំងនេះ​ក៏បាន​ផ្ដាច់ការ​ធ្វើដំណើរ​តាម​គ្រប់​មធ្យោបាយ​ទៀតផង ជាពិសេស​ផ្លូវអាកាស​តែម្ដង​។



​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស កំពុង​រង​ផលប៉ះពាល់​ដោយសារតែ​ជម្លោះ​ការទូត​រវាង​រដ្ឋ​ឈូង​សមុទ្រ​ភាគច្រើន ជាមួយនិង​រដ្ឋ​កាតា​។ អ្នកដំណើរ​តាម​យន្តហោះ​ជាច្រើន បាន​ជាប់គាំង​នៅ​ព្រលានយន្តហោះ ព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ដូចជា Qatar Airways, Etihad Airways និង Emirates បាន​លុបចោល​ការធ្វើដំណើរ​ដំណរ​ទៅមក​ក្នង​ចំណោម​ប្រទេស​ដែល​កំពុងមាន​ជម្លោះ​ពេលនេះ​។

​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ដូ​ហា បាន​សរសេរ​លើ​គេហទំព័រ​របស់ខ្លួន​ថា ការធ្វើដំណើរ​ទៅកាន់​ទិសដៅ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវបាន​បញ្ឈប់​ទាំងស្រុង​នៅ​ថ្ងៃទី​៥ ខែមិថុនា​។ នៅមុន​មាន​ជម្លោះ​ការទូត​នេះ អាកាសចរណ៍ Qatar Airways មាន​សេវាកម្ម​វ​ដឹកជញ្ជូន​អ្នកដំណើរ​ទៅកាន់​ទីក្រុង​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន​៩ ហើយ​គេ​មិនទាន់​ដឹងថា​ការព្យួរ​ការធ្វើដំណើរ​នេះ នឹងធ្វើ​ឡើងដល់​ពេលណា​ដែរ​។



​យ៉ាងណាក្ដី អាកាសចរណ៍​របស់រ​ដ្ឋ​កាតា​មួយ​នេះ មិនទាន់​បញ្ជាក់ថា​ខ្លួន​នឹង​បញ្ឈប់​ការធ្វើដំណើរ​ទៅកាន់​ទិសដៅ​ផ្សេងទៀត​ដូចជា​ទីក្រុង​ឌូ​បៃ​, គែរ​, និង​អា​ប៊ូ​ដា​ប៊ី​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Al Jazeera ក្រុមហ៊ុន​អាកាសចរណ៍ Emirates មាន​មូលដ្ឋាន​នៅ​ឌូ​បៃ និង​អាកាសចរណ៍ Ethihad Airways មាន​មូលដ្ឋាន​នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី ក៏បាន​សម្រេចចិត្ត​បញ្ឈប់​ការធ្វើដំណើរ​ទៅមក​គោលដៅ​នៅ​កាតា​ដែរ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៦ ខែមិថុនា​។​

​មិន​ត្រឹមតែ​អាកាសចរណ៍​ធំៗ​របស់​អារ៉ាប់​រួម ក្រុមហ៊ុន​អាកាសចរណ៍ Gulf Air របស់​បា​រ៉ែ​ន​, Egypt Air របស់​អេ​ហ្ស៊ី​ប និង Saudi Arabian Airlines របស់​អា​រ៉ា​ប៊ី​សា​អូឌីត ក៏បាន​បញ្ឈប់​ការហោះហើរ​ទៅមក​គោលដៅ​នៅ​កាតា​ដែរ ហើយ​ភាគច្រើន​អនុវត្ត​ចាប់ពី​ថ្ងៃទី​៥ ខែមិថុនា​។ លើសពី​ការបញ្ឈប់​ការហោះហើរ ប្រទេស​ទាំងនោះ ក៏​នឹងមិន​អនុញ្ញាត​ឲ្យ​យន្តហោះ​ទាំងអស់​របស់​កាតា ហោះចូល​ដែនអាកាស​របស់​ពួកគេ​ដែរ​។​

​ជាមួយ​ជម្លោះ​ការទូត​ដែល​ឈានដល់​ការផ្អាក​ចរាចរណ៍​ផ្លូវអាកាស​នេះ អ្នកធ្វើដំណើរ​ជាច្រើន​ដែល​ជាប់គាំង​នៅ​ព្រលានយន្តហោះ​នៅ​រដ្ឋ​ឈូង​សមុទ្រ កំពុង​បារម្ភ​ខ្លាំង​។ អាកាសចរណ៍ Qatar Airways, Etihad Airways និង Emirates សុទ្ធសឹង​ជា​ក្រុមហ៊ុន​អ្នកដំណើរ​រយៈ​ចម្ងាយ​ឆ្ងាយ ជាពិសេស​ដឹក​ទេសចរ​ទៅកាន់​មជ្ឈិមបូព៌ា និង​បន្តដំណើរ​ទៅកាន់​អឺរ៉ុប​។ ប៉ុន្តែ​ក្រុមហ៊ុន Etihad Airways និង Emirates ក៏បាន​សម្រេច​បង្វិលប្រាក់​វិញ ឬក៏​ជួយ​កក់​ជើងយន្តហោះ​ថ្មី​វិញ​ដែរ​៕


Tag:
 កាតា​
  អាកាសចរណ៍​
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com