អន្តរជាតិ
ចិន រិះគន់​អាមេរិក​ដែល​និយាយ​លម្អៀង​ជុំវិញ​ការសម្លាប់​រង្គាល​នៅ​ទីលាន​ធាន​អាន​មេន​
06, Jun 2017 , 8:19 pm        
រូបភាព
​ក្រុង​ប៉េ​កាង បាន​រិះគន់​ក្រុង​វ៉ាស៊ីនតោន ដែល​បានស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​ពេញលេញ​ការសម្លាប់​រង្គាល​បាតុករ​និស្សិត​នៅ​ទីលាន​ធាន​អាន​មេន​កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៨៩ ។ រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន (Rex Tillerson) ជា​អ្នកស្នើ​ដូចនេះ​នៅ​ថ្ងៃ​រំឭក​ខួប​ទី​២៨ ថ្ងៃ​បង្ក្រាប​ហ្វូង​បាតុករ​ដែល​ភាគច្រើន​ជា​និស្សិត​ចង់បាន​ការផ្លាស់ប្ដូរ​រ​បប​ដឹកនាំ​។ យ៉ាងណាក្ដី ចិន បាន​ប្រាប់​ឲ្យ​អាមេរិក​បិទមាត់ រួច​នៅ​ឲ្យ​ស្ងៀម ព្រោះ​រឿងរ៉ាវ​បង្ហូរឈាម​បានបញ្ចប់​យូរហើយ​។​



​ទោះជា​កន្លងផុត​២៨​ឆ្នាំ​ក៏ដោយ រដ្ឋាភិបាល​និង​បក្ស​ក​ម្មុយ​នី​ស្ត​ចិន មិន​ចង់​លឺ​ការលើកឡើង​បញ្ហា​សម្លាប់​រង្គាល​នៅ​ទីលាន​ធាន​អាន​មេន​ឡើយ​។ រាល់​ឆ្នាំ​គ្មាន​ប្រជាជន​ណា​អាច​ប្រារព្ធ​ខួប​រំឭក ឬ​កាន់ទុក្ខ​ចំពោះ​អ្នកស្លាប់​ជា​សាធារណៈ​បានដែរ​។ រដ្ឋាភិបាល​ចិន នៅតែ​ធ្វើ​មិនដឹងមិនលឺ និង​ព្យាយាម​ធ្វើ​សព្វគ្រប់​បែបយ៉ាង​ដើម្បី​លុបបំបាត់​ការយល់ឃើញថា​ចិន​អនុវត្ត​គោលនយោបាយ​ព្រៃផ្សៃ​ប្រឆាំង​ប្រជាជន​ខ្លួន និង​បំបាត់ចោល​ប្រវត្តិសាស្ត្រ​អាក្រក់​នេះ​មិន​ឲ្យ​ក្មេងជំនាន់ក្រោយ​ដឹងលឺ​ឡើយ​។​
 
​ឲ្យ​តែ​ដល់​ថ្ងៃ​រំឭក​ខួប​ម្ដងៗ ក្រុម​លោកខាងលិច ជាពិសេស​អាមេរិក​តែង​ចេញមក​អំពាវនាវ​ឲ្យ​មានការ​គាស់កកាយ​សំណុំ​រឿងនេះ​ជា​សាធារណៈ ក៏ដូចជា​ដោះលែង​អ្នក​តវ៉ា ឬ​អ្នក​រំឭក​ខួប​សម្លាប់​រង្គាល​នេះ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន នៅ​ថ្ងៃទី​៤ ខែមិថុនា បានប្រកាស​ជំហរ​អាមេរិក​ម្ដងទៀត​ក្នុងការ​ស្នើ​ឲ្យ​ចិន​បង្ហាញ​ការទទួលខុសត្រូវ​ចំពោះ​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន អ្នក​ត្រូវបាន​សម្លាប់ និង​អ្នក​ដែល​បាត់​ខ្លួន​។​

​យ៉ាងណាក្ដី ចិន បាន​ទាត់ចោល​សំណើ​របស់​ប្រមុខ​ការទូត​អាមេរិក និង​បាន​រិះគន់​វិញ​ថា​អាមេរិក​និយាយស្ដី​លម្អៀង​លើ​ព្រឹ​ត្ត​ការណ៍​សម្លាប់​រង្គាល​នេះ​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ Xinhua នៅ​រាត្រី​ថ្ងៃទី​៥ ខែមិថុនា ក្រសួងការបរទេស​ចិន​បញ្ជាក់​ច្បាស់ៗ​ប្រាប់​អាមេរិក​វិញ​ថា រដ្ឋាភិបាល​ចិន​បានបញ្ចប់​រួចរាល់​អស់ហើយ​លើ​ករណី​បាតុក​កម្ម​នយោបាយ​ខែមិថុនា ឆ្នាំ​១៩៨៩ នេះ​។​
 
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចិន​បន្តថា អាមេរិក​មិន​ខ្វល់​ការពិត និង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ចិន​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ម្ដង​ហើយ​ម្ដងទៀត ព្រមទាំង​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ទៀតផង​។ បើតាម​សេចក្ដីប្រកាស​ដដែល​នេះ ចិន ក៏​ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​របស់​អាមេរិក ហើយ​ចិន​ក៏បាន​បង្ហាញ​ការតវ៉ា​យ៉ាង​មុតមាំ​របស់ខ្លួន ដើម្បី​ឲ្យ​ខាង​អាមេរិក​ដឹង​ច្បាស់​ផងដែរ​។ ចិន ក៏​ស្នើ​ឲ្យ​អាមេរិក​ឈប់​លម្អៀង កែតម្រូវ​កំហុស​របស់ខ្លួន ដើម្បី​ទំនាក់ទំនង​ទ្វេភាគី​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ តាំងពី​កើតរឿង​ដល់​បច្ចុប្បន្ន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្យាយាម​កែប្រែ​ស្ថានការណ៍ និង​ធ្វើ​យ៉ាង​ការពារ​កុំអោយ​មានការ​បាត់បង់​ជំនឿ​ចិត្ត​លើ​បក្ស​កុម្មុយនីស្ត​។ រដ្ឋាភិបាល​ចិន ព្យាយាម​ធ្វើកំណែទម្រង់ កំចាត់​អំពើពុករលួយ​គ្រប់​ជាន់ថ្នាក់ រក្សា​កំណើនសេដ្ឋកិច្ច​ដើម្បី​ធ្វើអោយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ល្អប្រសើរ ផ្តល់​សេរីភាព​ឯកជន តែ​ហាម​ដាច់ខាត​រិះគន់​គណបក្ស​ក​ម្មុយ​នី​ស្ត​ចិន​៕


Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com