អន្តរជាតិ
ពូ​ទីន​៖ បើ​រុស្ស៊ី​និង​អាមេរិក​វាយ​គ្នា គ្មាន​នរណា​នៅសល់​ជីវិត​ឡើយ​
07, Jun 2017 , 11:26 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (រូបភាពគេហទំព័រប្រធានាធិបតីរុស្ស៊ី)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (រូបភាពគេហទំព័រប្រធានាធិបតីរុស្ស៊ី)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្រមាន​ថា គ្មាន​ប្រទេស​ណាមួយ​នៅលើ​ពិភពលោក អាច​រួចខ្លួន​បានទេ បើ​រុស្ស៊ី និង​អាមេរិក ដែលជា​មហាអំណាច​នុយក្លេអ៊ែរ​ធំជាងគេ​ទាំងពីរ ត្រូវធ្វើ​សង្គ្រាម​ជាមួយគ្នា​មែន​នោះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ផលិតករ​ភាពយន្ត Oliver Stone លោក ពូ​ទីន បានលើកឡើង​ពី​ការកសាង​កម្លាំង​ទ័ព​របស់​ណា​តូ ដែលជា​ការគំរាមកំហែង​មកលើ​សន្តិសុខ​រុស្ស៊ី ហើយ​ដែល​ត្រូវ​ឆ្លើយតប​វិញ​ដាច់ខាត​។ ទំនង​បែបនេះ ទើប​លោក ពូ​ទីន ព្រមាន​ទុក​មុន​ពី​ការប៉ះទង្គិច​នៅពេល​ខាងមុខ​។​



​នរណា​ក៏​ដឹង​ដែរ​ថា រុស្ស៊ី និង​អាមេរិក គឺជា​មហាអំណាច​ពិភពលោក​ពីរ ដែលមាន​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​ច្រើនជាងគេ​។ សង្គ្រាម​រវាង​មហាអំណាច​ទាំងពីរ ពិត​ជាមាន​វត្តមាន​អាវុធ​នុយក្លេអ៊ែរ​មិន​ខាន ហើយ​គ្រោះថ្នាក់​ពិតជា​មិនអាច​ស្មាន​ដល់​ឡើយ​។ បើតាម​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន គ្មាន​នរណាម្នាក់​អាច​រស់រានមានជីវិត​ឡើយ បើ​រុស្ស៊ី និង​អាមេរិក ដើរ​ដល់​ដំណាក់កាល​ប្រយុទ្ធ​គ្នា​ចៀស​មិន​ផុត​មែន ព្រោះ​នុយក្លេអ៊ែរ​នឹងត្រូវ​ប្រមូល​ចេញពី​ឃ្លាំង​មិន​ខាន​។​

​ការលើកឡើង​របស់​ប្រធានាធិបតី​រុស្ស៊ី​ខាងលើនេះ គឺជា​ការឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​ផលិត​ភាពយន្ត​អាមេរិក Oliver Stone ដែល​បាន​សួរ​លោក​ថា អាមេរិក​នឹង​ក្លាយជា​ឈ្នះ​ឬទេ បើ​មាន​សង្គ្រាម​មែន​នោះ​។ ផលិតករ​អាមេរិក​រូ​ប​នេះ ក៏បាន​សួរ​ប្រធានាធិបតី​រុស្ស៊ី​ពី​លទ្ធភាព​ដែល​រុស្ស៊ី និង​អាមេរិក​អាច​កែខៃ​ទំនាក់ទំនង​ដែល​ធ្លាក់​ស្ទើរ​ដល់​បាត​ទៅហើយនោះ​។ លោក ពូ​ទីន ឆ្លើយ​វិញ​ថា សង្ឃឹម​នៅតែមាន ហើយ​មាន​រហូតដល់​អាមេរិក​យក​រុស្ស៊ី​ទៅ​កប់​ក្នុង​ផ្នូរ​តែម្ដង​។​

​សារព័ត៌មាន RT ផ្សាយ​នៅ​ថ្ងៃទី​៧ ខែមិថុនា ថា ក្នុង​កិច្ច​សម្ភាស​ដែល​ត្រូវ​ផ្សាយ​ទាំងស្រុង​នៅ​សប្ដាហ៍​ក្រោយ លោក​ប្រធានាធិបតី ពូ​ទីន ក៏បាន​និយាយ​ដល់​សម្ព័ន្ធ​យោធា​ណា​តូ ដែល​កំពុង​ពង្រឹងកម្លាំង​នៅតាម​ព្រំដែន​ជាមួយ​រុស្ស៊ី​។ ការបង្កើន​កម្លាំង​នេះហើយ​ដែលជា​ប្រភព​នៃ​ការប៉ះទង្គិច​នៅ​ថ្ងៃ​អនាគត​នោះ​ព្រោះ​រុស្ស៊ី​ក៏​មិន​នៅ​ស្ងៀម​ដែរ ដោយបាន​ពង្រាយ​កងទ័ព និង​សព្វាវុធ​គ្រប់​ប្រភេទ​របស់ខ្លួន ទៅកាន់​តំបន់​ទល់មុខ​នឹង​អឺរ៉ុប​ដែរ​។​

​ដោយ​ហៅ​សម្ព័ន្ធ​យោធា​ណា​តូ​ជា​ឧបករណ៍​នយោបាយ​ការបរទេស​របស់​អាមេរិក លោក ពូ​ទីន ក៏បាន​ហៅ​សមាជិក​សម្ព័ន្ធ​យោធា​នេះ​ជា​បរិវារ​របស់​អាមេរិក​ទៀតផង​។ លោក​ពន្យល់​ប្រាប់​លោក Stone ថា នៅពេល​ក្លាយជា​សមាជិក​ណា​តូ​ហើយ ពួកគេ​ពិតជា​មិនអាច​ជំទាស់​គំនិត​របស់​អាមេរិក​បាន​ដោយ​ស្រួល​ឡើយ ហើយ​អាវុធ​គ្រប់​ប្រភេទ​អាច​ត្រូវបាន​ពង្រាយ​គ្រប់ពេល​នៅតាម​រដ្ឋ​សមាជិក​ទាំងនោះ​ដូចជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល និង​មូលដ្ឋានទ័ព​ថ្មី​ជាដើម​។​

​ដោយ​រឿងនេះ ទើប​រុស្ស៊ី​ត្រូវ​បង្ខំចិត្ត​ចាត់វិធានការ​ឆ្លើយតប​វិញ​ដើម្បី​ការពារ​ខ្លួនឯង​។ លោក ពូ​ទីន ដែល​កំពុង​ស្ថិតនៅ​ចំ​កណ្ដាល​រឿងអាស្រូវ​បោះឆ្នោត​នៅ​អាមេរិក​នោះ បញ្ជាក់ថា រុស្ស៊ី​ត្រូវតែ​តម្រង់​មី​ស៊ី​ល​ដាក់​គោលដៅ​ដែល​កំពុង​គំរាមកំហែង​ខ្លួន ហើយ​ស្ថានការណ៍​ក៏​រឹត​តានតឹង​ទៅតាម​នោះដែរ​។ ជាការ​កត់សម្គាល់​នោះ ទាំង​រុស្ស៊ី ទាំង​ណា​តូ សុទ្ធតែ​បាន​បង្កើន​កម្លាំងយោធា​ដូចគ្នា​នៅតាម​ព្រំដែន​នៅ​អឺរ៉ុប​ខាងកើត តំំ​បន់​បាល់​កង់ និង​សមុទ្រ​ខ្មៅ ដែល​ធ្វើ​ឲ្យ​គេ​បារម្ភ​ថា​នឹងមាន​ប៉ះទង្គិច​ណាមួយ​មិន​ខាន​៕

Tag:
 រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  អាមេរិក​
  ណា​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com