អន្តរជាតិ
ទោះ​មាន​វ័យ​៩១​ឆ្នាំ លោក​មហា​ធៀ មហាម៉ាត់ ត្រៀមខ្លួន​ធ្វើ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ម្ដងទៀត​
07, Jun 2017 , 7:39 pm        
រូបភាព
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (រូបភាព Xinhua)
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (រូបភាព Xinhua)
​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​៦ ខែមិថុនា បានប្រកាសថា លោក​ត្រៀមខ្លួន​កាន់តំណែង​នាយករដ្ឋមន្ត្រី​ម្ដងទៀត បើ​បក្សប្រឆាំង​ឈ្នះ​ការបោះឆ្នោត​ទូទៅ​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៨ ។ លោក មហា​ធៀ មហាម៉ាត់ ដែល​ធ្លាប់​កាន់តំណែង​នេះ​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០០៣ បានដាក់​លក្ខខណ្ឌ​ថា លោក​នឹង​កាន់តំណែង​ចាស់​របស់លោក​ក្នុង​រយៈពេល​ខ្លី ក្នុងករណី​បក្សប្រឆាំង​ទទួល​ជ័យជម្នះ ហើយ​គ្មាន​បេក្ខជន​សមស្រប​ប៉ុណ្ណោះ​។



​លោក​មហា​ធៀ មហាម៉ាត់ ធ្លាប់​កាន់តំណែង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រយៈពេល ២២​ឆ្នាំ មុនពេល​លោក​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០០៣ ។ ទោះបីជា​ចូលនិវត្តន៍​ក្ដី លោក​មហា​ធៀ មហាម៉ាត់ នៅតែ​ជា​បុគ្គល​មាន ឥទ្ធិពល​ក្នុង​ឆាកនយោបាយ​ម៉ាឡេស៊ី និង​បក្ស​កាន់អំណាច (UMNO) ដដែល​។ ប៉ុន្តែ​លោក​សម្រេចចិត្ត​ដើរ​ចេញពី​បក្ស​កាន់អំណាច​ក្នុង​ឆ្នាំ​២០១៦ បន្ទាប់ពី​ខ្វែងគំនិត​គ្នា​ជាមួយ​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) ជុំវិញ​ករណី​ពុករលួយ​ក្នុង​មូលនិធិ​រដ្ឋ​។​

​ក្រោយ​ការចាកចេញ​ពី​បក្ស​ដែល​ធ្លាប់​ដឹកនាំ​អស់​ពេល​ជា​យូរ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ ៩១​ឆ្នាំ​រូបនេះ រួមគ្នា​ជាមួយ​អតីត​សមាជិក​បក្ស​ដទៃទៀត និង​អ្នកនយោបាយ​ប្រឆាំង រួមគ្នា​បង្កើត​បក្ស​ថ្មី​មួយ​ដើម្បី​ប្រជែង​ជាមួយ​នាយករដ្ឋមន្ត្រី ណា​ជីប ។ មិនទាន់​តែ​ឈ្នះឆ្នោត​ផង​នោះ លោក​មហា​ធៀ មហាម៉ាត់ បង្ហើប​ថា លោក​អាច​ធ្វើជា​នាយករដ្ឋមន្ត្រី​សម្រាប់​គណបក្សប្រឆាំង បើ​មានការ​យល់ព្រម​ឲ្យ​លោក​កាន់តំណែង​នេះ​មែន បើទោះជា​លោក​មិន​ចង់​ធ្វើ​ក៏ដោយ​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​មហា​ធៀ មហាម៉ាត់ ក៏បាន​ពិចារណា​ដឹកនាំ​គណបក្សប្រឆាំង​ក្នុង​យុទ្ធនា​ការបោះឆ្នោត​ឆ្នាំក្រោយ​ដែរ​។ ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ លោក​មហា​ធៀ និយាយថា​៖ «​ប្រសិនបើ​គ្មាន​នរណា​ធ្វើជា​នាយករដ្ឋមន្ត្រី​ពេល​បក្សប្រឆាំង​ឈ្នះឆ្នោត ខ្ញុំ​អាច​កាន់តំណែង​នេះ​មួយ​រយៈពេល​ខ្លី​បាន ប៉ុន្តែ​ស្ថិតក្រោម​លក្ខខណ្ឌ​ដែល​អ្នក​ទាំងអស់គ្នា​យល់​ព្រម​ជាមុនសិន​។​

​លោក​មហា​ធៀ មហាម៉ាត់ គឺជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​យូរ​ជាងគេ​នៅ​ម៉ាឡេស៊ី និង​បាន​គ្រប់គ្រង​រាជាណាចក្រ​មួយ​នេះ​ជាមួយនឹង​កណ្ដាប់ដៃ​ដែក​។ ក្រោម​ការគ្រប់គ្រង​រប​ស់លោក គេ​មិនសូវ​ឃើញ​មាន​សកម្មភាព​របស់​ក្រុមប្រឆាំង​ឡើយ ហើយ​ការរំលោភ​សិ​ទិ្ធ​មនុស្ស​ក៏មាន​ធ្ងន់ធ្ងរ​ដែរ​។ ប៉ុន្តែ​ការដឹកនាំ​របស់លោក​បាន​នាំ​ឲ្យ​ម៉ាឡេស៊ី​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង ហើយ​ប្រជាជនមាន​កម្រិតជីវភាព​ធូរធារ​ទៀតផង​។​

​ប៉ុន្តែ​ចុងក្រោយ​នេះ លោក​មហា​ធៀ មហាម៉ាត់ បែរជា​ឈ្លោះ​គ្នា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​បច្ចុប្បន្ន​លោក ណា​ជីប ទៅវិញ​។ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បាន​រិះគន់​លោក ណា​ជីប ជុំវិញ​ការ​រឿងអាស្រូវ​ពុករលួយ កេងប្រវ័ញ្ច​ថវិការដ្ឋ​ជាច្រើន​លាន​ដុល្លារ ប៉ុន្តែ​លោក ណា​ជីប បាន​ទាត់ចោល​ការប្រកាន់​ទាំងអស់​មកលើ​រូបលោក និង​បាន​បណ្ដេញ​មន្ត្រី​ដែល​ហ៊ាន​ចោទ​លោក​ទៀតផង​។ ដោយ​មិនអាច​ធ្វើការ​ជាមួយគ្នា​បាន លោក​មហា​ធៀ មហាម៉ាត់ ក៏បាន​ដើរចេញ​តែម្ដង​៕   

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
  ណា​ជីប រ៉ា​ហ្សា​ក់
© រក្សាសិទ្ធិដោយ thmeythmey.com