អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត ប្រាប់​ឲ្យ​កាតា​បញ្ឈប់​ការគាំទ្រ​ក្រុម​ភេរ​វករ បើ​មិន​ចង់​ខាតបង់​កាន់តែខ្លាំង​
07, Jun 2017 , 9:19 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Adel Al-Jubeir (រូបភាព Reuters)
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Adel Al-Jubeir (រូបភាព Reuters)
​ជម្លោះ​ការទូត​រវាង​កាតា និង​រដ្ឋ​ឈូង​សមុទ្រ​ពែ​រ្ស​ផ្សេងទៀត នៅ​មិនទាន់​ស្រាកស្រាន្ត​នៅឡើយ​ទេ​។ ប្រទេស​ផ្សេងទៀត​ដូចជា​ហ្ស៊​កដា​នី និង​ម៉ា​ល់​ឌី​វ ក៏បាន​ផ្ដាច់ចំណង​ការទូត​ជាមួយ​កាតា​ដែរ ខណៈ​មហាក្សត្រ​គុយ​វ៉ែត​កំពុង​ដើរតួ​ជា​អ្នក​សម្រុះសម្រួល​រវាង​ភាគី​ជម្លោះ​ទាំងអស់ ដោយបាន​ទៅ​ជួប​មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ព្រះ​ចៅ សាល​ម៉ាន ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​។ ដោយឡែក​ប្រមុខ​ការទូត​អា​រ៉ា​ប៊ី​សា​អូឌីត ក៏បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​កាតា​អនុវត្ត បើ​កាតា​មិន​ចង់​ជួប​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទេនោះ​។​



​រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត Adel Al-Jubeir បានដាក់​ចេញ​វិធានការ​សំខាន់ៗ​សម្រាប់​កាតា​ក្នុងការ​ស្តារ​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​សម្ព័ន្ធមិត្ត​អារ៉ាប់​របស់ខ្លួន​។ លោក Adel Al-Jubeir បាន​ប្រាប់​ឲ្យ​កាតា​ឈប់​គាំទ្រ​ក្រុម​ហា​ម៉ាស់​នៅ​ប៉ា​ឡេ​ស្ទី​ន និង​ក្រុម​ភាតរភាព​មូស្លីម​នៅ​អេ​ហ្ស៊ី​ប មុនពេល​ចាប់ផ្ដើម​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​។ ស្របគ្នា​នេះ ការចរចា​ដោះស្រាយ​បញ្ហា​ការទូត​កំពុង​ធ្វើឡើង ដោយមាន​មហាក្សត្រ​គុយ​វ៉ែត​កំពុង​ខ្វែង​ដៃជើង​ក្នុង​រក​ច្រកចេញ​ជម្លោះ​នេះ​។​

​អា​រ៉ា​ប៊ី​សា​អូឌីត​, អេ​ហ្ស៊ី​ប​, អារ៉ាប់​រួម​អេ​មី​រ៉ា​ត​, បា​រ៉ែ​ន​, យេ​ម៉ែន និង​រដ្ឋ​មួយចំនួនទៀត បាន​ផ្ដាច់ ឬ​ទម្លាក់​កម្រិត​ទំនាក់ទំនង​ជាមួយ​រដ្ឋ​កាតា ព្រោះតែ​គាំទ្រ​ក្រុម​ភេរវកម្ម​ជ្រុលនិយម​។ ក្រៅពី​ទំនាក់ទំនង​ការទូត ប្រទេស ទាំងនេះ ក៏បាន​បញ្ឈប់​ការធ្វើដំណើរ​ទៅមក​គោលដៅ​នៅ​កាតា ដែល​កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុន អាកាស ចរណ៍​ធំៗ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដូចជា Qatar Airways, Emirate និង Ethihad Airways ជាដើម​ផង​។​

​បើតាម​សារព័ត៌មាន Al Jazeera រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត Al-Jubeir និយាយ​ក្នុង​ទីក្រុង​ប៉ារីស​ថា អា​រ៉ា​ប៊ី​សា​អូឌីត ចង់ឃើញ​កាតា​អនុវត្តតាម​ពាក្យសន្យា​របស់ខ្លួន​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ទាក់ទង​ការគាំទ្រ​ក្រុម​ជ្រុលនិយម និង​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូលចិត្ត​បង្ករឿង ក៏ដូចជា​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ផ្សេង​ដែរ​។ លោក​បន្តថា គ្មាន​នរណា​ចង់​ធ្វើបាប​កាតា​ឡើយ តែ​កាតា​ផ្ទាល់​ត្រូវ​ជ្រើសរើស​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង​។

​បើតាម​លោក Al-Jubeir អា​រ៉ា​ប៊ី​សា​អូឌីត​សម្រេចចិត្ត​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​កាតា​ទាំង​ឈឺចាប់ តែ​ក៏​ដើម្បី​ឲ្យ​កាតា​យល់ថា នយោបាយ​របស់​កាតា​មិន​ស្ថិតស្ថេរ​ឡើយ ហើយ​ត្រូវតែ​ផ្លាស់ប្ដូរ​ដាច់ខាត​។ លោក​បន្តថា កាតា​បាន​ប៉ះពាល់​ប៉ា​ឡេ​ស្ទី​ន និង​អេ​ហ្ស៊ី​ប​តាមរយៈ​ការគាំទ្រ​ក្រុម​ហា​ម៉ាស់ និង​ក្រុម​ភារត​ភាព​បងប្អូន ដែល​ត្រូវបាន​អន្តរជាតិ​ចាត់ទុកជា​ក្រុម​ភេរវកម្ម​ជ្រុលនិយម ហើយ​កាតា​ត្រូវតែ​ឈប់​ជាបន្ទាន់​។​

​យ៉ាងណាក្ដី ប្រមុខ​ការទូត​អា​រ៉ា​ប៊ី​សា​អូឌីត​រូបនេះ មិនបាន​បញ្ជាក់​ទេ​ថា​កាតា​ត្រូវ​អនុវត្តតាម​លក្ខខណ្ឌ​ខាងលើ​ភ្លាមៗ ឬ​យ៉ាងណាដែរ​។ បើ​គិត​លើ​ផលប៉ះពាល់​កើតចេញពី​ការ​រឹតត្បិត​ការធ្វើដំណើរ​ទាំង​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស រដ្ឋ​កាតា​ត្រូវតែ​ពិចារណា​លើ​ផលវិបាក​ទាំងឡាយ ដ្បិតអី​ប្រទេស​ជុំវិញខ្លួន​នាំគ្នា​សង្កត់​ខ្លាំង​។ ប៉ុន្តែ​អា​រ៉ា​ប៊ី​សា​អូឌីត​សង្ឃឹមថា កាតា​នឹង​ដើរ​លើផ្លូវ​ត្រូវ​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ខាតបង់​បន្ថែមទៀត​៕ 


Tag:
 ​អា​រ៉ា​ប៊ី​សា​អូឌីត​
  កាតា​
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com