ជាតិ
លោក ទៀ បាញ់ ស្នើឲ្យ​សារព័ត៌មាន​ថៃ​សុំទោស ចំពោះ​ការចុះផ្សាយ​ថា​លោក ជាប់​ពាក់ព័ន្ធ​ការរត់ពន្ធ​អាវុធ​ខុសច្បាប់​
08, Jun 2017 , 10:52 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ ស្នើ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​ថៃ​សុំទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​អាវុធ​ខុសច្បាប់ យកទៅ​លក់​នៅ​ប្រទេស​មី​យ៉ាន​ម៉ា​។ អាជ្ញាធរ​ថៃ បាន​រឹបអូស​អាវុធ​ខុសច្បាប់​ជាច្រើន​ដើម ដែល​នាំ​ពី​ប្រទេស​កម្ពុជា ចូលទៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៣ មិថុនា ។



​ក្រោយពី​បាន​ពិនិត្យឃើញ​សារព័ត៌មាន​ថៃ​បាន​ចុះផ្សាយ​ព្រោងព្រាត​ថា លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជាប់​សង្ស័យពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​អាវុធ​ខុសច្បាប់​នេះ អគ្គនាយកដ្ឋានការបរទេសនៃក្រសួងការពារជាតិ ក៏បាន​ចេញ​លិខិត​បកស្រាយ​ជា​ភាសា​អង់គ្លេស​ទៅ​ក្រសួង​ការពារជាតិ​ថៃ ដោយ​ស្នើ​ឲ្យ​ភាគី​ថៃ​ពិនិត្យមើល​លើ​ការចុះផ្សាយ​ព័ត៌មាន​នោះ​ឡើងវិញ​​។ នេះ​បើតាម​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ដែល​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។​

​តែ​យ៉ាងណា​លោក ឈុំ សុជាតិ សុំ​មិន​បកស្រាយ​អត្ថន័យ​លើ​លិខិត​ដែល​កម្ពុជា​ផ្ញើ​ទៅ​ភាគី​ថៃ​នោះទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា នៅពេលនេះ​កម្ពុជា​រង់ចាំ​មើល​ការឆ្លើយតប​របស់​ភាគី​ថៃ​មកវិញ​។​

​បើទោះជា​មិនទាន់មាន​ការបកស្រាយ​ក្តី តែ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ បានស្នើ​ឲ្យ​សារព័ត៌មាន​ថៃ​ទាំងអស់ ដែល​បាន​ចុះផ្សាយ​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​អាវុធ​ខុសច្បាប់​នេះ សុំទោស​រូបលោក​វិញ​ផងដែរ​។​

​តាមរយៈ​សារព័ត៌មាន​ថៃ The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ លោក Prawit Wongsuwan ដែល​បាន​ទាក់ទង​តាម​ខ្សែ​ទូរស័ព្ទ​មក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ បាញ់ បានលើកឡើង​ដូច្នេះ​ថា​៖«​លោក ទៀ បាញ់ បានស្នើ​ឲ្យ​សារព័ត៌មាន​ថៃ ដែល​បាន​ភ្ជាប់​រូបគាត់ ទៅនឹង​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់​នេះ សុំទោស​រដ្ឋាភិបាល​កម្ពុ​ជា ជា​ផ្លូវការ​ណាមួយ​ចំពោះ​ការចុះផ្សាយ​របស់​ពួកគេ​នេះ​»​។​

​កាលពី​ថ្ងៃទី​០៣ មិថុនា អាជ្ញាធរ​ថៃ បាន​បើក​ការស៊ើបអង្កេត និង​រឹបអូស​បាន​អាវុធ​ជាច្រើន​ដើម នៅក្នុង​ឡាន​មួយ​បាំង​កន្លះ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវ​មួយ​ក្នុង​ខេត្ត​ត្រាច នៃ​ប្រទេស​ថៃ​។ អាវុធ​ទាំងនោះ​រួមមាន កាំភ្លើង​២៩​ដើម​,​កាំភ្លើងយន្ត​៤​ដើម​,​គ្រាប់បែក​៥៣ គ្រាប់ និង​គ្រាប់កាំភ្លើង​ជាង​៤០០០​គ្រាប់​។​

យោធា​ថៃ បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​ដែលមាន​ផ្ទុក​អាវុធ​នេះ បាន​សារភាពថាពួកគេ​បាន​នាំយក​អាវុធ​ខុសច្បាប់​ទាំងនេះ ពី​ប្រទេស​កម្ពុជា នាំយកទៅ​លក់​ឲ្យ​ក្រុម​ឧទ្ទាម Karen នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា​។ អាជ្ញាធរ​ថៃ បាន​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិខ្មែរ​ម្នាក់ និង​ថៃ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ខាងលើ​នេះ​។ នេះ​បើតាម The Nation៕


Tag:
 ទៀ បាញ់​
 ​ អាវុធ​ខុសច្បាប់​
 ​ ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com