អន្តរជាតិ
តួ​ក​គី ព​ន្លឿ​ន​ការពង្រាយ​ទ័ព​នៅ​កាតា ខណៈ​ជម្លោះ​ការទូត​នៅ​ឈូង​សមុទ្រ​ពែ​រ្ស​មិនទាន់​ធូរស្រាល​
08, Jun 2017 , 3:45 pm        
រូបភាព
​ខណៈដែល​ជម្លោះ​ការទូត​រវាង​កាតា និង​បណ្ដា​រដ្ឋ​អារ៉ាប់​នៅ​មជ្ឈិមបូព៌ា នៅ​មិនទាន់មាន​សញ្ញា​ស្រាកស្រាន្ត តួ​ក​គី​ដែលជា​រដ្ឋ​ក្រៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស បាន​ប្រកាន់​ជំហរ​កាន់ជើង​កាតា​ដែល​កំពុង​ឯកោ​ខ្លាំង​។ តួ​ក​គី​ដែលមាន​ឥទ្ធិពល​គួរសម​នៅក្នុង​តំបន់​ដែរនោះ បាន​ព​ន្លឿ​ន​ការពង្រាយ​កងទ័ព​រប​ស់​ខ្លួន​នៅ​កាតា ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៤ ។ ចំណែក​ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ក៏បាន​រិះគន់​រដ្ឋ​ឈូង​សមុទ្រ​ពែ​រ្ស​ដែល​បាន​បែរខ្នង​ដាក់​កាតា និង​បាន​សន្យា​ជួយ​ដោះស្រាយ​ជម្លោះ​នេះដែរ​។​



​សភា​តួ​ក​គី បានអនុម័ត​សេចក្ដីព្រាងច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មានការ​ពង្រាយ​កងទ័ព​តួ​ក​គី​នៅ​មូលដ្ឋាន​ក្នុង​រដ្ឋ​កាតា ដែល​កំពុង​រង​សម្ពាធ​ការទូត​ខ្លាំង​ពី​សម្ព័ន្ធមិត្ត​អារ៉ាប់​របស់ខ្លួន​។ អា​រ៉ា​ប៊ី​សា​អូឌីត ប៉ា​រ៉ែ​ន និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ដែល​បាន​បិទ​ព្រំដែន​របស់ខ្លួន​ជាមួយ​កាតា​ទាំង​ព្រំ​ដែនទឹក អាកាស និង​ដីគោក ខណៈ​ប្រទេស​ក្នុង​តំបន់​មួយចំនួនទៀត​ក៏បាន​ផ្ដាច់ទំនាក់ទំនង​ការទូត​ដែរ​ដូចជា​អេ​ហ្ស៊ី​ប យេ​ម៉ែន និង​ហ្ស៊​កដា​នី​ជាដើម ដោយ​ចោទ​កាតា​ថា​បាន​គាំទ្រ​ក្រុម​ភេរវកម្ម​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​អនុម័ត​ដោយ​សមាជិកសភា​ចំនួន​២៤០ សំឡេង ហើយ​វា​នឹង​បើកផ្លូវ​ឲ្យ​មានការ​បញ្ជូន​ទ័ព​ទៅកាន់​កាតា​ក្នុងពេល​ឆាប់ៗ​នេះ ស្របតាម​កិច្ចព្រមព្រៀង​រវាង​តួ​ក​គី និង​កាតា​ក្នុង​ឆ្នាំ​២០១៤ ។ គេ​មិនទាន់​ដឹង​ច្បាស់​ថា​ហេតុអ្វី​តួ​ក​គី​បែរ​ជាព​ន្លឿ​ន​ការពង្រាយ​កងទ័ព​នៅពេល​នេះឡើយ​។ ប៉ុន្តែ​នេះ​ទំនងជា​វិធាន​ការត្រៀម​ទុក​មុន​របស់​តួ​ក​គី​សម្រាប់​ការពារ​កាតា​ដែលជា​មិត្ត​របស់ខ្លួន​។​

​ទន្ទឹមគ្នា​នេះដែរ ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ (Tayyip Erdogan) ដែល​បាន​អំពាវនាវ​ឲ្យ​មានការ​ស្ងៀមស្ងាត់​ដើម្បី​បន្ថយកម្ដៅ​ជម្លោះ​នោះ ក៏បាន​និយាយ​រិះគន់​បណ្ដា​រដ្ឋ​អារ៉ាប់​ដែល​គាបសង្កត់​កាតា ទោះបីជា​កាតា​ទាត់ចោល​ការចោទប្រកាន់​ទាំងអស់​ក្ដី​។ លោក អ៊ែរ​ដូ​ហ្កា​ន់ បញ្ជាក់ថា ការធ្វើ​ឲ្យ​កាតា​ឯកោ ក៏ដូចជា​ការដាក់ទណ្ឌកម្ម​ជាដើម មិនអាច​ដោះស្រាយ​បញ្ហា​បានឡើយ តែ​តួ​ក​គី​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​តាមតែ​អាចធ្វើ​បាន​។​

​ប្រធានាធិបតី​តួ​ក​គី ក៏បាន​សរសើរ​រដ្ឋកា​តា ដែល​មិន​ឆេវឆាវ និង​មិន​ធ្វើ​អ្វី​ទទឹងទិស ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​របស់​រដ្ឋ​ឈូង​សមុទ្រ​ផ្សេងទៀត ទោះ​ខ្លួន​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ក៏ដោយ​។ លោក អ៊ែរ​ដូ​ហ្កា​ន់ ក៏​យល់ឃើញថា ទណ្ឌ​កក​ម្ម​លើ​កាតា​ក៏​មិនមែនជា​ត្រឹមត្រូវ​ដែរ ហើយ​ដំណោះស្រាយ​សមស្រប​សម្រាប់​រក​ច្រកចេញ​ជម្លោះផ្ទៃក្នុង​រវាង​សមាជិក​រដ្ឋ​ឈូង​សមុទ្រ​ពែ​រ្ស​ដូចគ្នានេះ គឺ​មានតែ​ផ្លូវ​ចរចា​គ្នា​ប៉ុណ្ណោះ​។​

​តាមពិតទៅ វា​ក៏​មិនមែនជា​ចម្លែក​អ្វី​ដែរ ដែល​តួ​ក​គី​គាំទ្រ​កាតា​នោះ​។ ទាំង​តួ​ក​គី ទាំង​កាតា សុទ្ធតែ​គាំទ្រ​ក្រុម​ភាតរភាព​បងប្អូន​នៅ​អេ​ហ្ស៊ី​ប ខណៈ​ក្រុម​នេះ​ត្រូវបាន​អាជ្ញាធរ​អេ​ហ្ស៊ី​ប និង​រដ្ឋ​ឈូង​សមុទ្រ​ផ្សេងទៀត ចាត់ទុកជា​ក្រុម​ភេរវកម្ម​ទៅហើយ​។ តួ​ក​គី និង​កាតា ក៏មាន​ជំហរ​ស្របគ្នា​នៅក្នុង​ការបណ្ដេញ​ប្រធានាធិបតី​ស៊ី​រី​ចេញពី​តំណែង​ដែរ​។ ជុំវិញ​ការពង្រាយ​ទ័ព​វិញ តួ​ក​គី​អាច​បញ្ជូនទាហាន​របស់​ខ្លួន​ចំនួន​បី​ពាន់​នាក់​ទៅកាន់​កាតា ស្របពេល​ទាហាន​១៥០​នាក់​បាន​ពង្រាយ​រួចស្រេច​ហើយ​៕


Tag:
 តួ​ក​គី​
  កាតា​
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com