រថយន្ត
អន្តរជាតិ
ដើម្បី​សុវត្ថិភាព​ពេល​បើកបរ Apple ដាក់​ដំណើរការ «Don’t Disturb While Driving Mode»
12, Jun 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ដូចជា​នៅលើ​យន្តហោះ ដែល​អ្នកដំណើរ​ត្រូវដាក់ «Airplane Mode» ដើម្បី​សុវត្ថិភាព​នៅលើ​អាកាស ក្រុមហ៊ុន Apple បង្ហាញ​ពី​ឆ​ន្ទះ​របស់ខ្លួន​ក្នុង​ការចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​តាមរយៈ​ការដាក់​ដំណើរការ Mode «Do Not Disturb While Driving» ។​



​លោក Craig Federighi អនុប្រធាន​ជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​វិស្វកម្ម Sofware  របស់ Apple បានប្រកាស​ពី​ផែនការ​របស់​ក្រុមហ៊ុន​ក្នុង​ការដាក់​ដំណើរការ Mode «Do Not Disturb While Driving» ដែល​មានន័យថា «​កុំ​រំខាន​នៅពេល​បើកបរ​» នា​អំឡុង​នៃ​សន្និសីទ Worldwide Developers នៅក្នុង​ទីក្រុង San Jose រដ្ឋកា​លី​ហ្វ​នីញ៉ា​។

​អ្នកជំនាញ​របស់ Apple រូបនេះ បាន​អះអាងថា ក្រុមហ៊ុន​នឹងដាក់​ដំណើរការ​នៅលើ iPhones និង iPads នៅពេលដែល​ក្រុមហ៊ុន​ពង្រីក​ប្រព័ន្ធ​ប្រតិបត្តិការ​ដល់ iOS11 នា​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។ លោក Federighi បាន​លើកឡើងថា​៖ «​លោក​នឹងត្រូវ​ការប្រើ​ភ្នែក​ដោយ​ផ្តោត​តែ​លើផ្លូវ​។ នៅពេលដែល​លោកអ្នក​បើកបរ លោកអ្នក​មិនត្រូវ​ការឆ្លើយតប​សារ​ណាមួយ​នោះឡើយ​»​។​



​លោក​បាន​ពន្យល់ថា នៅពេលដែល​អ្នកប្រើប្រាស់​ដាក់ Mode «Do Not Disturb While Driving» មានន័យថា ពួកគេ​កំពុង​បើកបរ ដូច្នេះ​រាល់​សារ ឬ Notifications ដូចជា Update Games ឬ​សារ​ផ្សេងៗ មិន​បង្ហាញ​លើ​អេក្រង់​នោះឡើយ​។ បន្ថែម​ពីលើ​នេះ អ្នក​អាច​រៀបចំ​សារ​ស្វ័យប្រវត្តិ​មួយ​ដើម្បី​បញ្ជាក់ប្រាប់​អ្នក​ដែល​ភ្ជាប់​ទំនាក់ទំនង​ថា អ្នកនឹង​ទាក់ទង​ទៅ​ពួកគេ​វិញ​នៅពេលដែល​អ្នក​ឈប់​បើកបរ ប៉ុន្តែ​អ្នក​ក៏​អាច​ជ្រើសរើស​ទំនាក់ទំនង​សំខាន់​ណាមួយ​ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​ផ្ញើ​សារ​ទៅដល់​អ្នក​នៅពេល​បើកប​រ​បាន​ផងដែរ​។​

​មន្ត្រី Apple បាន​អះអាងថា នេះ​ជា​ដំណាក់កាល​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​សុវត្ថិភាព​នៅក្នុង​រថយន្ត​។ នៅ​សហរដ្ឋអាមេរិក យ៉ាងហោចណាស់​មាន​៤៦​រដ្ឋ បាន​ហាមឃាត់​ការផ្ញើ​សារ​ផ្សេងៗ​នៅពេល​បើកបរ ប៉ុន្តែ​នៅតែមាន​មនុស្ស​បំពាន​។​



​របាយការណ៍​នៅ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា មនុស្ស​៣៤៧៧​នាក់​បាន​ស្លាប់ និង​៣៩១ ០០០​នាក់​រងរបួស ដោយសារតែ​ការបើកបរ​មិន​ប្រុងប្រយ័ត្ន កាលពី​ឆ្នាំ​២០១៥​។ គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ ករណី​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅពេល​បើកបរ ជាពិសេស​នៅពេល​ឱន​ឈ្ញោ​ក​មើល​សារ​ជាដើម​៕


Tag:
 Apple
© រក្សាសិទ្ធិដោយ thmeythmey.com