ជាតិ
រាប់សន្លឹកឆ្នោតឡើងវិញនៅការិយាល័យ១ក្នុងឃុំក្លែង ខណៈលទ្ធផលបឋម CPP ឈ្នះ១សំឡេង
× គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរាប់សន្លឹកឆ្នោតឡើងវិញនៅការិយាល័យចំនួន១នៅក្នុងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ដំណើររាប់នឹងប្រព្រឹត្តទៅនាវេលាម៉ោង២រសៀលថ្ងៃពុធ ទី១៤ ខែមិថុនា នៅទីស្នាក់ការ គ.ជ.ប។
លទ្ធផលបឋមដែលបានរាប់ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឃុំក្លែង បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រ៨៣២សំឡេង ខណៈគណបក្សសង្គ្រោះជាតិ បាន៨៣១សំឡេង ពោលគឺចាញ់តែ១សំឡេងគត់។ បក្សពីរទៀតដែលប្រជែងនៅក្នុងមូលដ្ឋាននេះ មានគណបក្សហ្វ៊ុនស៊ិនប៉ិចដែលទទួលបាន៥៥សំឡេង និងគណបក្សខ្មែររួបរួមជាតិ បាន៤៨សំឡេង។ លទ្ធផលទាំងនោះ ផ្អែកលើការបូកបញ្ចូលគ្នាពីការិយាល័យទាំង៨នៅក្នុងឃុំ។
បើតាម គ.ជ.ប ការិយាល័យ១ដែលនឹងត្រូវរាប់ឡើងវិញនោះ មានលេខកូដ ០៦៦៦ ។ នៅការិយាល័យនេះ ការរាប់ភ្លាមៗ បង្ហាញថា គណបក្សសង្គ្រោះជាតិ បាន២១៩សំឡេង គណបក្សប្រជាជនកម្ពុជា បាន១៣៣សំឡេង គណបក្សហ្វ៊ុនស៊ិនប៉ិច បាន១២សំឡេង និងគណបក្សខ្មែររួបរួមជាតិ បាន៦សំឡេង៕
កាលពីអណត្តិមុន គណបក្សប្រជាជនកម្ពុជា កាន់តំណែងទាំងមេឃុំ និងជំទប់ទី១ គណបក្សសមរង្ស៊ី កាន់ជំទប់ទី២ និងមានសមាជិកក្រុមប្រឹក្សា១រូបរៀងៗខ្លួន។ ការឈ្នះតែ១សន្លឹកនាការបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនា ជួយឲ្យលោក សែម ងៀម នៃគណបក្សប្រជាជនកម្ពុជា អាចបន្តតំណែងមេឃុំរបស់ខ្លួន ខណៈលោក ព្រំ វុធ ពីគណបក្សសង្គ្រោះជាតិ ដែលអណត្តិមុន ជាជំទប់ទីពីរកូតាគណបក្សសមរង្ស៊ី ទំនងជាក្លាយជាជំទប់ទីមួយ៕
Tag:
បោះឆ្នោតឃុំ-សង្កាត់
ឃុំក្លែង
© រក្សាសិទ្ធិដោយ thmeythmey.com