ជាតិ
បោះឆ្នោត​ឃុំ សង្កាត់​៖ ការតវ៉ា​របស់​កម្មក​រ​រោងចក្រ ៦​ជាន់ ជា​សារ​ដល់គ​.​ជ​.​ប និង​ក្រសួង​ការងារ ឲ្យ​គិត​ពេល​បោះឆ្នោត​លើក​ក្រោយ​
15, Jun 2017 , 3:24 pm        
រូបភាព
ដោយ:
​កម្មករ កម្មការិនី រាប់រយ​នាក់​នៅ​រោងចក្រ​សៅ​លែ​ន  ក្នុង​រាជធានី​ភ្នំពេញ បាននាំគ្នា​តវ៉ា ជាច្រើន​ថ្ងៃ ដើម្បី​ប្រឆាំងនឹង​ការសម្រេច​កាត់​ប្រាក់​បំណាច់​ឆ្នាំ​កម្ម​ករពី​សំណាក់​ថៅកែ​រោងចក្រ ដោយសារតែ​ពួកគេ​ឈប់សម្រាក​ធ្វើដំណើរ​ទៅ​បោះឆ្នោត​។  ក្រុមកម្មករ នាំគ្នា​តវ៉ា តាំងពី​នៅមុខ​បរិវេណ​រោងចក្រ រហូត​បន្ត​តវ៉ា​នៅ​ក្រសួង​ការងារ តែ​នៅតែ​មិនទាន់មាន​ដំណោះស្រាយ​សមស្រប​នោះទេ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សោកស្តាយ​ដែលមាន​ករណីបែបនេះ​កើតឡើង ហើយ​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជជែក​គ្នា​រក​ដំណោះស្រាយ​។ លោក ហង្ស ពុទ្ធា ចាត់ទុក ការតវ៉ា​របស់​កម្មក​រថា ជា​សារសំខាន់​មួយ​សម្រាប់​គ​.​ជ​.​ប ដើម្បី​គិត​បង្ការ​ទុក​កុំ​ឲ្យ​កើតមាន​សម្រាប់​ការបោះឆ្នោត​លើក​ក្រោយ​។



«​ពួក​ខ្ញុំ​គ្រាន់តែ​ទៅ​បោះឆ្នោត ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ហេតុអ្វី​កាត់លុយ​បំណាច់​ឆ្នាំ​ពួក​ខ្ញុំ​? ពួក​ខ្ញុំ​មិន​សុខចិត្ត​ទេ​»​។ កម្មការិនី ស ចិន្តា កំពុង​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​របស់ខ្លួន ប្រាប់​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ពី​ក្នុង​ហ្វូង​នៃ​អ្នក​តវ៉ា​ដែលជា​កម្មករ កម្មការិនី ជាច្រើន​រយ​នាក់​ផ្សេងទៀត នៅមុខ​បរិវេណ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ សៅ​លែ​ន ឬ​ហៅ​រោងចក្រ ៦​ជាន់​។ រោងចក្រ​នេះ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងៃទី ៧ ខែមិថុនា​។​

​ថ្ងៃទី ៧ ខែមិថុនា វា​ជា​លើក​ទី​៣​ហើយ ដែល​ក្រុមកម្មករ​នៅ​រោងចក្រ​សៅ​លែ​ន (SOUTHLAND Cambodia CO.LTD) នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ការសម្រេច​កាត់​ប្រាក់​បំណាច់​ឆ្នាំ​ពួកគេ​ពី​សំណាក់​ថៅកែ​រោងចក្រ​។ ចិន្តា ចាត់ទុក​ទង្វើ​របស់​ភា​គី​រោងចក្រ​ថា ជាការ​រំលោភ​លើ​សិទ្ធិ​កម្មករ​ទាំងស្រុង និង​ថា​នេះ​ជា​ទង្វើ​ដែល​គ្មាន​ការអាណិតអាសូរ​កម្មក​រ ដែលមាន​ប្រាក់ខែ​តិច​នោះទេ​។

​កម្មការិនី​វ័យ ២០ ឆ្នាំ​មកពី​ខេត្តព្រៃវែង​រូបនេះ រម្លឹក​គុណសម្បត្តិ​របស់​កម្មករ​ថា កន្លងមក​នៅពេល​ភាគី​រោងចក្រ​ជួប​បញ្ហា គ្មាន​ការងារ​ឲ្យ​កម្មករ​ធ្វើ ក្រុមកម្មករ សុខចិត្ត​យកប្រាក់​ខែ​ពី​ថៅកែ​រោងចក្រ តែ​ពាក់កណ្តាល តែ​ដល់ពេល​កម្មករ​មានប​ញ្ហា​រវល់​ទៅ​បោះឆ្នោត​វិញ បែរជា​ថៅកែ​រោងចក្រ​ដាក់បន្ទុក​បន្ថែម​។​« ខ្ញុំ​គិតថា រោងចក្រ គ្មាន​ផ្តល់​សិទ្ធិ​ដល់​កម្មករ​បន្តិច​សោះ​។ យើង​តូចចិត្ត ដោយសារ ពេលដែល​រោងចក្រ​អត់​មាន​ការងារ​ឲ្យ​កម្មករ​ធ្វើ រោងចក្រ​សុំ​ឲ្យ​យើង​ស៊ី (​ប្រាក់ខែ​) ៥០ ភាគរយ យើង​យល់ព្រម​។ តាមពិត រោងចក្រ​អត់​មានការ​ងារ​ឲ្យ​កម្មករ​ធ្វើ ជា​បន្ទុក​រោងចក្រ​ទេ តែ​កម្មករ​យល់​យើង​យោគយល់​។ ក៏ប៉ុន្តែ​ដល់ពេល​យើង​សុំ​ឲ្យ​ថៅកែ កាត់លុយ​យើង​តែ ៥០​ភាគរយ នៅ​ថ្ងៃ​សៅរ៍​ពេល​យើង​ធ្វើដំណើរ​ទៅ​បោះឆ្នោត គេ​អត់​ព្រម​ទេ​»​។ នេះ​ជាការ​បន្ថែម​របស់​ចិន្តា​។​


                         កម្មការិនី ស ចិន្តា ពាក់មួកខ្មៅ ពេលចូលរួមតវ៉ា
 ​ឥឡូវនេះ ងាក​ចេញពី​ចិន្តា បន្តិច​សិន​។ យើង​មក​តាមដាន​ការរៀបរាប់​របស់​តំណាង​កម្មករ​ដែល​តវ៉ា គឺ​លោក ហ៊ឹម ជី​វ័​ន្ត​។ លោក ជី​វ័​ន្ត លើកឡើងថា ការតវ៉ា​របស់​កម្មក​រ កម្មការិនី ធ្វើឡើង​តាំងពី​រសៀល​ថ្ងៃ​សុក្រ​ទី ២​ខែមិថុនា មុន​ថ្ងៃ​បោះឆ្នោត​មក​ម្លេះ នៅពេលដែល​កម្មករ​កំ​ពុង​ធ្វើការ ហើយ​ទទួល​ព័ត៌មាន​ពី​ថៅកែ​រោងចក្រ​ថា ភាគី​រោងចក្រ នឹង​កាត់​ប្រាក់​បំណាច់​ឆ្នាំ​ចំនួន​ពីរ​ថ្ងៃ បើ​កម្មករ​ឈប់សម្រាក ថ្ងៃ​សៅរ និង​ថ្ងៃ​ចន្ទ ដើម្បី​ធ្វើដំណើរ​ទៅ​បោះឆ្នោត និង​ត្រឡប់ព​មកពី​បោះឆ្នោត​នៅឯ​ស្រុកកំណើត​វិញ​។ កម្មករ មកពី​ខេត្តកំពង់ចាម រូបនេះ រៀបរាប់​យ៉ាងនេះ​ថា​៖«​យើង​តវ៉ា ហើយ​កម្មករ​យើង​ក៏​បន្ទន់ឥរិយាបថ​ទៀតថា សុខចិត្ត​ឲ្យ​ថៅកែ​កាត់​មួយថ្ងៃ ៥០​ភាគរយ និង​មួយថ្ងៃ​ទៀត​ធ្វើ​សង នៅពេល​ថ្ងៃ​បុណ្យជាតិ ឲ្យ​តែ​បាន​ទៅ​បោះឆ្នោត តែ​ភាគី​រោងចក្រ នៅតែ​មិន​យល់ព្រម និង​មិន​អើពើ ដោយ​នៅតែ​ចង់​កាត់​ប្រាក់​បំណាច់​ឆ្នាំ​ដដែល ទើប​យើង​ទុក​ការតវ៉ា​មួយ​ឡែក ដោយនៅ​ថ្ងៃ​សៅរ៍​ពួកយើង​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ដើម្បី​ទៅ​បោះឆ្នោត​សិន​»​។ បើតាម​លោក ជី​វ័​ន្ត ជាទូទៅ​ប្រាក់​បំណាច់​ឆ្នាំ ភាគី​រោងចក្រ​គិត​ឲ្យ​កម្មករ​ចំនួន ១៨ ថ្ងៃ ហើយ​ការ​គណនា​រក​ចំនួន​ប្រាក់​បំណាច់​ឆ្នាំ ១​ថ្ងៃ ស្មើនឹង​ចំនួន​ប្រាក់ខែ​ក្នុង​មួយខែ​ចែក​នឹង ៣០ ថ្ងៃ​។​

​ថ្ងៃអាទិត្យ ទី ៤ មិថុនា ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ហើយ​រោងចក្រ ឲ្យ​កម្មករ​ឈប់សម្រាក ដោយ​មិន​កាត់លុយ​អ្វី​នោះទេ ពីព្រោះ​ជា​ថ្ងៃ​ឈប់សម្រាក​ស្រាប់​របស់​កម្មករ និង​ម្យ៉ាងទៀត​ជា​ថ្ងៃ​បោះឆ្នោត​ផង​។

​អ្នកស្រី អ៊ិន សានី កម្មការិនី ដែល​បាន​តវ៉ា​នៅមុខ​រោងចក្រ​សៅ​លែ​ន នៅក្បែរ​លោក ហ៊ឹម ជីវ័ន​ដែរនោះ និយាយថា កម្មករ កម្មការិនី ដែល​មក​ធ្វើការ​នៅ​ភ្នំពេញ ភាគច្រើន​រស់នៅ​តាម​បណ្តា​ខេត្ត ដោយ​អ្នកខ្លះ​មកពី​ខេត្តរតនៈគិរី បាត់ដំបង កំពង់ចាម ព្រៃវែង ស្វាយរៀង ជាដើម ដែល​មិនអាច​ឲ្យ​ពួកគេ ធ្វើដំណើរ​ទៅមក ដើម្បី​បោះឆ្នោត ត្រឹមតែ​រយៈពេល​មួយថ្ងៃ​នោះទេ​។ «​បោះឆ្នោត​ថ្ងៃអាទិត្យ ពួកយើង​ត្រូវ​ទៅ​ថ្ងៃ​សៅរ៍ ហើយ​ត្រឡប់មកវិញ​នៅ​ថ្ងៃ​ចន្ទ ទើប​គ្រប់គ្រាន់​។ តែ​រោងចក្រ​បែរជា​កាត់លុយ​យើង​ទៅវិញ​។ យើង​មិនអាច​ទទួលយក​បានទេ​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ម្ម​ការិនី​វ័យ ៣០ ឆ្នាំ មកពី​ខេត្តស្វាយរៀង​ខាងលើ​។​


                           កម្មការិនី អ៊ិន សានី ពាក់អាវក្រហម
​ក្រោយ​ត្រឡប់​មកពី​បោះឆ្នោត​វិញ នៅ​ថ្ងៃ​អង្គារ​ទី ៦ ខែមិថុនា ក្រុមកម្មករ​គ្រោង​នឹង​ចូលធ្វើ​ការធម្មតា​វិញ ប្រសិនបើ​ភាគី​រោងចក្រ​បន្ទន់ឥរិយាបថ​ឈប់​កាត់​ប្រាក់​បំណាច់​ឆ្នាំ​ពួកគេ តែ​ផ្ទុយទៅវិញ ក្តីសង្ឃឹម​របស់​កម្មក​រ មិនបាន​ដូច​បំណង​ឡើយ ដោយ​ថៅកែ​រោងចក្រ​នៅតែ​រក្សា​ជំហរ​ដដែល ហើយ​មិនតែប៉ុណ្ណោះ នៅ​ថ្ងៃ​ពុធ​ទី ៧ ខែមិថុនា ខាង​រោងចក្រ​ថែមទាំង​បញ្ឈប់​កម្មករ​កម្មការិនី ១១ នាក់ ពី​ការងារ​ទៀតផង​។ ការបញ្ឈប់​កម្មករ ១១ នាក់ ដោយ​ភាគី​រោងចក្រ​ចោទ​កម្មករ​ទាំងនោះ​ថា ជា​អ្នក​ញុះញង់​កម្មករ​ដទៃទៀត​ឲ្យ​ងើបឡើង​តវ៉ា​។

​លោក ហ៊ឹម ជី​វ័​ន្ត ជា​កម្មករ​ម្នាក់​ក្នុងចំណោម​កម្មករ ១០ នាក់​ផ្សេងទៀត ដែល​ត្រូវ​រោងចក្រ​បញ្ឈប់​ពី​ការងារ​ដែរនោះ បាន​បដិសេធ​ការចោទប្រកាន់​នេះ ហើយ​អះអាង​យ៉ាងខ្លី​ថា ការតវ៉ា​នេះ គឺ​ក្រុមកម្មករ​នាំគ្នា​តវ៉ា​ដោយ​ចិត្ត​ឯង​។ លោក ជី​វ័​ន្ត បន្ត​និយាយ​ពី ការសម្រេច​របស់​ភាគី​រោងចក្រ នៅ​ថ្ងៃទី ៧ ខែមិថុនា​ថា ខាង​ភាគី​រោងចក្រ​ប្តូរ​ចិត្ត​ឈប់​កាត់​ប្រាក់​បំណាច់​ឆ្នាំ​កម្មករ តែ​បញ្ឈប់​ការងារ​កម្មករ ១១ នាក់ និង​បានដាក់​កំហិត​ឲ្យ​កម្មករ​ដែល​តវ៉ា​ប្រមាណ ៦០ ភាគរយ​នៃ​ចំនួន​កម្មករ​សរុប​ជាង ១ ពាន់​នាក់​នៅក្នុង​រោងចក្រ​នេះ ចូលធ្វើការ​វិញ ហើយ​បើ​ពួកគេ​មិន​ព្រម ខាង​រោងចក្រ នឹង​កាត់​ប្រាក់រង្វាន់​ទាំងអស់​ដូចជា លុយ​ព្រីម និង​លុយ​ធ្វើដំណើរ​ជាដើម​។

​យ៉ាងណា នៅ​ថ្ងៃទី ៧ មិថុនា ក្រុមកម្មករ នៅតែ​ធ្វើ​កូដកម្ម មិន​ចូលធ្វើការ​ដដែល ដោយសារ​កម្មករ ១១ នាក់​ផ្សេងទៀត ត្រូវ​រោងចក្រ​បញ្ឈប់​ពី​ការងារ​។ ការបន្ត​តវ៉ា​របស់​កម្មករ នៅមុខ​រោងចក្រ ៦ ជាន់ នៅ​ថ្ងៃទី ៧ ខែមិថុនា មិនបាន​ធ្វើ​ឲ្យ​ភាគី​រោងចក្រ​ចេញមុខ​មក​ដោះស្រាយ​នោះឡើយ ទើប​ក្រុមកម្មករ គ្រោង​នាំគ្នា​ទៅ​តវ៉ា​នៅមុខ​ក្រសួង​ការងារ​វិញ​ម្តង នៅ​ថ្ងៃទី ៨ ខែមិថុនា​។

​នៅ​ថ្ងៃទី ៧ ខែមិថុនា សារព័ត៌មាន​ថ្មីៗ ព្យាយាម​ទាក់ទង​សុំ​ការបកស្រាយ​ពី​ភាគី​រោងចក្រ​សៅ​លែ​ន តាម​ទូរ​សព្ទ​ជាច្រើន​ដង​ដែរ តែ​គ្មាន​អ្នក​លើក​ទូរ​សព្ទ​។ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល​នោះ លោក ឈាន សុផាត តំណាង​សហជីព​ខ្មែរ​នៅក្នុង​រោងចក្រ​នេះ ដែល​កម្មករ​តវ៉ា​ចោទថា មាន​ទំនោរ​ការពារ​ក្រុមហ៊ុន​នោះ បាន​និយាយ​ក្រោយពី ជួប​ជាមួយ​ភាគី​រោងចក្រ​ថា បញ្ហា​ដែល​មិនអាច​ដោះស្រាយបាន​ដោយសារ ក្រុមកម្មករ​មិន​បន្ទន់ឥរិយាបថ ហើយ​លោក​ថា ការតវ៉ា​របស់​កម្មក​រ កម្មការិនី មិនមាន​សំណើ​ជា​លាយលក្ខណ៍អក្សរ​ច្បាស់លាស់​ទៅ​ក្រុមហ៊ុន ដូច​ក៏​ជា​ចំណុច​ដែល​មិនអាច​ដោះស្រាយបាន​។​

​ក្រសួង​ការងារ  និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សន្យា​បញ្ជូន​មន្ត្រី​ទៅ​ដោះស្រាយ​ជាមួយ​ភាគី​រោងចក្រ​ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី ៨ ខែ មិថុនា ក្រុមកម្មករ កម្មការិនី បាន​នាំ​តវ៉ា​ដាក់​ញត្តិ​ឲ្យ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​។ ខ្លឹមសារ​សំខាន់​នៃ​ញត្តិ​នោះ គឺ​កម្មករ​ទាមទារ ឲ្យ​ក្រុមហ៊ុន​សៅ​លែ​ន​ទទួលយក​កម្មករ កម្មការិនី​ចំនួន ១១ នាក់ ដែល​ក្រុមហ៊ុន​បញ្ឈប់ ឲ្យ​ចូលធ្វើការ​ដូច​ធម្មតា​វិញ​។ នៅក្នុង​ការតវ៉ា​នោះ ក៏មាន​វត្តមាន លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ ចូលរួម​ជាមួយ​ក្រុមកម្មក​រ​នៅមុខ​ក្រសួង​ការងារ​ដែរ​។  លោក ប៉ាវ ស៊ីណា ថ្លែងថា វា​ជា​រឿង​អយុត្តិធម៌ និង​អសីលធម៌​ណាស់ ដែល​ថៅ​រោងចក្រ​កាត់លុយ​កម្មករ គ្រាន់តែ​ពួកគេ​ធ្វើដំណើរ​ទៅ​បោះឆ្នោត​។ «​កម្មករ ស្ថិតនៅក្រោម​ច្បាប់​ខ្មែរ​គ្រប់គ្រង មិនមែនជា​ទាសករ​ទេ​។ អ្នកឯង​ជា​អ្នកវិនិយោគ​មកពីណា​ក៏ដោយ អ្នកឯង​ត្រូវគោរព​ច្បាប់​ខ្មែរ​។ កម្មករ​គ្រាន់តែ​ងើបឡើង​តវ៉ា ដើម្បី​ប្រើ​សិទ្ធិ​ពួកគេ តែ​បែរជា​កម្មករ ក្លាយជា​ជនរងគ្រោះ​ម្តងទៀត គឺ​ខាង​ថៅកែ​បញ្ឈប់​ការងារ​គ្នា​»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​លោក ស៊ីណា នៅ​ចំពោះមុខ​កម្មករ កម្មការិនី ជាមួយនឹង​សំឡេង​ហ៊ោរ​ពេញចិត្ត​របស់​កម្មករ​ចំពោះ​សម្តី​របស់លោក ប៉ាវ ស៊ីណា​។​

​នៅ​ម៉ោង​ប្រមាណ ១១ ព្រឹក ថ្ងៃទី ៨ ខែមិថុនា ដដែល តំណាង​ក្រសួង​ការងារ លោក វង្ស សុវណ្ណ អគ្គលេខាធិការរង​នៃ​គណៈកម្មការ​ដោះស្រាយ​បញ្ហា​បាតុកម្ម​នៅ​គ្រប់​មុខសញ្ញា នៃ​ក្រសួង​ការងារ បាន​ចេញមក​ទទួល​ញ​ត្តិ​របស់​ក្រុមកម្មករ​។ លោក ប៉ាវ ស៊ីណា ដែលជា​អ្នកយក​ញត្តិ​របស់​កម្មករ​ជូន​លោក វង្ស សុវណ្ណ បាន​នាំ​សម្តី​លោក សុវណ្ណ ប្រាប់​កម្មករ​ថា ក្រសួង​ការងារ នឹង​ចាត់​តំណាង​ចុះទៅ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​ជាមួយ​ភាគី​រោងចក្រ​នៅ​ម៉ោង ៩ ព្រឹក ថ្ងៃទី ៩ ខែមិថុនា​។  បន្ទាប់ពី​បានទទួល​បាន​ព័ត៌មាន​ពី​លោក ប៉ាវ ស៊ីណា ក្រុមកម្មករ ហាក់​ស្ងប់ចិត្ត​បន្តិច ហើយ​ពួកគេ​ក៏​ធ្វើដំណើរ​ត្រឡប់​ទៅកាន់​បន្ទប់​ជួល​នៅ​សង្កាត់​ចោមចៅ រៀងៗ​ខ្លួន​វិញ ដោយ​ក្រុមកម្មករ​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​ជំនួប​រវាង​តំណាង​ក្រសួង ជាមួយ​ភាគី​រោងចក្រ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី ៩ ខែមិថុនា​។​


                ​លោក ប៉ាវ ស៊ីណា ​ប្រធានសហជីពពេលចូលរួមតវ៉ា នៅមុខក្រសួងការងារ 
លទ្ធផល​អវិជ្ជមាន កម្មករ​ភ័យខ្លាច​គ្មាន​លុយ​បង់ថ្លៃ​បន្ទប់​ជួល​តាំងពី​ម៉ោង ៦ កន្លះ​ព្រឹក ថ្ងៃទី ៩ ខែមិថុនា ក្រុមកម្មករ បាន​ប្រមូល​ផ្តុំគ្នា​ពេញមុខ​បរិវេណ​រោងចក្រ ដើម្បី​រង់ចាំ​ដំណឹង​របស់​មន្ត្រី​ក្រសួង​ការងារ ដែល​សន្យាថា នឹង​ចុះ​មកជួប​ភាគី​រោងចក្រ​ពិភាក្សារ​រក​ដំណោះស្រាយ​ជួយ​ដល់​ពួកគេ​នៅ​ម៉ោង ៩ ព្រឹក​។ ស្របពេល​កំពុង​រង់ចាំ​វត្តមាន​មន្ត្រី​ក្រសួង​ការងារ នៅ​ម៉ោង​ប្រមាណ ៨ កន្លះ ដោយសារ​ព្រះអាទិត្យ​ឡើងក​ម្តៅ​ខ្លាំង គ្មាន​ពពក​បាំង ធ្វើ​ឲ្យ​កម្មករ​ក្តៅ ហើយ​ពួកគេ​បា​នប​ញ្ច្រៀ​ត​គ្នា​ចូល​ជ្រក​នៅក្រោម​ឆត្រ​ជួល​នៅខាងមុខ​រោងចក្រ​សៅ​លែ​ន​នោះ​។ ក៏ប៉ុន្តែ​ភាគី​រោងចក្រ បាន​បញ្ជា​ឲ្យ​សន្តិសុខ នាំ​គា្ន​អូស​ឆត្រ​ជាច្រើន​ដើម​ចូលក្នុង​បរិវេណ​រោងចក្រ មិន​ឲ្យ​កម្មករ​ជ្រក​តវ៉ា ហើយ​ព្រមាន​ម្ចាស់​ដាក់​ឆត្រ​ជួល លែង​ឲ្យ​បោះ​ឆត្រ​ជួល​នៅ​មាត់​ផ្លូវ​មុខ​បរិវេណ​រោងចក្រ​ទៀតផង ប្រសិនបើ​នៅតែ​ដាក់​ឆត្រ​ឲ្យ​កម្មករ​ជ្រក​នោះ​។​
​បើទោះបីជា​ភាគី​រោងចក្រ​ធ្វើបែបនេះ​ក្តី ក៏​មិន​ការប៉ះទង្គិច​គ្នា​រវាង​ក្រុមកម្មករ និង​ក្រុម​សន្តិសុខ​ក្រម​ហ៊ុន​នោះដែរ ដោយ​កម្មករ​ខ្លះ នៅតែ​បន្ត​ឈរ​មុខ​រោងចក្រ​ហាល​ក្តៅ និង​ខ្លះទៀត បាននាំគ្នា​ទៅ​ជ្រក​ក្រោម​ឆ័​ត្រ​អ្នកលក់ដូរ​ដែល​នៅសល់ និង​ទទូរ​ក្រមា​ជាដើម​។


                             កម្មការិនីយកគ្រែបាំងកម្តៅ
​នៅ​ម៉ោង​ប្រមាណ ៩​កន្លះ តំណាង​ក្រសួង​ការងារ លោក ផន ម៉ៃ មន្ត្រី​អន្តរាគមន៍​នៃ​អគ្គលេខាធិការដ្ឋាន​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ បាន​អញ្ជើញ​មកដល់​រោងចក្រ​សៅ​លែ​ន​។ លោក ម៉ៃ បាន​ជួប​ជាមួយ​តំណាង​កម្មករ​សួរនាំ​ប្រមាណ ៥​នាទី មុន​លោក​ចូលទៅ​ជួប​ភាគី​ក្រុមហ៊ុន ដើម្បី​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​កាត់លុយ​បំណាច់​ឆ្នាំ និង​បញ្ឈប់​ការងារ​កម្មករ​មួយចំនួន អំឡុងពេល​ពួកគេ​ទៅ​បោះឆ្នោត​។ ក្រុមកម្មករ នៅតែ​ជួបជុំគ្នា​រង់ចាំ​លទ្ធផល​នៃ​ជំនួប​នោះ​។

​ក្រោយពី​ជួប​ជាមួយ​ភាគី​រោងចក្រ​ប្រមាណ ១ ម៉ោង លោក ផន ម៉ៃ បានចេញ​មកវិញ ហើយ​ប្រាប់​កម្មករ​ថា  ភាគី​រោងចក្រ​នៅតែ​រក្សា​ជំហរ​កាត់​ប្រាក់​បំណាច់​ឆ្នាំ និង​បញ្ឈប់​ការងារ​កម្មករ កម្មការិនី​ចំនួន ១១ នាក់​ដដែល​។ លោក បញ្ជាក់​យ៉ាងនេះ​ថា​៖«​ខាង​រោងចក្រ នៅតែ​និយាយថា គេ​មិនមាន​កំហុស​អ្វី​នោះទេ​។ ដូច្នេះ​បើសិន​ខ្ញុំ​នៅតែ​អង្គុយ​ចរចា​ជាមួយ​គេ​ទៀត ក៏​គ្មាន​លទ្ធផល​អ្វី​ដែរ បើ​ភាគី​ម្ខាង នៅតែ​អះអាងថា គ្មាន​កំហុស​នោះ​។ ខ្ញុំ​នឹង​ទៅធ្វើ​លិខិត ហៅ​តំណាង​រោងចក្រ និង​តំណាង​កម្មករ ទៅ​ជួបចរចា​គ្នា នៅ​ក្រសួង​ការងារ​នៅ​ថ្ងៃ​ចន្ទ ទី ១២ ខែមិថុនា តែម្តង​»​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អវិជ្ជមាន​ដូច្នេះ ក្រុមកម្មករ​ស្រងាកចិត្ត​យ៉ាងខ្លាំង និង​រិះគន់​ថៅកែ​រោងចក្រ​ថា កំពុង​តែមាន​ចេតនា​អាក្រក់​ដោយ​ព្យាយាម​ពន្យារពេល ដើម្បី​ឲ្យ​កម្មករ​ស្បើយ​កម្លាំង​តវ៉ា​។ ក្រុមកម្មករ បាន​ស្រែកសួរ​ទៅ​លោក ផន ម៉ៃ ភ្លាមៗ អំពី​ការបើក​ប្រាក់ខែ​របស់​ពួកគេ​។ នៅ​ថ្ងៃទី ១០ ខែមិថុនា ជា​ថ្ងៃ​កំណត់​ដែល​កម្មករ​ត្រូវ​បើក​ប្រាក់ខែ​។ ក្រុមកម្មករ សួរ​លោក ម៉ៃ ថា តើ​ខាង​រោងចក្រ​មាន​ប្រាប់ថា នៅ​ថ្ងៃទី ១០ កម្មករ​អាច​បើក​ប្រាក់ខែ​បានទេ​? មន្ត្រី​តំណាង​ក្រសួង​ការងារ ដែល​បាន​ជួប​ជាមួយ​ភាគី​រោងចក្រ បាន​ប្រាប់​កម្មករ​ថា លោក​មិនបាន​និយាយ​ពី​បញ្ហា​នេះ ជាមួយ​រោងចក្រ​នោះទេ តែ​លោក​ផ្តល់យោបល់​ឲ្យ​កម្មករ​ចូល​បើក​ប្រាក់ខែ​ធម្មតា តែបើ​រោងចក្រ​មិន​បើក​ប្រាក់ខែ​ឲ្យ​ទេ លោក​បើកផ្លូវ​ឲ្យ​កម្មករ​រាយការណ៍​ទៅ​ក្រសួង​ការងារ ដើម្បី​ចរចា​នៅ​ថ្ងៃ​ចន្ទ​ទី ១២ ខែមិថុនា​។


                     លោក ផន ម៉ៃ សួរនាំកម្មករពេលទៅ​ចរចាជាមួយភាគីរោងចក្រ
​បញ្ហា​ប្រាក់ខែ​នេះ ត្រូវ​លោក ហ៊ឹម ជី​វ័​ន្ត តំណាង​កម្មករ​និយាយថា ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រៅពី​កម្មករ​ពិបាកចិត្ត​នឹង​រឿង​រោងចក្រ​កាត់លុយ​បំណាច់​ឆ្នាំ និង​បញ្ឈប់​ការងារ​កម្មករ ១១ នាក់ ក្រុមកម្មករ ក៏​បារម្ភ​ខ្លាច​រោងចក្រ​មិន​បើកប្រាក់​ខែ​ជួន​ពួកគេ​ផងដែរ​។​« ពួកយើង​បារម្ភ ព្រោះ​យើង​ខ្លាច​គ្មាន​លុយ​ឲ្យ​ថ្លៃ​បន្ទប់​ជួល និង​ថ្លៃ​បាយ​គេ​។ យើង​ឮដំណឹង​ចចាមអារ៉ាម​ថា រោងចក្រ​គ្រោង​មិន​បើក​ប្រាក់ខែ​ឲ្យ​អ្នក​តវ៉ា​ទេ​។ តែ​យើង​មិន​សុខចិត្ត​ដាច់ខាត បើ​មិន​បើក​ឲ្យ និង​មិន​ដោះស្រាយ​បញ្ហា​ដែល​យើង​ទាមទារ​ទេនោះ​»​។ លោក ជី​វ័​ន្ត និយាយ​ដូច្នេះ ក៏​ប្រាប់​កម្មករ​ឲ្យ​មក​បើកប្រាក់​ខែ​នៅ​ថ្ងៃទី ១០ និង​រង់ចាំ​លទ្ធផល​នៅ​ថ្ងៃទី ១២ ខែមិថុនា​។

​នៅ​ថ្ងៃទី ៩ ខែមិថុនា ដដែល​នេះ បន្ទាប់ពី​ទាក់ទង​តាម​ទូរ​សព្ទ​មិនបាន សារព័ត៌មាន​ថ្មីៗ បាន​ព្យាយាម​សុំ​សន្តិសុខ​រោងចក្រ ដើម្បី​ចូលទៅ​សម្ភាសន៍​តំណាង​រោងចក្រ​ឲ្យ​ឆ្លើយតប​នឹង​ការលើកឡើង​របស់​កម្ម​ករ តែ​ភាគី​រោងចក្រ​ប្រាប់​តាម​សន្តិសុខ​ការពារ​មកវិញ​ថា រោងចក្រ​មិន​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​សារព័ត៌មាន​ឡើយ​។  

​ឆ្លៀត​ពេលនេះ មុននឹង​បន្ត​តាមដាន​ព្រឹ​ត្ត​ការណ៍​នៅ​ថ្ងៃទី ១០ ខែមិថុនា ដែលជា​ថ្ងៃ​កម្មករ​ត្រូវ​បើក​ប្រាក់ខែ និង​គម្រោង​ចរចា​គ្រប់ភាគី​នៅ​ថ្ងៃទី ១២ ខែមិថុនា សារព័ត៌មាន​ថ្មីៗ បាន​ទាក់ទង​ទៅ​លោក ហង្ស  ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃទី ៩ ខែមិថុនា ដើម្បី​ឲ្យ​លោក​បញ្ចេញយោបល់​ក្នុងនាម​គ​.​ជ​.​ប ជុំវិញ​ការតវ៉ា​របស់​កម្មករ​។ លោក ហង្ស ពុទ្ធា បានត្រឹមតែ​សោកស្តាយ​ដែល​ហេតុការណ៍​បែបនេះ កើតឡើង​ចំពោះ​កម្មករ ដោយសារតែ​រឿង​ទៅ​បោះឆ្នោត​។ តែ​លោ​កថា ករណីនេះ វា​ហួស​ពី​សមត្ថកិច្ច​របស់​គ​.​ជ​.​ប​។ «​ជា​ដំណោះស្រាយ​មានតែ​ក្រសួង​ការងារ កម្មក​និយោជិត និង​និយោជក ជជែក​គ្នា​រក​ដំណោះស្រាយ​ទេ​។ យើង​សោកស្តាយ​ដែលមាន​ករណីបែបនេះ​កើតឡើង​។ បញ្ហា​នេះ វា​ហួស​ពី​សមត្ថកិច្ច​របស់​គ​.​ជ​.​ប​។ ព្រោះ​យើង​ធ្លាប់​អំពាវនាវ​ហើយ ឲ្យ​ម្ចាស់​សហគ្រាស ឬ​ម្ចាស់​ស្ថាប័ន​ផ្សេងៗ ត្រូវ​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​កម្មករ​ន​យោ​ជិត បាន​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី ៤ ខែ មិថុនា​។ យើង​ធ្វើបាន តែប៉ុណ្ណោះ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សមា​ជិ​កគ​.​ជ​.​ប ខាងលើ​។

​លោកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ដែល​បាន​តាមដាន​ការតវ៉ា​របស់​កម្មករ​នៅ​រោងចក្រ​សៅ​លែ​ន​នេះដែរ បាន​គាំទ្រ​ចំពោះ​ការតវ៉ា​នេះ​។ លោកស្រី ចាត់ទុក​ទង្វើ​របស់​ភា​គី​រោងចក្រ​ដែល​កាត់លុយ និង​បញ្ឈប់​ការងារ​កម្មករ ដោយ​គ្រាន់តែ​ពួកគេ​តវ៉ា​ដើម្បី​បាន​ទៅ​បោះឆ្នោត​ដោយ​ស្រួល​នោះ​ថា ជាការ​បំពាន​សិទ្ធិ​កម្មករ​ធ្ងន់ធ្ងរ​។ ជាមួយគ្នានេះ លោកស្រី សោ​ភ័​ណ្ឌ មិន​ទម្លាក់កំហុស​ទៅលើ​ភាគី​រោងចក្រ​តែមួយ​នោះ​ទ​។ ប្រធាន​សហជីព​រូបនេះ ក៏​ទម្លាក់កំហុស​ទៅលើ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផងដែរ​។ លោកស្រី បញ្ជាក់ថា ក្រសួង​ការងារ ហាក់​មិនបាន​ជូនដំណឹង​ឲ្យ​ច្បាស់​ទៅ​រោងចក្រ ដើម្បី​ឲ្យ​កម្មករ បាន​ឈប់សម្រាក​ថ្ងៃ​ណាខ្លះ សម្រាប់​ទៅ​បោះឆ្នោត​ទេ ដោយ​ក្រសួង​គ្រាន់តែ​ប្រាប់​ជារួម​ទៅ​ភាគី​រោងចក្រ​ឲ្យ​សម្រួល​ដល់​កម្មករ​បាន​ទៅ​បោះឆ្នោត​ប៉ុណ្ណោះ​។

លោកស្រី សោ​ភ័​ណ្ឌ រម្លឹកថា ការបោះឆ្នោត​អាណត្តិ​ត​មុនៗ ជាពិសេស​តាំងពី​ឆ្នាំ ១៩៩៨ រហូតដល់​ឆ្នាំ ២០១៣ ដែល​លោកស្រី​បាន​អង្កេត​មក ក្រសួង​ការងារ​តែងតែ​ចេញ​លិខិត​ទៅ​ថៅកែ​រោងចក្រ​ដើម្បី​ឲ្យ​កម្មករ បាន​ឈប់សម្រាក​សម្រាប់​ធ្វើដំណើ​រ និង​ថ្ងៃ​ត្រឡប់​មកពី​បោះឆ្នោត​វិញ​។ « តែ​បោះឆ្នោត​នេះ យើង​ឃើញថា កម្មករ​បាន​ឈប់​នោះ គឺ​ចំ​ថ្ងៃអាទិត្យ ដែលជា​ទូទៅ​ជា​ថ្ងៃ​ឈប់សម្រាក​របស់​កម្មក​រ​ស្រាប់​ទេ​។ ខ្ញុំ​គិតថា ក្រសួង​មិន​បញ្ជាក់​ឲ្យ​ច្បាស់​បែបនេះហើយ ទើប​រោងចក្រ​ខ្លះ​យក​លេស ហើយ​កាត់លុយ​កម្មករ និង​បំពាន​លើ​សិទ្ធិ​របស់​កម្មករ ដូច​ករណី​រោងចក្រ​សៅ​លែ​ន​នេះ​ជាដើម​»​។ នេះ​ជាការ​បន្ថែម​របស់លោក​ស្រី​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ជាមួយនឹង​ការអំពាវនាវ​ឲ្យ​រោងចក្រ​សៅ​លែ​ន បន្ទន់ឥរិយាបថ​ដោះស្រាយ​បញ្ហា​ជាមួយ​កម្មករ និង​ក្រសួង​ការងារ ដើម្បី​ឲ្យ​កម្មករ​ត្រឡប់​ចូលធ្វើការ​វិញ​។

​ការតវ៉ា​របស់​កម្មក​រ បានបញ្ចប់​ដោយ​គ្រប់ភាគី​ព្រមព្រៀងគ្នា​នៅ​ព្រឹក​ថ្ងៃទី ១០ ខែ មិថុនា តំណាង​ក្រសួង​ការងារ បាន​ចុះមក​ជួបចរចា​ជាមួយ​ភាគី​រោងចក្រ និង​កម្មករ នៅ​រោងចក្រ​សៅ​លែ​ន​នេះ​តែម្តង ដោយ​មិន​រង់ចាំ​ជួបគ្នា​នៅ​ថ្ងៃ​ចន្ទ​ទី ១២ ខែមិថុនា ដូច​អ្វីដែល​បាន​គ្រោងទុក​នោះឡើយ​។ ជំនួប​នោះ បានទទួល​លទ្ធផល​ជា​វិជ្ជមាន ដោយ​ភាគី​រោងចក្រ បាន​យល់ព្រម​ឲ្យ​កម្មករ ១១ នាក់ ដែល​រោងចក្រ​បាន​បញ្ឈប់ បាន​ចូលធ្វើ​ការធម្មតា​វិញ និង​រក្សា​ប្រាក់រង្វាន់​ផ្សេងៗ​ជូន​កម្មករ​ដដែល តែ​រោងចក្រ កាត់​ប្រាក់​បំណាច់​ឆ្នាំ​កម្មករ​ចំនួន ៣ ថ្ងៃ​។ ជាងនេះទៅទៀត នៅ​ថ្ងៃទី ១០ មិថុនា  ភាគី​រោងចក្រ​ក៏​យល់ព្រម​បើក​ប្រាក់ខែ​ជូន​កម្មករ​ដែល​តវ៉ា ដែរ​។

​លោក ហ៊ឹម ជី​វ័​ន្ត តំណាង​កម្មករ​ដែល​ត​វ៉ា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុមកម្មករ បាន​ព្រម​ទទួលយក​ចំពោះ​ដំណោះស្រាយ​នោះ ដើម្បី​បញ្ចប់​ការតវ៉ា និង​នាំគ្នា​ចូលធ្វើការ​ដូច​ធម្មតា​វិញ​។ « ក្រុមកម្មករ សុខចិត្ត​ឲ្យ​រោងចក្រ កាត់លុយ​បំណាច់​ឆ្នាំ​បី​ថ្ងៃ​ចុះ យើង​ខ្ជិល​តវ៉ា​ទៀត ឲ្យ​តែ​កម្មករ ១១ នាក់ ដែល​ត្រូវ​ថៅកែ​បញ្ឈប់ ក្រោម​ហេតុផល​ថា ជា​អ្នក​ញុះញង់​ឲ្យ​កម្មករ​ផ្សេងទៀត តវ៉ា ដើម្បី​បន្ថែម​ថ្ងៃ​ឈប់សម្រាក​ទៅ​បោះឆ្នោត បាន​ចូលធ្វើការ​វិញ​។ ពួកយើង​ទាំងអស់គ្នា បាន​ចូលធ្វើការ​វិញ​»​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់លោក ជី​វ័​ន្ត ក្រោយ​ការចរចា​រវាង​ក្រសួង​ការងារ ជាមួយ​ភាគី​រោងចក្រ និង​តំណាង​កម្មករ នៅ​ព្រឹក​ថ្ងៃទី ១០ ខែមិថុនា​។​


                               លោក ហ៊ឹម ជីវ័ន្ត 

នៅ​ថ្ងៃទី ១០ ខែមិថុនា នោះដែរ សារព័ត៌មាន​ថ្មីៗ នៅតែ​ព្យាយាម​ទាក់ទង​ទៅ​ភាគី​រោងចក្រ ៦ ជាន់ ដើម្បី​សុំ​ការបកស្រាយ​ផងដែរ តែ​មិនបាន​សម្រេច​។ រ​ហួត​ដល់​ថ្ងៃទី ១៣ ខែមិថុនា សារព័ត៌មាន​ថ្មីៗ បាន​ទាក់ទង​លោកស្រី ម៉ែន ចន្ទ​សុ​ផា​រី រដ្ឋបាល​នៅក្នុង​រោងចក្រ​នេះ បាន​ជោគជ័យ​។ លោកស្រី ចន្ទ​សុ​ផា​រី បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ ដោយ​ទម្លាក់កំហុស​ទៅលើ​កម្មករ​ដែល​តវ៉ា​កន្លងមក​។ លោកស្រី រម្លឹកថា មុនពេល​បោះឆ្នោត ខាង​រោងចក្រ ធ្វើតាម​ការណែនាំ​របស់​ក្រសួង​ការងារ ដែល​គ្រាន់តែ​ឲ្យ​ភាគី​រោងចក្រ​ជួយ​សម្រួល​ដល់ក​ម្មករ កម្មការិនី បាន​ទៅ​បោះឆ្នោត ដោយ​ក្រសួង​មិនបាន​បញ្ជា​ឲ្យ​មានការ​ឈប់សម្រាក​នោះទេ​។ « យើង​បាន​ធ្វើតាម​ក្រសួង​ការងារ ដោយ​ជួយ​សម្រួល​កម្មករ​ហើយ​។ រោងចក្រ​បាន​ជូនដំណឹង​មួយ​សប្តាហ៍​មុន​ហើយ ទៅ​កម្មករ​ថា បើ​អ្នកណា​នៅ​ខេត្ត​ឆ្ងាយ​ត្រូវ​ធ្វើដំណើរ​ទៅ​បោះឆ្នោត មុន​ថ្ងៃ​បោះឆ្នោត សរសេរ​លិខិត​សុំច្បាប់​ឲ្យ​ត្រឹមត្រូវ​មក តែ​ពួកគាត់​អត់​ធ្វើ​ទេ​។ ដល់ពេល​ថ្ងៃទី ២ ខែមិថុនា ស្រាប់តែ​នាំគ្នា​តវ៉ា​តែម្តង នៅពេល​រោងចក្រ​ប្រាប់ថា អ្នក​ទៅ​បោះឆ្នោត​ថ្ងៃទី ៣ និង​ធ្វើដំណើរ​ត្រឡប់មកវិញ​នៅ​ថ្ងៃទី ៥ មិថុនា ត្រូវ​កាត់លុយ​បំណាច់​ឆ្នាំ ២ ថ្ងៃ​។ ដូច្នេះ​កំហុស​ពួកគាត់​ទេ​»​។

ក្រោម​កិច្ចសម្របសម្រួល​ពី​តំណាង​ក្រសួង​ការងារ ខាង​រោងចក្រ​របស់លោក​ស្រី និង​កម្មករ​តវ៉ា បាន​ឯកភាគ​គ្នា​បញ្ចប់រឿង​ហើយ នៅត្រឹម​ថ្ងៃទី ១០ ខែមិថុនា​។ លោកស្រី ចន្ទ​សុ​ផា​រី បញ្ជាក់​ពី​ចំណុច​សំខាន់ៗ​មួយចំនួន ដែល​ភាគី​រោងចក្រ និង​កម្មករ បាន​ឯកភាពគ្នា​។ លោកស្រី ដែល​បាន​ចូលប្រជុំ​ជាមួយ​តំណាង​ក្រសួង​ការងារ និង​តំណាង​កម្មករ​នោះ បាន​បន្ថែម​ដូច្នេះ​ថា​៖« ទី​១ រោងចក្រ​យល់ព្រម​ឲ្យ​កម្មករ ១១ នាក់​ចូលធ្វើការ​វិញ ទី ២ កម្មករ សន្យា​មិន​គុំកួន​ជាមួយ​រោងចក្រ ទី​៣ កម្មករ​យល់ព្រម​សន្យា​លើក​ក្រោយ​ថា មាន​បញ្ហា​អ្វីមួយ ត្រូវ​ជូនដំណឹង​មក​រោងចក្រ ដើម្បី​ឲ្យ​ដោះស្រាយ​សិន មុននឹង​គ្នា​តវ៉ា និង​ចំ​ណុ​ចំណុច​សំខាន់ៗ​មួយចំនួនទៀត​»​។

​ទាក់ទង​នឹង​ការអះអាង​របស់លោក​ស្រី ម៉ែន ចន្ទ​សុ​ផា​រី ថា ភាគី​រោងចក្រ បាន​ជូនដំណឹង​ទៅ​កម្មករ​មុន​មួយ​សប្តាហ៍ ដើម្បី​ឲ្យ​សុំច្បាប់​នោះ ត្រូវ​លោក ហ៊ឹម ជី​វ័​ន្ត តំណាង​កម្មករ​ដែល​ត​វ៉ា​ច្រានចោល​។ លោក​ថា ការលើកឡើង​ដូច្នេះ​មិនមែនជា​ការពិត​នោះទេ ដោយ​លោក​ឆ្លើយតប​យ៉ាងនេះ​ថា​៖« ខាង​រោងចក្រ​ទើបតែ​ប្រាប់​កម្មករ​ជិត​ដល់​ថ្ងៃ​បោះឆ្នោត​ហើយ ពោលគឺ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ២ ខែមិថុនា​។ កម្មករ​ឮដំណឹង​នេះ​ភ្ញាក់ផ្អើល ព្រោះ​នរណា​សុំច្បាប់​ទាន់ បើ​ថ្ងៃទី ៣ ខែមិថុនា កម្មករ​ត្រូវ​ធ្វើដំណើរ​ទៅ​បោះឆ្នោត​ហើយ​នោះ​។ យ៉ាងណា​បញ្ហា​បាន​ដោះស្រាយ​ចប់​ហើយ តែ​ពួកយើង​ជា​កម្មករ មិន​ចង់ឃើញ​បញ្ហា​បែបនេះ​កើតឡើង​ទៀត នៅពេល​បោះឆ្នោត​លើក​ក្រោយ​»​។

​ចំណែក​កម្មការិនី ស ចិន្តា ក៏មាន​សារ​អំពាវនាវ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​រដ្ឋាភិបាល​ផងដែរ​។ ចិន្តា ស្នើ​ឲ្យ​គា​គី​ពាក់ព័ន្ធ ជាពិសេស​គ​.​ជ​.​ប និង​រដ្ឋាភិបាល ត្រូវធ្វើ​យ៉ាងណា សហការ​ជាមួយ​ភាគី​រោងចក្រ ដើម្បី​ឲ្យ​កម្មករ កម្មការិនី បាន​ទៅ​បោះឆ្នោត​ស្រួល នៅ​លើក​ក្រោយ​។ ចិន្តា អំពាវនាវ​បែបនេះ​ថា​៖« ឆ្នាំក្រោយ ខ្ញុំ​សង្ឃឹមថា រដ្ឋាភិបាល ឬ​គ​.​ជ​.​ប ត្រូវ​ចេញ​បញ្ជា​ឲ្យ​ច្បាស់ ឲ្យ​កម្មករ កម្មការិនី បាន​ទៅ​បោះឆ្នោត​ដោយ​មិនមាន​បញ្ហា ជាពិសេស​កុំ​ឲ្យ​ថៅកែ​កាត់លុយ​យើង​។​ពួកយើង​ប្រាក់ខែ​តិច​ផង បើ​កា​ត់ម្លឹងៗ ពួកយើង​បាន​អ្វី​ហូប​»​។​

​បើតាម​កម្មការិនី​មកពី​ខេត្តព្រៃវែង​រូបនេះ បើទោះបីជា​ការបោះឆ្នោត​លើក​នេះ កម្មករ​ជួប​ឧបសគ្គ​ច្រើន​ក្នុងពេល​បោះឆ្នោត​ក្តី ក៏​ចិន្តា មើលឃើញថា កម្មករ​នៅ​រោងចក្រ ៦ ជាន់​ភាគច្រើន បាន​តស៊ូ​ទៅ​បោះឆ្នោត​ដែរ​។​«​ព្រោះ​យើង​គិតថា ការបោះឆ្នោត ជា​រឿង​ប្រទេសជាតិ​របស់​យើង ដែល​យើង​មាន​សិទ្ធិ​បញ្ចេញ​នូវ​ការគាំទ្រ​របស់​យើង​ចំពោះ​បក្ស​ណាមួយ ដែល​យើង​ស្រឡាញ់​។ យើង​គិតថា ការបោះឆ្នោត​សំខាន់​ណាស់ មួយឆ្នាំ​មានតែ​ម្តង​»​។​

​បន្ថែម​ពី​ការលើកឡើង​របស់​ចិន្តា​ដែរ លោកស្រី យ៉ាង សោ​ភ័​ណ្ឌ ដែល​បាន​តាមដាន​ស្ថានភាព​ទូទៅ​របស់​កម្មករ កម្មការិនី នៅក្នុង​អំឡុងពេល​បោះឆ្នោត​ឃុំ សង្កាត់ អាណត្តិ​ទី ៤ ក៏​សង្កេតឃើញ​ជារួម​ថា ការបោះឆ្នោត​លើក​នេះ កម្មករ​ស្ទើរ​គ្រប់​រោងចក្រ​ជួប​ការលំបាក​ច្រើនជាង​ការបោះឆ្នោត​លើក​មុនៗ​។ តែ​លោកស្រី អះអាងថា បើទោះជា​មាន​បញ្ហា ក៏​កម្មករ​ភាគច្រើន នៅតែ​ជំនះ​ទៅ​បោះឆ្នោត​ដែរ​។ លោកស្រី​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ទាមទារ​ឲ្យ​រដ្ឋាភិបាល ត្រូវ​គិតគូរ​ឡើងវិញ​ចំពោះ​បញ្ហា​របស់​កម្មករ​នៅពេល​ទៅ​បោះឆ្នោត​។​«​បើតាម​របាយការណ៍ កម្មករ​ដែល​ចុះបញ្ជី​នៅ​បេឡា​ជាតិ​របប​សន្តិ​សង្គម មាន​ចំនួន​ជិត ១ លាន​នាក់ ហើយ​បើ​រដ្ឋាភិបាល កាន់តែ​ព្រងើយកន្តើយ មិន​ជួយ​ឲ្យ​កម្មករ បាន​ទៅ​បោះឆ្នោត​បាន​ស្រួល​ទេ បក្ស​ដឹកនាំ​រដ្ឋាភិបាល​នឹង​ខាត​ច្រើនជាង​គណបក្ស​ផ្សេងៗ​»​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត យល់ថា ការតវ៉ា​របស់​កម្មក​រ​នៅ​រោងចក្រ ៦ ជាន់​នេះ ក៏​ជា​សារសំខាន់​មួយ សម្រាប់​ឲ្យ​គ​.​ជ​.​ប ពិចារណា​ដែរ​។​«​ពេលនេះ ខ្ញុំ​មិនទាន់​អាច​និយាយថា យើង​នឹងធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​កម្មករ​បាន​ឈប់សម្រាក​ទៅ​បោះឆ្នោត​លើក​ក្រោយ​គ្មាន​បញ្ហា​កើតឡើង​ទៀត​។ តែ​យ៉ាងណា ការតវ៉ា​របស់​កម្មក​រ​ពេលនេះ វា​ក៏​ជា​សារ​មួយ​សម្រាប់​ឲ្យ​យើង​គិតថា គួរ​ធ្វើ​យ៉ាងដូចម្តេច​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់ក​ម្មក​រ​ពេល​បោះឆ្នោត​លើក​ក្រោយ​»​។

​លោក ថន ម៉ៃ មន្ត្រី​អន្តរាគមន៍​អគ្គលេខាធិការដ្ឋាន​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ ទទួលស្គាល់ថា សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​នេះ ក្រសួង​មិនបាន​ចេញ​លិខិត​ឲ្យ​ភាគី​រោងចក្រ​កំណត់​ថ្ងៃ​ឲ្យ​កម្មករ​ឈប់សម្រាក​ទៅ​បោះឆ្នោត​នោះទេ​។ លោក ម៉ៃ បញ្ជាក់​យ៉ាងនេះ​ថា​៖«​ការ​ទៅ​បោះឆ្នោត​នេះ ក្រសួង​បានចេញ​សេចក្តីប្រកាស​ហើយ ដោយ​ឲ្យ​មានការ​សម្របសម្រួល​ដ​ល់ក​ម្មករ តែ​មិន​ដូច​ការបោះឆ្នោត​លើក​មុនៗ ដែលមាន​បញ្ជា​ឲ្យ​កម្មករ​ឈប់សម្រាក​ចំនួន​ប៉ុន្មាន​ថ្ងៃ ដើម្បី​ធ្វើដំណើរ​ទៅ​បោះឆ្នោត​»​។

លោក ផន ម៉ៃ មិនអាច​និយាយ​ពី​មូលហេតុ​អ្វីដែល​ក្រសួង​មិនបាន​កំណត់​ថ្ងៃ​ឲ្យ​កម្មករ​ឈប់សម្រាក​ទៅ​បោះឆ្នោត​នោះទេ ហើយ​លោក​ក៏​មិន​ហ៊ាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រសួង​នឹងធ្វើ​យ៉ាងណា ដើម្បី​ជួយ​កម្មករ ឬ​កុំ​ឲ្យ​មាន​បញ្ហា​តវ៉ា​កើតឡើង​នៅពេល​បោះឆ្នោត​លើក​ក្រោយៗ​ទៀត​ដែរ​។ «​ចំណុច​នេះ ត្រូវមាន​ការពិភាក្សា និង​សម្រេច​ពី​ថ្នាក់​កំពូល យើង​មិនអាច​ចេះ​និយាយ​ដោយ​គ្មាន​មូលដ្ឋាន​នោះទេ​»​។ លោក​បន្ថែម​ដូច្នេះ ក៏​បង្ហើប​ឲ្យ​ដឹង​ស្រដៀង​នឹង​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែរ​ថា ការតវ៉ា​របស់​កម្មក​រ​លើក​នេះ ក៏​ជា​ករណី​សិក្សា​មួយ​សម្រាប់​ក្រសួង​ការងារ ដើម្បី​ពិភាក្សាគ្នា​ដោះស្រាយ នៅពេល​បោះឆ្នោត​លើក​ក្រោយ​៕










Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  កម្មករ​
  គ​.​ជ​.​ប​
  ក្រសួង​ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com