ជាតិ
គ​.​ជ​.​ប ចារ​បដិសេធ​បណ្តឹង​នានា​របស់ CNRP ដែល​ផុត​កាលកំណត់​ច្បាប់​
16, Jun 2017 , 11:32 am        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បដិសេធ​បណ្តឹង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤ ចុះ​អង្កេត​លើ​១​បណ្តឹង និង​ធ្វើលិខិត​ជូនដំណឹង​១​បណ្តឹង​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប កាលពី​ថ្ងៃទី​១៥ ខែមិថុនា​។​



​ក្នុងចំណោម​បណ្តឹង​សរុប​ទាំង​១៦ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្តឹង​១២​ករណី​ដើម្បី​ឲ្យ​មានការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅ​ការិយាល័យ​មួយចំនួន​ក្នុង​ខេត្តកោះកុង ព្រៃវែង ស្ទឹងត្រែង បាត់ដំបង ប៉ៃលិន និង​ព្រះវិហារ​។ បណ្តឹង​២​ផ្សេងទៀត គឺ​បណ្តឹង​ព្រហ្មទណ្ឌ​នៅ​ខេត្តកណ្តាល​។ ក្រៅពី​ចារ​បដិសេធ​១៤ បណ្តឹង គ​.​ជ​.​ប សម្រេច​ចុះ​អង្កេត​១​បណ្តឹង និង​ធ្វើលិខិត​ជូនដំណឹង​ចំនួន​១​បណ្តឹង​។​

​គ​.​ជ​.​ប បាន​លើក​ហេតុផល​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន យ៉ាង​ដូច្នេះ​ថា​៖«​បណ្តឹង​ទាំងអស់​ខាងលើ ដែល​គ​.​ជ​.​ប សម្រេច​ចារ​បដិសេធ ដោយសារតែ​បណ្តឹង​ទាំងនោះ ផ្លោះ​សិទ្ធិ​នៃ​ការប្តឹង [ ផុត​កាលកំណត់​របស់​ច្បាប់​] »​។

​សូមបញ្ជាក់ថា គ​.​ជ​.​ប បាន​រាប់​សន្លឹកឆ្នោត​ឡើងវិញ នៅតាម​ការិយាល័យ​មួយចំនួន ក្នុង​ខេត្ត​ចំនួន​៣​រួចមកហើយ ដែល​ប្តឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​។ ខេត្ត​ទាំង​៣ ដែល​គ​.​ជ​.​ប បាន​រាប់​សន្លឹកឆ្នោត​ឡើងវិញ រួមមាន ខេត្តស្វាយរៀង [​ក្នុង​ឃុំ​ដួង​] ខេត្តកំពង់ធំ [​ក្នុង​ឃុំ​ក្លែង​] និង ខេត្តបាត់ដំបង [​ក្នុង​ឃុំ​បឹង​ប្រាំ​]៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  បណ្តឹង​
  CNRP
  រាប់​សន្លឹកឆ្នោត​ឡើងវិញ
© រក្សាសិទ្ធិដោយ thmeythmey.com