កីឡាជាតិ
ជាតិ
បឹងកេត​, ទ័ព​សងសឹក​បានសម្រេច ឯ​ភ្នំពេញ​ក្រោ​ន​លត់​ស៊ីម៉ាក់ ១១-០
19, Jun 2017 , 10:33 am         904
រូបភាព
​នា​ការវិល​មកជួប​គ្នា​ក្នុង​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​១៨ មិថុនា ម្សិលមិញ ក្រុម​បឹងកេត និង​ក្រសួងការពារជាតិ​(​ទ័ព​)​សុទ្ធតែ​សងសឹក​បានសម្រេច​លើ​ដៃគូ​ចាស់​។ ចំណែក​ក្រុម​ភ្នំពេញ​ប្រើ​ភាពជា​ម្ចាស់ផ្ទះ​លត់​ក្រុម​ស៊ីម៉ាក់ ១១-០ ដើម្បី​បំបែក​កំណត់ត្រា​កាលពី​ជើង​ទី​១​។


​ក្រុម​បឹងកេត​បាន​យកឈ្នះ​ក្រុមប៉ូលិស​យ៉ាង​តានតឹង​ក្នុង​លទ្ធផល ៣-២ នា​ជំនួប​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ កាល​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ​នេះ មានន័យថា បឹងកេត​សងសឹក​បានសម្រេច​លើ​ក្រុមប៉ូលិស​ដែល​ពួកគេ​បាន​ចាញ់ ២-១ កាលពី​ជើង​ទី​១​។ លើសពីនេះ វា​បាន​ជួយ​ពង្រឹង​ទីតាំង​ដែល​កំពុង​ឈរ​លេខ​រៀង​ទី​៥​របស់​បឹងកេត​ថែម​ទៀតផង​។

​ជាមួយគ្នានេះ ក្រុម​ទ័ព​សងសឹក​ក្រុម​អគ្គិសនី​កម្ពុជា​ដែល​បាន​យកឈ្នះ​លើ​ខ្លួន​កាលពី​ជើង​ទី​១​បានសម្រេច​ផងដែរ បន្ទាប់ពី​ពួកគេ​បាន​ប្រើ​កីឡដ្ឋាន​ខេត្តស្វាយរៀង​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៥-០ សម្រាប់​ការវិល​មក​ជួ​ម​គ្នា​ក្នុង​ជើង​ទី​២​កាលពី​ម្សិលមិញ​។ ជ័យជម្នះ​នេះ បាន​ជួយ​ឲ្យ ទ័ព បន្ត​ឈរ​លេខ​រៀ​ទី​២​ដោយមាន​២៧​ពិន្ទុ​។

​ដោយឡែក ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ទស្សនិកជន​នៅ​កីឡដ្ឋាន RSN បន្ទាប់ពី​ពួកគេ​បាន​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​លត់​ក្រុម​ស៊ីម៉ាក់ ដែល​ពួកគេ​ធ្លាប់​បញ្ចប់​ត្រឹម​ស្មើ​ក្នុង​លទ្ធផល ១១-០​។ ទោះបី​ជ័យជម្នះ​ដ៏​ធំធេង​នេះ មិនអាច​ជួយ​ឲ្យ​ក្រុម​នេះ​ដណ្តើមបាន​កំពូល​តារាង​ក៏ដោយ ប៉ុន្តែ​វា​បាន​ជួយ​ពង្រឹង​លេខ​រៀង​ទី​៤​ដែល​ពួកគេ​កំពុង​ឈរ​។

​សម្រាប់​ការប្រកួត​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ ក្នុង​សប្តាហ៍​ទី​១៣ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​ឈរ​កំពូល​តារាង​ដោយមាន​២៨​ពិន្ទុ ដែល​តាម​ពីក្រោយ​ដោយ​ទ័ព​មាន​២៧​ពិន្ទុ ណាហ្គា​វើ​ល​មាន​២៥​ពិន្ទុ និង​ភ្នំពេញ​ក្រោ​ន​មាន​២៤​។ ចំណែក​បឹងកេត​បន្ត​ឈរ​លេខ​រៀង​ទី​៥​ដោយមាន​២៣​ពិន្ទុ​, ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ឈរ​លេខ​ទី​៦​ដោយមាន​១៩, ប៉ូលិស​ឈរ​លេខ​រៀង​ទី​៧​ដោយមាន​១៦​ពិន្ទុ​, អគ្គិសនី​កម្ពុជា​ឈរ​លេខ​រៀង​ទី​៨​ដោយមាន​១៣​ពិន្ទុ​, វេ​ស្ទើ​ន​ភ្នំពេញ​ឈរ​លេខ​រៀង​ទី​៩​ដោយមាន​១៣​ពិន្ទុ​, អាស៊ី​អឺរ៉ុប​ឈរ​លេខ​រៀង​ទី​១០​ដោយមាន​១៣​ពិន្ទុ​, ស៊ីម៉ាក់​ឈរ​លេខ​រៀង​ទី​១១​ដោយមាន​១១​ពិន្ទុ និង​គីរីវង់​សុខ​សែន​ជ័យ​ឈរ​បាត​តារាង​ដោយមាន​២​ពិន្ទុ​៕   

Tag:
 បឹងកេត​
  ទ័ព​
  ភ្នំពេញ​ក្រោ​ន​
  ស៊ីម៉ាក់​
  ប៉ូលិស​
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ