ជាតិ
គ​.​ជ​.​ប នឹង​ចាត់វិធានការ​លើ​អ្នក​ដែល​ចោទ​ស្ថាប័ន​នេះ​ថា ស្ថិតក្រោម​ការគ្រប់គ្រង​បរទេស​
19, Jun 2017 , 4:54 pm         2040
រូបភាព
ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃ គ.ជ.ប លោក ខន កែវមនោ (រូបឆ្វេង)
ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃ គ.ជ.ប លោក ខន កែវមនោ (រូបឆ្វេង)
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ បើសិនជា​នៅមាន​ការផ្សព្វផ្សាយ​ចោទ​មក​ស្ថាប័ន គ​.​ជ​.​ប ថា ស្ថិតក្រោម​ការគ្រប់គ្រង​របស់​បរទេស​ទៀត​នោះ ។​


​ការព្រមាន​របស់ គ​.​ជ​.​ប នេះ ក្រោយពី​បានចេញ​លិខិត​បើកចំហ​ជា​សាធារណៈ​មួយ ដោយ​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ លើ​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ចំពោះ​ការ​បង្ហោះ​បំផ្លើស​ព័ត៌មាន​ចោទថា​ស្ថាប័ន​ខ្លួន ទាក់ទង​នឹង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៤ កន្លងមកនេះ​។

​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​សាធារណៈ​នៃ គ​.​ជ​.​ប លោក ខន កែវ​មនោ បាន​ឲ្យ​សង្កេតឃើញថា បន្ទាប់ពី​គ​.​ជ​.​ប ចេញ​លិខិត​ចំហ​ហើយ មិនទាន់មាន​ការផ្សព្វផ្សាយ​បង្ខូច​កេរ្តិ៍ឈ្មោះ គ​.​ជ​.​ប ទៀត​ទេ ។ គ​.​ជ​.​ប ក៏​កំពុង​តាមដាន​មើល​ការផ្សព្វផ្សាយ​ទាំងឡាយ​ដែរ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក កែវ​មនោ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើសិន​នៅមាន​ករណីនេះ​ទៀត យើង​នឹង​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ ក្រសួងមហាផ្ទៃ អះអាងថា ក្រសួង​មិនអាច​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលថា គ.ជ.ប ស្ថិតក្រោម​ការគ្រប់គ្រង​របស់​បរទេស​នោះទេ លុះត្រាតែ​គ​.​ជ​.​ប ដាក់ពាក្យ​ប្ដឹង​មក​ក្រសួង​។

​កាលពី​ថ្ងៃទី​១៣ មិថុនា គជប បាន​សរសេរ​លិខិត​ចំហ​មួយ​ថា មាន​ទំព័រ​បណ្តាញ​សង្គម​មួយចំនួន​ដែល​បាន​បង្ហោះ​ព័ត៌មាន​ថា​ស្ថាប័ន​ជំនាញការ​បោះឆ្នោត​មួយ​នេះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​បរទេស ទាក់ទង​នឹង​ការចេញ​ចំនួន​បណ្ដោះអាសន្ន នៃ​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កន្លងមកនេះ​។ គជប ចាត់ទុកថា ព័ត៌មាន​នេះ​មាន​ចរិត​ញុះញង់ បង្កាច់បង្ខូច​ឈ្មោះ​របស់​ស្ថាប័ន​ខ្លួន​។  ហើយ​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់ និង​ទប់ស្កាត់​ជុំវិញ​ការលើកឡើង​នេះ ដើម្បី​ធានា​បរិយាកាស​ល្អ​នៃ​ការបោះឆ្នោត​៕


Tag:
 គ​.​ជ​.​ប​
  ​ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង