ជាតិ
បណ្ឌិតសភា​បេតិកភណ្ឌ​ចិន​ទទួលយក​គម្រោង​ជួសជុល​ប្រាសាទបេង​មាលា​
22, Jun 2017 , 4:10 pm        
រូបភាព
​បណ្ឌិតសភា​បេតិកភណ្ឌ​ចិន នៅ​ថ្ងៃទី​២២ មិថុនា បាន​អនុស្សរណៈ​យោគយល់​ជាមួយ​ស្ថាប័ន អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ សម្រាប់​ការងារ​ជួសជុល​ប្រាសាទ បេង​មាលា​។ ដំបូង ស្ថាប័ន​ចិន​មួយ​នេះ ហាក់​ស្ទាក់ស្ទើរ ក្នុងការ​ចូលរួម​ជួសជុល​ប្រាសាទ បេង​មាលា តាម​ការស្នើសុំ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា ព្រោះ​ប្រាសាទ​នេះ​ស្ថិត​នៅក្រៅ​ឧទ្យាន អង្គរ​។​



​តាម​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា អនុស្សរណៈ​ជាមួយ​បណ្ឌិតសភា​បេតិកភណ្ឌ​ចិន គឺធ្វើឡើង​ក្រោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​កន្លងមក ភាគី​ចិន ហាក់​ស្ទាក់ស្ទើរ​ក្នុងការ​ចូលរួម​ជួសជុល​ប្រាសាទបេង​មាលា ដែល​នៅក្រៅ​ឧទ្យាន​អង្គរ​។ ក្នុងន័យនេះ លោក ឡុង កុសល បញ្ជាក់ថា ទោះ​ដៃគូ អភិវឌ្ឍ​មួយចំនួន មាន​ឆន្ទៈ​ជួសជុល​ប្រាសាទ​ក្តី តែ​សម្រាប់​បណ្តា​ប្រាសាទ​ក្រៅ​ឧទ្យាន ឬ​មិន​ស្ថិតក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក គឺមាន​ការលំបាក​បន្តិច​។ 

​លោក ឡុង កុសល ក៏បាន​លើកឡើង​ពី​បញ្ហា​មួយចំនួន ដូច​ករណី​សង់​សំណង់​ខុសច្បាប់ និង​ចាក់ដី​ក្នុង​រមណីយដ្ឋាន​អង្គរ​ជាដើម ប្រសិន​ណា​រមណីយដ្ឋាន​អង្គរ អាច​ត្រូវ​ដកចេញ​ពី​តំបន់​បេតិកភណ្ឌ​ពិភពលោក នោះ​ដៃគូ​សហប្រតិបត្តិ​ការអភិវឌ្ឍ ក៏ត្រូវ​បាត់បង់​ដូចគ្នា​។



​នៅ​ថ្ងៃ​ដដែល​នោះ ក្រៅពី​ចុះ​អនុស្សរណៈ​ជាមួយ​ភាគី​ចិន​ហើយ​នោះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ចុះ​កិច្ច ព្រមព្រៀង​ជាមួយ មជ្ឈមណ្ឌល​សិល្បៈជាតិ​អ៊ិន​ឌី​រ៉ា​ហ្គិ​ន​ធី (Indira Gandhi National Center for the Arts) ហៅ​កាត់​ថា IGNCA នៃ​ប្រទេស​ឥណ្ឌា​ផងដែរ​។ អនុស្សរណៈ​នេះ ក្នុង​បំណង​ដើម្បី​ប្រមូល​ទិន្នន័យ​ជា​រូបភាព និង​វីដេអូ​នៃ​ប្រាសាទ​ផ្សេងៗ ដើម្បី​រក្សាទុក​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​។ គម្រោង​នេះ ដើម្បី​រក្សាទុក​រូបភាព​នានា ដែលជា​ភស្តុតាង​សំខាន់​សម្រាប់​ជួយ​ដល់​ការងារ​ជួសជុល​ទៅ​ពេលខាងមុខ​។ បច្ចុប្បន្ន ការងារ ជួសជុល​ប្រាសាទ​ជាច្រើន ពឹង​លើ​រូបភាព​ដែល​បន្សល់ទុក​ក្នុងសម័យ​បារាំង​។​

​គួររម្លឹកថា អនុស្សរណៈ​ទាំងពីរ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ មិថុនា គឺជា​ថ្ងៃទី​ពីរ​នៃ​កិច្ចប្រជុំ​បច្ចេកទេស នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​រៀបចំ​ធ្វើ​នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​៕


Tag:
 អាជ្ញាធរ​ជាតិ​អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com