ជាតិ
អង្គការ​ភ្លែ​ន​អន្តរជាតិ គ្រោង​ពង្រីក​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ឲ្យ​បាន​ទូទាំង​កម្ពុជា ដើម្បី​ជួយ​យុវជន​ងាយ​រងគ្រោះ
24, Jun 2017 , 10:04 am        
រូបភាព
ដោយ:
​សៀមរាប​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា គ្រោង​ពង្រីក​ពង្រីក​កម្មវិធី​ប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដល់​យុវជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា ឲ្យ​បាន​ទូទាំងប្រទេស​កម្ពុជា ដើម្បី​គាំទ្រ និង​ផ្តល់​ជំនាញ​ដល់​យុវជន​ដែល​បោះបង់​ការសិក្សា ជនពិការ និង​យុវជន​ដែល​ងាយ​រងគ្រោះ​ជាច្រើន​ទៀត​។ ចាប់តាំងពី​ឆ្នាំ​២០១៣​មក យុវជន​ដែល​បាន​បោះបង់​ការសិក្សា​ចំនួន​២,២០០​នាក់ បានទទួល​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ពី​អង្គការ​ភ្លែ​ន​អន្តរជាតិ​។ ក្នុងចំណោម​នេះ មាន​ប្រមាណ​៧០​ភាគរយ មានការ​ងារ និង​ប្រាក់ចំណូល​សមរម្យ​។

 


​គម្រោង​បណ្តុះបណ្តាល​យុវជន​ងាយ​រងគ្រោះ​ដល់​យុវជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៣  ដោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​៤ គឺ​ខេត្តសៀមរាប  កំពង់ចាម ត្បូងឃ្មុំ និង​ខេត្តរតនគិរី​។  រហូតមកដល់​ពេលនេះ មាន​យុវជន​ដែល​បោះបង់​ការសិក្សា​ចំនួន​២,២០០​នាក់ បានទទួល​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ពី​កម្មវិធី​មួយ​នេះ លើ​ជំនាញ​ចុងភៅ អគ្គិសនី ជុស​ជុល​ទូរ​សព្ទ​ដៃ  ជុស​ជុល​កង់ ម៉ូតូ គោយន្ត កាត់ដេរ​សំលៀកបំពាក់ តុបតែង​មុខ និង​អ៊ុតសក់​ជាដើម​។ 

​លោក យី គឹម​ថា​ន ប្រធាន​គ្រប់គ្រង​កម្មវិធី​ថ្នាក់ជាតិ​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ បាន​ថ្លែង​នៅក្នុង​កម្មវិធី​បញ្ច​ប់គ​ម្រោ​ង​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដល់​យុវជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា ថ្ងៃទី​២៣ ខែមិថុនា​ថា ជំនាញ​វិជ្ជាជីវៈ​គឺជា​ផលប្រយោជន៍​រយៈពេល​វែង ដែល​ជួយ​ឲ្យ​យុវជន​ដែល​បោះបង់ចោល​ការសិក្សា មានការ​ងារ​ល្អ មាន​ចំណូល​សមរម្យ ជាមួយនឹង​បរិយាកាស​ការងារ​ល្អ​ទៀតផង​។ ផ្ទុយទៅវិញ បើ​ពួកគេ គ្មាន​ជំនាញ​វិជ្ជាជីវៈ​ទេ ពួកគេ​នឹង​ធ្វើជា​កម្មករ​គេ ដែល​ទទួលបាន​កម្រៃ​ទាប​។ នេះ​ជាការ​បញ្ជាក់​របស់ លោក យី គឹម​ថា​ន​ដដែល​។

​ប្រធាន​គ្រប់គ្រង​កម្មវិធី​រូបនេះ បន្ត​លើកឡើង​ពី​ភាពជោគជ័យ​របស់​គម្រោង​នេះ ដែលមាន​យុវជន​ប្រមាណ​៧០​ភាគរយ មានការ​ងារ​ធ្វើ​ក្រោយ​ចប់​វគ្គ​បណ្តុះបណ្តាល​។ ក្នុងនោះ​ខេត្តសៀមរាប មាន​ភាគរយ​ខ្ពស់​ជាងគេ​។ ផ្អែកលើ​ភាពជោគជ័យ​នេះ លោក យី គឹម​ថា​ន បាន​អះអាងថា អង្គការ​ភ្លែ​ន​អន្តរជាតិ នឹង​ពង្រីក​គម្រោង​នេះ ឲ្យ​បាន​ទូទាំង​កម្ពុជា ដើម្បី​គាំទ្រ និង​ផ្តល់​ជំនាញ​ជូន​យុវជន​ដែល​បោះបង់​ការសិក្សា​។

​នៅក្នុង​ពិធី​បញ្ចប់​គម្រោង​នេះ យុវតី ឃួន រដ្ឋា បាន​ឡើង​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់ជំនួយ ដែល​បាន​ជួយ​បណ្តុះបណ្តាល​រូបនាង​អស់​រយៈពេល​៤​ខែ ឲ្យ​មាន​ជំនាញ​អគ្គិសនី រហូត​ទទួលបាន​ការងារ​ធ្វើ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប​។ ក្នុង​វ័យ​១៨​ឆ្នាំ រដ្ឋា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អគ្គិសនី ភាគច្រើន​មានតែ​បុរស​ទេ ដែល​រៀន ព្រោះ​គេ​គិតថា​នារី​មិនអាច​ធ្វើ​បានទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ពេញចិត្ត នឹង​ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​»​។ 



​ក្រៅពី​ទទួលបាន​ការងារ​នៅ​ខេត្តសៀមរាប រដ្ឋា​ដែល​រៀន​ចប់​ថ្នាក់​ទី​១២​នៅ​ខេត្តសៀមរាប​បានដាក់​គោលដៅ​របស់ខ្លួន ដោយ​ប៉ង​ចាប់យក​បរិញ្ញាបត្រ​ផ្នែក​អគ្គិសនី​នេះដែរ នៅ​ថ្ងៃ​អនាគត​។

​ដូចគ្នា​ដែរ កញ្ញា ខឹ​ក សៀ​ប ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​ចុងភៅ​រយៈពេល​៤​ខែ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដំបូង​ឡើយ​នាង​មិនមាន​ក្តី​សង្ឃឹមថា ខ្លួន​អាចឈាន​ជើង​ចូលធ្វើការ នៅក្នុង​សណ្ឋាគារ​ក្នុង​ខេត្តសៀមរាប​ឡើយ​។ ប៉ុន្តែ​ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​ចុងភៅ យុវតី​វ័យ​២២​ឆ្នាំ និង​ឈប់រៀន​ថ្នាក់​ត្រឹម​ថ្នាក់​ទី​៩​រូបនេះ ទទួលបាន​ការងារ​ល្អ និង​ប្រាក់ខែ​ខ្លះ ដើម្បី​ផ្ញើជូន​ឪពុកម្តាយ​។



​កញ្ញា ខឹ​ប សៀ​ប និយាយថា​៖«​ក្រោយ​រៀន​រួច ខ្ញុំ​យល់ច្បាស់​ពី​មូលដ្ឋាន​នៃ​ចុងភៅ ហើយ​ពេលចេញ​ធ្វើ​ការងារ​បច្ចុប្បន្ន ខ្ញុំ​បាន​រៀនសូត្រ​នូវ​មុខម្ហូប​ជាច្រើន​ទៀត​នៅ​សណ្ឋាគារ​។ ខ្ញុំ​សង្ឃឹមថា នៅ​ថ្ងៃ​អនាគត ខ្ញុំ​នឹង​បើក​ភោជនីយដ្ឋាន​មួយ​នៅ​ខេត្តសៀមរាប​»​។     

​លោក គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប បាន​ថ្លែង​សាទរ​ចំពោះ​គម្រោង​នេះ និង​បន្ត​បញ្ជាក់ថា ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ កំពុង​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ​នៅ​កម្ពុជា​។  លោក​បន្តថា ការបណ្តុះបណ្តាល​ពី​គ្រូ​ដែល​មក​ស្ថាប័នរដ្ឋ​ផង និង​សង្គម​ស៊ីវិល​ផង បានធ្វើ​ឲ្យ​ពួកគេ​មាន​ជំនាញ​ចម្រុះ​ពិតប្រាកដ ដើម្បី​ធ្វើ​ការងារ​ដែលជា​ប្រយោជន៍​សម្រាប់​ពួកគេ​ផ្ទាល់ គ្រួសារ និង​សង្គមជាតិ​៕




Tag:
 ​យុវជន​
 ​ ការងារ​
 ​ អង្គការ​ភ្លែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com