ជាតិ
គ​.​ជ​.​ប ថា​ជោគជ័យ​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ ជា​ជោគជ័យ​របស់​ពលរដ្ឋ​ខ្មែរ​
25, Jun 2017 , 10:15 am        
រូបភាព
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងការណ៍​ជាថ្មី​វាយតម្លៃ​អំពី​ជោគជ័យ​នៃ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ទន្ទឹមនឹង​ការផ្សព្វផ្សាយ​អំពី​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ទី​២៥​ខែមិថុនា​នេះ​។​



​ការប្រកាស​អំពី​ជោគជ័យ​នៃ​ការរៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​លិខិត​ថ្លែងអំណរគុណ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិ​ក ប៊ុន​ហុក​។ ប្រធាន គ​.​ជ​.​ប បាន​អរគុណ​ភាគី​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដោយ​លោក​បញ្ជាក់ថា ភាគី​ទាំងអស់​បាន​សាទរ និង​បានប្រកាស​ទទួលយក​ការរៀបចំ​ការបោះឆ្នោត​នេះ​។​

«​នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេង​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស​»​។ នេះ​ជាការ​អះអាង​របស់លោក ស៊ិ​ក ប៊ុន​ហុក​។​

​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ក្របខណ្ឌ​នៃ​ការចរចា​ផ្នែក​នយោបាយ​រវាង​គណបក្ស​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។ សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន គឺជា​អ្នកផ្តល់​ធំជាងគេ​ទាំង​ផ្នែក​បច្ចេកទេស និង ថវិកា ដើម្បី​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​។​

​ទន្ទឹមគ្នា​នេះដែរ ប្រធាន​គ​.​ជ​.​ប ក៏បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​នឹង​គ្រប់​អាយុ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​ខាងមុខ ត្រៀមខ្លួន​ចុះឈ្មោះ​បោះឆ្នោត ដែល​ត្រូវ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​៕


Tag:
 គ​.​ជ​.​ប​
  បោះឆ្នោត​ឃុំ​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com